ជីវិតមួយដែលបានលះបង់៖ កម្ពុជារំលឹកខួបនៃការលះបង់ជីវិតរបស់បងប្រុស រីឈី ហ្វ័រណាន់ដូ
ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្រោមពន្លឺតិចតួចដែលចាំងចូលមកក្នុងព្រះវិហារព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខនាក្រុងបាត់ដំបង ក្រុមបព្វជិត បព្វជិត សាស្ត្រាចារ្យ ក្រុមគ្រួសារសាច់ញាតិមកពីប្រទេសហ្វីលីពីន និងគ្រីស្តបរិស័ទរាប់រយនាក់ បានជួបជុំគ្នាដើម្បីនឹករំលឹក និងគោរពដល់យុវជនម្នាក់ ដែលបានសម្រេចចិត្តប្តូរជីវិតក្នុងមួយពព្រិចភ្នែកកាលពីបីទសវត្សរ៍មុន នៅតែបន្តជះឥទ្ធិពល និងឆ្លាក់ជាប់ក្នុងដួងចិត្តរបស់ព្រះសហគមន៍កាតូលិកនៅកម្ពុជា។
ពិធីអភិបូជារំលឹកវិញ្ញាណក្ខន្ធនេះ បានប្រារព្ធក្រោមអធិបតី របស់លោក អេនរីគេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកកម្ពុជាភូមិភាគបាត់ដំបង ដើម្បីរំលឹកដល់ការលះបង់របស់បងប្រុស រីឈី ហ្វ័រណាន់ដូ ដែលជានិស្សិតទេវវិទ្យាល័យក្នុងក្រុមបព្វជិត សហជីវិនព្រះយេស៊ូ (Jesuit) ជាតិហ្វីលីពីន ដែលបានពលីជីវិតនៅលើទឹកដីកម្ពុជា ក្នុងខែតុលា ឆ្នាំ១៩៩៦ ក្នុងជន្មាយុ ២៦ ឆ្នាំ។
បងប្រុស រីឈី បានមកបំពេញបេសកកម្មនៅកម្ពុជា ដោយបម្រើការងារនៅមជ្ឈមណ្ឌលបន្ទាយព្រាប ដែលជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនមានពិការភាពក្នុងខេត្តកណ្តាល ដោយភាគច្រើន ពួកគេគឺជាជនរងគ្រោះដោយសារគ្រាប់មីន។ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៩៦ សិស្សម្នាក់បានកាន់គ្រាប់បែកដៃដែលបានដកគន្លឹះចូលទៅក្នុងថ្នាក់រៀនដ៏ចង្អៀតណែន។ ដោយមើលឃើញពីគ្រោះថ្នាក់ដែលហៀបនឹងកើតឡើង និស្សិតទេវវិទ្យាល័យជេស្វីត រូបនេះមិនបានរត់គេចឡើយ ប៉ុន្តែបែរជាស្ទុះឆ្ពោះទៅរកគ្រោះថ្នាក់នោះ ហើយបានយកខ្លួនរបស់លោកទៅឱបខ្ទប់គ្រាប់ដែលហៀបនឹងផ្ទុះនោះ ដើម្បីជាខែលការពារដល់សិស្សដទៃទៀត។ លោកបានទទួលមរណភាពបន្ទាប់ពីព្រឹត្តិការណ៍នោះ ប៉ុន្តែសកម្មភាពដ៏ក្លាហានរបស់លោកបានសង្គ្រោះជីវិតមនុស្សគ្រប់រូបនៅក្នុងបន្ទប់រៀន។
