អាវុធអ៊ីនធឺណិតសម្ងាត់បាញ់ឆ្ពោះមកកាន់អឺរ៉ុប ៖ បារាំងចោទប្រកាន់កងឆ្មាំ បដិវត្តន៍អ៊ីរ៉ង់ចំៗជុំវិញការវាយប្រហារលើប្រព័ន្ធទូទឹកកកផ្សារទំនើប

ជិត ៧០០កន្លែង ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតក្នុងទ្រង់ទ្រាយធំមិនធ្លាប់មានបាន វាយ លើបណ្តាញផ្សារទំនើបក្នុងប្រទេសបារាំង ដោយបង្កឱ្យមានអគ្គិភ័យ និងការខូចខាតទ្រព្យ សម្បត្តិយ៉ាងធ្ងន់ធ្ងរ។ អាជ្ញាធរបារាំងបានចេញមុខចោទប្រកាន់ជាផ្លូវការលើអង្គភាពសង្គ្រាម អ៊ីនធឺណិត នៃកងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ ព្រមទាំងប្រកាសរៀបចំវិធានការដាក់ទណ្ឌកម្ម យ៉ាង​ម៉ឺងម៉ាត់នៅកម្រិតសហភាពអឺរ៉ុប ដើម្បីឆ្លើយតបទៅនឹងទង្វើឈ្លានពានដ៏គ្រោះថ្នាក់​នេះ។

សង្គ្រាមស្រមោលលើប្រព័ន្ធត្រជាក់ និងការខូចខាតទ្រង់ទ្រាយធំ

ហេតុការណ៍វាយប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាអ៊ីនធឺណិតដ៏អាក្រក់នេះ បានកើតឡើងកាលពី​ថ្ងៃ​ទី១១ និងទី១២ ខែតុលា កន្លងទៅ ដោយបានតម្រង់ទិសដៅផ្ទាល់ទៅលើមជ្ឈមណ្ឌល ចែកចាយ​ទំនិញ និងផ្សារទំនើបជិត ៧០០កន្លែង នៅទូទាំងប្រទេសបារាំង។ ក្រុមហេកឃើ អ៊ីនធឺណិត បានប្រើប្រាស់វិធីសាស្ត្រលួចចូលគ្រប់គ្រងឧបករណ៍ពីចម្ងាយ (Remote Control) តាម​រយៈប្រព័ន្ធបណ្តាញអ៊ីនធឺណិត ដោយបញ្ជាឱ្យទូទឹកកកផ្សារទំនើបចាប់ផ្តើម «នៃការ​រលាយ​​ទឹកកកខុសប្រក្រតី» ដោយគ្មានកំណត់។ អ្វីដែលគួរឱ្យភ័យខ្លាចបន្ថែមទៀតនោះ ក្រុម​ហេកឃ័រ​បានលួចបិទប្រព័ន្ធជូនដំណឹងសុវត្ថិភាព​របស់ឧបករណ៍ចាប់សញ្ញា (Sensors) មិនឱ្យ​រាយការណ៍​នៅពេលសីតុណ្ហភាពកើនឡើងហួសកម្រិត។ ការកើនឡើងកម្តៅខ្លាំង​ដោយ​គ្មាន​ការ​ទប់ស្កាត់នេះ បានបណ្តាលឱ្យអាហារ សម្ភារៈ ឬឧបករណ៍បច្ចេកវិទ្យានៅតាមផ្សារទំនើប​ជាច្រើន​ជួប​ប្រទះ​ការ​ខូចខាតយ៉ាងធ្ងន់ធ្ងរ និងថែមទាំងបានបង្កជាអគ្គិភ័យនៅកន្លែង​ខ្លះ​​ទៀត​ផង។

