CMAC កំពុងស្រាវជ្រាវ និងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ ដោយសារការទម្លាក់គ្រាប់បែកទម្លាក់ពីយន្តហោះ នៅទិសឧត្តរមានជ័យមានចំនួន១ ៥៤៩គ្រាប់
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានបញ្ជាក់ឱ្យដឹងថា អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញា និងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ របស់ថៃ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ។
លោក ហេង រតនា បានឱ្យដឹងថា នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឆ្នាំ២០២៥នេះ នៅចំនុចគ្រាប់បែកទម្លាក់ពីយន្តហោះប្រភេទ MK-84 ស្ថិតនៅភូមិថ្មដូន ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានមន្ត្រីអនុពន្ធ័យោធាចំនួន ១៤រូប ជាតំណាងមកពីប្រទេសចំនួន៩ រួមមានអូស្ត្រាលី កាណាដា អង់គ្លេស ចិន ជប៉ុន កូរ៉េខាងត្បូង បារាំង ឡាវ និងវៀតណាម បានចុះពិនិត្យទីតាំងនិងគ្រាប់បែក MK-84 នោះជាក់ស្តែង។
បើតាមការបញ្ជាក់របស់លោក ហេង រតនា, គ្រាប់បែក MK-84 នេះ មានទម្ងន់ជិតមួយតោន មានបណ្តោយប្រមាណ៣.៥ម៉ែត្រ ទំហំអង្កត់ផ្ចិតជិតកន្លះម៉ែត្រ ផលិតនៅឆ្នាំ១៩៩៦។ នៅចំនុចទីតាំងតែមួយនេះ ពួកសៀមបានទម្លាក់គ្រាប់បែកចំនួន១០គ្រាប់ ហើយផ្ទុះចំនួន៤គ្រាប់ រីឯ ៦គ្រាប់មិនផ្ទុះដោយរួមទាំងគ្រាប់បែក MK-84 ដែលបានឃើញនេះផងដែរ។
លោកបញ្ជាក់ទៀតថា បើផ្អែកតាមព័ត៌មានកំណត់ត្រាសឹកសង្គ្រាម នៅទិសខេត្តឧត្តរមានជ័យនេះ មានគ្រាប់បែកទម្លាក់ពីយន្តហោះនៅទិសឧត្តរមានជ័យនេះមានចំនួន ១ ៥៤៩គ្រាប់។ អង្គភាព CMAC កំពុងដំណើរការស្រាវជ្រាវ ដាក់ស្លាកសញ្ញា និងបោសម្អាតទីតាំងដែលរងផលប៉ះពាល់ដោយសារការទម្លាក់គ្រាប់បែក និងគ្រាប់កាំភ្លើងធំគ្រប់ប្រភេទ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕



Daily Program