នៅក្នុងធម្មទេសនា លោកឪពុក ទទិត្យ ដែលជាមិត្តជិតស្និទ្ធ និងជាសមាជិកក្រុមបព្វជិតសហជីវិនព្រះយេស៊ូ បានចែករំលែកនូវការរិះគិតពិចារណាដែលផ្ដោតលើខ្លឹមសាររបស់ព្រះគម្ពីរដំណឹងល្អស្តីពីសេចក្តីស្រឡាញ់ដែលហ៊ានលះបង់ខ្លួនឯង និងឫសគល់ខាងវិញ្ញាណដ៏ជ្រាលជ្រៅដែលបានកំណត់អត្តសញ្ញាណនៃជីវិតដ៏ខ្លីរបស់បងប្រុស រីឈី នោះគឺ «ព្រះអង្គគឺជាដើមទំពាំងបាយជូរ ហើយយើងគឺជាមែក ហើយយើងត្រូវតែស្ថិតនៅជាប់ជាមួយដើមទំពាំងបាយជូរនោះ បើមិនដូច្នោះទេ នឹងគ្មានជីវិតឡើយ»។
លោកឪពុក តូតែត បានមានប្រសាសន៍បន្តថា៖ «ព្រះយេស៊ូបានមានព្រះបន្ទូលថា "គ្មានសេចក្ដីស្រឡាញ់ណាខ្លាំងជាងអ្នកដែលស៊ូប្តូរជីវិតដើម្បីមិត្តភក្តិរបស់ខ្លួននោះឡើយ"។ យើងមានគំរូនៃបុគ្គលម្នាក់ដែលបានស្រឡាញ់ គឺស្រឡាញ់យ៉ាងពិតប្រាកដនោះគឺ បងប្រុស រីឈី។ លោកបានគិតតែពីសេចក្តីស្រឡាញ់ គឺសេចក្តីស្រឡាញ់ចំពោះមនុស្សទូទៅ»។
លោកឪពុក ទទិត្យ បានអានសំបុត្រផ្ទាល់ខ្លួនមួយចំនួនដែល បងប្រុសរីឈី បានសរសេរក្នុងអំឡុងពេលនៃការបម្រើការងាររបស់លោក ដែលបានបង្ហាញឱ្យអង្គប្រជុំឃើញនូវជំនឿចិត្តយ៉ាងជ្រាលជ្រៅមុនពេលឈានដល់ការលះបង់សាច់ស្រស់ឈាមស្រស់របស់លោក។ សំបុត្រនោះសរសេរថា៖ «ខ្ញុំដឹងថាបេះដូងរបស់ខ្ញុំស្ថិតនៅឯណា។ គ្មានកន្លែងណាផ្សេងឡើយ គឺស្ថិតនៅជាមួយព្រះយេស៊ូគ្រីស្ត។ ព្រះយេស៊ូដែលបានលះបង់គ្រប់យ៉ាងដើម្បីជនក្រីក្រ អ្នកជំងឺ និងក្មេងកំព្រា។ ខ្ញុំជាមិត្តភក្តិ និងជាដៃគូរបស់ព្រះយេស៊ូ... ទោះបីជាពេលខ្លះខ្ញុំមានអារម្មណ៍នឿយហត់ខាងផ្លូវកាយ ផ្លូវចិត្ត និងអារម្មណ៍យ៉ាងណាក្តី ក៏ខ្ញុំនៅតែមានជំនឿថា ព្រះជាម្ចាស់មិនដែលបំភ្លេចប្រជារាស្ត្ររបស់ព្រះអង្គ ដែលជាបងប្អូនមានពិការភាពរបស់យើងឡើយ។ ហើយខ្ញុំពិតជារីករាយដែលព្រះជាម្ចាស់បានប្រើប្រាស់រូបខ្ញុំ ដើម្បីធ្វើឱ្យប្រាកដថា បងប្អូនរបស់យើងបានដឹងពីការពិតនេះ»។
បងប្រុស រីឈី បានសរសេរទៀតថា ការរស់នៅ និងធ្វើការជាមួយជនជាតិខ្មែរដែលរងរបួសពិការបានធ្វើឱ្យលោកកាន់តែមានបំណងប្រាថ្នាដ៏ជ្រាលជ្រៅក្នុងការលះបង់គ្រប់បែបយ៉ាង៖«ខ្ញុំជឿជាក់ដោយស្មោះថា ការលះបង់ខ្លួនឯងទាំងស្រុងសម្រាប់មិត្តភក្តិក្រីក្ររបស់យើងនៅទីនេះ នឹងក្លាយជាអំណោយទានដ៏អស្ចារ្យបំផុតដែលព្រះជាម្ចាស់អាចប្រទានដល់យើង។ ហើយខ្ញុំតែងតែអធិដ្ឋានសូមព្រះអំណោយទានរបស់ព្រះអង្គជារៀងរាល់ថ្ងៃ»។