បារាំងបើកការស៊ើបអង្កេតតុលាការ និងចេញដីកាចាប់ខ្លួនអន្តរជាតិ

ប្រមុខការទូតបារាំង លោកហ្ស៉ង់ ណូអែល បារ៉ូត (Jean-Noël Barrot) បានថ្លែងនៅក្នុង​សន្និសីទ​​​សារព័ត៌មាននាឱកាសកិច្ចប្រជុំក្រុមប្រទេសជី៧ (G7) ថា តាមរយៈការស្រាវជ្រាវ​យ៉ាង​​ស៊ី​​ជម្រៅ​របស់​ស្ថាប័នជំនាញរដ្ឋ ប្រទេសបារាំងអាចបញ្ជាក់បានយ៉ាងច្បាស់ថា កងឆ្មាំ​បដិវត្តន៍​​នៃ​សាធារណរ​ដ្ឋឥស្លាមអ៊ីរ៉ង់ គឺជាអ្នកទទួលខុសត្រូវផ្ទាល់ចំពោះការវាយប្រហារក្នុង​ទ្រង់​ទ្រាយ​​មិន​​​ធ្លាប់មាននេះ។ លោកបានបញ្ជាក់បន្ថែមថា នេះជាអំពើឈ្លានពានដ៏ធ្ងន់ធ្ងរ​បំផុត ហើយ​ក្រសួង​ការបរទេសបារាំងបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំទីក្រុងប៉ារីស​ដើម្បី​​​ធ្វើការតវ៉ា​យ៉ាង​ខ្លាំងក្លា​ជាផ្លូវការរួចរាល់ហើយ។

ទន្ទឹមនឹងនេះ លោកស្រីឡូរ៉េ បេកគូអូ (Laure Beccuau) អគ្គអយ្យការនៃ​សាធារណរដ្ឋបារាំង​ប្រចាំ​ទីក្រុងប៉ារីស បានប្រកាសអំពីការបើកស៊ើបអង្កេតលើសំណុំរឿងតាមផ្លូវ​តុលាការជាផ្លូវ​ការ។ កម្លាំង​ជំនាញបានកំណត់គោលដៅចោទប្រកាន់លើ «មេបញ្ជាការក្រុមកងកម្លាំងអ៊ីរ៉ង់ លោក​ ស្ហ៉ាហ៊ីដ កាវ៉េ (Shahid Kaveh)» ដែលដឹកនាំអង្គភាពប្រតិបត្តិការសង្គ្រាមអ៊ីនធឺណិត នៃកងឆ្មាំបដិវត្តន៍ឥស្លាម (CGRI-CEC) ព្រមទាំងអនុ​ប្រធានពីរ​រូបទៀតរបស់គាត់។

អាជ្ញាធរតុលាការបារាំងក៏បានដាក់សំណើទាមទារឱ្យចេញដីកាចាប់ខ្លួនជាអន្តរជាតិប្រឆាំងនឹង​ក្រុមជនសង្ស័យទាំងនេះផងដែរ។

អឺរ៉ុបរៀបចំកម្លាំងឆ្លើយតប និងដាក់ទណ្ឌកម្មរួមគ្នា

បញ្ហាវាយប្រហារតាមអ៊ីនធឺណិតនេះ មិនមែនកើតឡើងតែលើប្រទេសបារាំងមួយនោះទេ ប៉ុន្តែ​​បណ្តាប្រទេសផ្សេងទៀតនៅក្នុងទ្វីបអឺរ៉ុប ក៏បានជួបប្រទះនូវហេតុការណ៍​ប្រហាក់​ប្រហែល​​គ្នានេះដែរ ដែលវាបង្ហាញពីការគំរាមកំហែងជាប្រព័ន្ធមកលើហេដ្ឋារចនាសម្ព័ន្ធ​អឺរ៉ុប។

ឆ្លើយតបនឹងសភាពការណ៍ក្តៅគគុកនេះ អ្នកស្រីកាចា កាល់ឡាស (Kaja Kallas) ប្រមុខ​ការ​ទូត​សហភាពអឺរ៉ុប បានអះអាងថា ក្រុមប្រឹក្សាកិច្ចការបរទេសអឺរ៉ុប នឹងលើកយក​បញ្ហា​នេះ​មក​ពិភាក្សាយ៉ាងម៉ឺងម៉ាត់នៅក្នុងកិច្ចប្រជុំនាថ្ងៃចន្ទខាងមុខ។ អ្នកស្រីបានសង្កត់ធ្ងន់ថា​នៅ​ពេល​​ដែលអត្តសញ្ញាណរបស់អ្នកប្រព្រឹត្តបទល្មើសត្រូវបានលាតត្រដាងយ៉ាងច្បាស់លាស់​បែបនេះ សហភាពអឺរ៉ុបចាំបាច់ត្រូវតែមានវិធានការឆ្លើយតបវិញយ៉ាងរ៉ឹងម៉ាំបំផុត ដោយរាប់​បញ្ចូល​ទាំង​ការរៀបចំកញ្ចប់ទណ្ឌកម្មកម្រិតទ្វីប ប្រឆាំងនឹងបុគ្គល និងអង្គភាពទាំងឡាយ​ណាដែល​ពាក់ព័ន្ធ​នឹងអំពើឈ្លានពានតាមបណ្តាញអ៊ីនធឺណិតនេះ។

 

Daily Program

Livesteam thumbnail
khmer popup image