សម្តេចប៉ាបជំរុញប្រជាជនអាហ្សង់ទីនចែករំលែកសាររបស់ព្រះគ្រីស្តដោយក្តីរីករាយ

វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាប ឡេអូ ទី១៤ បានជំរុញប្រជាជនអាហ្សង់ទីនឱ្យទទួលយកការអំពាវនាវរបស់ព្រះគ្រីស្តក្នុងការប្រកាសដំណឹងល្អដោយក្តីរីករាយ នៅក្នុងអំឡុងពេលទ្រង់យាងបំពេញទស្សនកិច្ចនៅក្នុងប្រទេសនេះ ពីថ្ងៃទី៨ ដល់ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។ ការមានបន្ទូលបែបនេះធ្វើឡើងក្នុងពេលដែលទ្រង់ថ្លែងអំណរគុណដល់ហ្វូងមនុស្សដែលបានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានទូតវ៉ាទីកង់ក្នុងទីក្រុងប៊ូអេណូសអៃរេស (Buenos Aires)។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា៖ «សូមឱ្យព្រះពររបស់ព្រះអម្ចាស់បានទៅដល់ដួងចិត្តរបស់អស់លោកអ្នកម្នាក់ៗ និងមនុស្សជាទីស្រឡាញ់របស់អស់លោកអ្នក ហើយសូមឱ្យយើងរស់នៅដោយក្តីរីករាយអស់កល្បជានិច្ច ដោយដឹងថាព្រះគ្រីស្តបានកំពុងតែត្រាស់ហៅយើងទាំងអស់គ្នា»។

សម្តេចប៉ាបឡេអូបានមានបន្ទូលបន្ថែមថា មនុស្សគ្រប់គ្នាត្រូវបានស្វាគមន៍ ហើយមនុស្សគ្រប់គ្នាក៏ត្រូវបានចាត់ឱ្យចេញទៅប្រកាសដំណឹងល្អដោយក្តីរីករាយផងដែរ។ ក្នុងអំឡុងពេលរៀបចំថ្វាយអភិបូជា សម្តេចប៉ាបឡេអូបានអំពាវនាវដល់ក្រុមគ្រួសារគ្រិស្តបរិស័ទឱ្យស្វាគមន៍ព្រះគ្រីស្តតាមរយៈការអធិស្ឋាន ការអត់ឱន និងការស្តាប់គ្នាទៅវិញទៅមក ដោយសង្កត់ធ្ងន់លើតួនាទីរបស់ពួកគេនៅក្នុងបេសកកម្មប្រកាសដំណឹងល្អរបស់ព្រះសហគមន៍។

ក្រោយមក ទ្រង់បានចំណាយពេលជាងមួយម៉ោងជួបជាឯកជនជាមួយអ្នករស់រានមានជីវិតពីការរំលោភបំពានដោយបព្វជិត និងស្ថាប័នបព្វជិតចំនួន ៥នាក់ ដោយស្តាប់បទពិសោធន៍ផ្ទាល់ខ្លួនរបស់ពួកគេ។

ថ្លែងទៅកាន់ចលនាសង្គម និងកម្មករនៅសាកលវិទ្យាល័យកាតូលិកអាហ្សង់ទីនក្នុងទីក្រុងនោះ សម្តេចប៉ាបឡេអូបានសង្កត់ធ្ងន់ថា សេចក្តីថ្លៃថ្នូររបស់មនុស្សត្រូវតែមានអាទិភាពលើប្រាក់ចំណេញ។ ទ្រង់ក៏បានព្រមានផងដែរថា បញ្ញាសិប្បនិម្មិត និងស្វ័យប្រវត្តិកម្មដែលមិនមានការគ្រប់គ្រងអាចគំរាមកំហែងដល់ការងារ។

នៅក្នុងកិច្ចប្រជុំជាមួយមេដឹកនាំសាសនាគ្រឹស្ត និងសាសនាដទៃទៀត ទ្រង់បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែច្រើនក្នុងការការពារជីវិតមនុស្ស ការលើកកម្ពស់សេរីភាព និងការកសាងសន្តិភាព។

នាឱកាសនោះ សម្តេចប៉ាបឡេអូក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំព្រះសហគមន៍ឱ្យរក្សាព្រះគ្រីស្តជាចំណុចស្នូលនៃសកម្មភាពគង្វាល និងពង្រឹងគំនិតផ្តួចផ្តើមនានាដែលបម្រើដល់ផលប្រយោជន៍រួម។ តាមរយៈសកម្មភាពនានារបស់ទ្រង់ សម្តេចប៉ាបបានសង្កត់ធ្ងន់លើការទទួលខុសត្រូវរបស់ព្រះសហគមន៍ក្នុងការប្រកាសដំណឹងល្អ ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមសង្គមនានាក្នុងសម័យបច្ចុប្បន្ន ជាពិសេសគឺការការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស ការលើកកម្ពស់សាមគ្គីភាព និងការយកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះ។

Daily Program

Livesteam thumbnail
khmer popup image