តាមរយៈ ការលះបង់របស់បងប្រុសរីឈី លោកឪពុក ទទិត្យ បានរំលឹកដល់បងប្អូនទាំងអស់ថា សាវ័កដ៏ពិតប្រាកដ ទាមទារឱ្យបង្ហាញសេចក្តីស្រឡាញ់ជាក់ស្តែង និងអាចមើលឃើញ ដល់បងប្អូនឯទៀតៗ៖
«វិន័យសំខាន់បំផុតរបស់ព្រះយេស៊ូ គឺសេចក្តីស្រឡាញ់៖ ស្រឡាញ់ព្រះជាម្ចាស់ ហើយដើម្បីជាការបញ្ជាក់ និងធ្វើសាក្សីអំពីសេចក្តីស្រឡាញ់ចំពោះព្រះជាម្ចាស់ដែលយើងមើលមិនឃើញនោះ គឺត្រូវស្រឡាញ់អ្នកជិតខាងដូចស្រឡាញ់ខ្លួនឯងដែរ»។ លោកឪពុក ទទិត្យ បានមានប្រសាសន៍ថា៖ «ចូរយើងនៅជាប់ជាមួយព្រះយេស៊ូ។ ព្រះអង្គគឺជាដើមទំពាំងបាយជូរ ជាប្រភពនៃកម្លាំងដើម្បីឱ្យយើងស្រឡាញ់ និងបន្តបេសកកម្មរបស់យើងទៅមុខទៀត»។
លោក ចាន់ វិចិត្រ យុវជនមកពីព្រះវិហារយ៉ូហាន ខេត្តសៀមរាប ដែលបានចូលរួមក្នុងពិធីអភិបូជា និងបានទស្សនាខ្សែភាពយន្តឯកសារស្តីពីជីវិតរបស់បងប្រុស រីឈី បានលើកឡើងថា៖ «បងប្រុស រីឈី បានហ៊ានលះបង់ជីវិតដ៏មានតម្លៃរបស់លោក ដើម្បីជួយសង្គ្រោះជីវិតអ្នកដទៃ... នៅក្នុងការសោកសៅនេះ អ្វីដែលយើងទទួលបានត្រឡប់មកវិញ គឺដួងចិត្តដែលពោរពេញដោយក្តីសង្ឃឹម។ គំរូរបស់បងប្រុស រីឈី ពិតជាបានជំរុញទឹកចិត្តខ្ញុំក្នុងនាមជាយុវជនម្នាក់ ឱ្យបម្រើព្រះជាម្ចាស់ លះបង់ផលប្រយោជន៍ផ្ទាល់ខ្លួន ហើយថែមទាំងហ៊ានលះបង់ ដើម្បីបម្រើព្រះជាម្ចាស់ និងអ្នកដទៃទៀតផង»។
យុវជនម្នាក់ទៀតមកពីព្រះវិហារ ព្រះជាម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខក្នុងខេត្តបាត់ដំបង គឺ រ៉ាន់ សាំយូអែល បានបន្ថែមថា៖ «ប្រសិនបើបងប្រុស រីឈី ខ្លាចស្លាប់ លោកអាចនឹងរត់គេចខ្លួនដើម្បីរួចជីវិតផ្ទាល់ខ្លួនបាន ប៉ុន្តែលោកបានជ្រើសរើសយកសេចក្តីស្លាប់ ដើម្បីការពារអ្នកដែលនៅជុំវិញខ្លួន និងសង្គ្រោះជីវិតរបស់ពួកគេ... សម្រាប់ខ្ញុំ បងប្រុស បានបង្ហាញគំរូដ៏ពិតប្រាកដ និងរស់រវើកអំពីព្រះយេស៊ូគ្រីស្ត»។
សម្រាប់សហគមន៍កាតូលិកនៅបាត់ដំបង និងក្រុមបព្វជិតសហជីវិនព្រះយេស៊ូប្រចាំនៅកម្ពុជា រឿងរ៉ាវរបស់ បងប្រុស រីឈី ហ្វ័រណាន់ដូ នៅតែជាសក្ខីភាពដ៏យូរអង្វែងនៃការរួមដំណើរជាមួយព្រះសហគមន៍នៅក្នុងប្រទេសក្រោយសង្គ្រាម ជាជីវិតដែលចាក់ឫសយ៉ាងរឹងមាំក្នុងព្រះគម្ពីរដំណឹងល្អ និងត្រូវបានប្រគល់ជូនដោយឥតគិតថ្លៃ សម្រាប់បុគ្គលដែលគេតែងបំភ្លេចចោល៕
ដោយលី សុវណ្ណា
