កម្ពុជាកំណត់អាទិភាពលើ «សន្តិភាព និងបរិយាបន្ននៃវិបុលភាពរួមគ្នា» ក្នុងអំឡុងពេលធ្វើជាប្រធានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie)

កម្ពុជាត្រូវបានកំណត់ឱ្យទទួលតំណែងជាប្រធានរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ពីប្រទេសបារាំង សម្រាប់អាណត្តិ ២ ឆ្នាំ នៅសប្តាហ៍ក្រោយ ដែលនេះជាការបើកទំព័រថ្មីមួយទៀតនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាមួយសហគមន៍ប្រើប្រាស់ភាសាបារាំង។ នេះបើតាមការលើកឡើងរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងបទសម្ភាសន៍ពិសេសមួយ ដែលត្រូវបានចេញផ្សាយនៅថ្ងៃទី ១០ ខែវិច្ឆិកា។

លោក ប្រាក់ សុខុន បានមានប្រសាសន៍ថា កម្ពុជានឹងទទួលតំណែងជាប្រធាននៅក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី ២០ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នាថ្ងៃទី ១៥-១៦ ខែវិច្ឆិកា ឆ្នាំ ២០២៦។

លោកបានពិពណ៌នាថា ព្រឹត្តិការណ៍នេះគឺជាកលានុវត្តភាព (ឱកាស) មួយសម្រាប់កម្ពុជា ក្នុងការរួមចំណែកកំណត់ទិសដៅនាអនាគតរបស់សហគមន៍ហ្វ្រង់កូហ្វូនី និងពង្រឹងតួនាទីរបស់ខ្លួននៅក្នុងអង្គការនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការធ្វើជាប្រធាននាពេលខាងមុខរបស់កម្ពុជា រៀបចំឡើងដោយផ្ដោតលើការធ្វើឱ្យអង្គការហ្វ្រង់កូហ្វូនី ក្លាយជាអង្គការដែលមានថាមវន្ត ប្រសិទ្ធភាព និងតម្រង់ទិសលើសកម្មភាពជាក់ស្តែង ដែលអាចផ្តល់ផលប្រយោជន៍ពិតប្រាកដដល់រដ្ឋជាសមាជិក និងប្រជាជនទាំងអស់។

ជាដើមឡើយ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ត្រូវបានបង្កើតឡើងដើម្បីលើកកម្ពស់សហប្រតិបត្តិការលើផ្នែកភាសាបារាំង និងវប្បធម៌ ប៉ុន្តែបានពង្រីកតួនាទីយ៉ាងសំខាន់នាពេលកន្លងមក រួមមានផ្នែកនយោបាយ សេដ្ឋកិច្ច អប់រំ ការស្រាវជ្រាវ និងវិស័យសហប្រតិបត្តិការអន្តរជាតិផ្សេងៗទៀត។

ក្រោមការដឹកនាំរបស់កម្ពុជា ការយកចិត្តទុកដាក់ជាពិសេសនឹងត្រូវផ្តល់ជូនដល់ការជំរុញសសរស្ដម្ភគ្រឹះទាំង ៤ របស់អង្គការ រួមមាន៖ ការលើកកម្ពស់ភាសាបារាំង និងបក្សសម្ព័ន្ធភាពនៃពហុវប្បធម៌, ការពង្រឹងសន្តិភាព ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស, ការគាំទ្រការអប់រំ ការបណ្តុះបណ្តាល និងការស្រាវជ្រាវ, និងការបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់កសាងសេដ្ឋកិច្ចប្រកបដោយចីរភាព និងវិបុលភាពរួមគ្នា។

នៅលើសមរភូមិនយោបាយ កម្ពុជានឹងស្វែងរកការពង្រឹងតួនាទីរបស់ OIF ជាវេទិកាសម្រាប់កិច្ចសន្ទនា ការចូលរួមខាងទូត និងសហប្រតិបត្តិការរវាងរដ្ឋជាសមាជិក ដើម្បីរួមចំណែកដល់ការបង្ការជម្លោះ ការកសាងសន្តិភាព និងស្ថិរភាពអន្តរជាតិ។

នៅក្នុងវិស័យសេដ្ឋកិច្ច ព្រះរាជាណាចក្រកម្ពុជាមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធរវាងបណ្តាប្រទេសហ្វ្រង់កូហ្វូនី លើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រីកឱកាសសម្រាប់វិបុលភាពរួមគ្នា។ លើសពីនេះ កម្ពុជាក៏នឹងលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការកាន់តែធំធេងក្នុងការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការស្រាវជ្រាវ ដើម្បីអភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយគម្លាតសមត្ថភាពរវាងរដ្ឋជាសមាជិក។

លោកឧបនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារសំខាន់នៃការដាក់យុវជន និងស្ត្រីនៅចំកណ្តាលនៃរបៀបវារៈនាអនាគតរបស់អង្គការ ដោយផ្តល់ការយកចិត្តទុកដាក់កាន់តែខ្លាំងលើបច្ចេកវិទ្យាឌីជីថល ដែលលោកបានពណ៌នាថាជាកត្តាចាំបាច់ក្នុងការរៀបចំសង្គមហ្វ្រង់កូហ្វូនី សម្រាប់ទទួលយកឱកាស និងប្រឈមមុខនឹងបញ្ហាប្រឈមថ្មីៗ។

លោកក៏បានគូសបញ្ជាក់បន្ថែមថា ចក្ខុវិស័យរបស់កម្ពុជា គឺផ្លាស់ប្តូរអង្គការហ្វ្រង់កូហ្វូនី ពីសហគមន៍ដែលភ្ជាប់ទំនាក់ទំនងជាចម្បងតាមរយៈភាសាតែមួយ និងតម្លៃវប្បធម៌រួម ឱ្យទៅជាបណ្តាញសកម្មជាងមុន ដោយផ្អែកលើកិច្ចសហប្រតិបត្តិការជាក់ស្តែង សាមគ្គីភាព និងសមិទ្ធផលជាក់ស្តែង។

គោលបំណងចុងក្រោយ គឺធ្វើឱ្យ OIF ឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែងរបស់សមាជិក និងកាន់តែខិតជិតប្រជាជនទូទៅ ដើម្បីធានាថាកិច្ចសហប្រតិបត្តិការនេះផ្លាស់ប្តូរទៅជាផលប្រយោជន៍ដែលមានន័យសម្រាប់សហគមន៍ទូទាំងពិភពលោកហ្វ្រង់កូហ្វូនី។

អង្គការ OIF ត្រូវបានបង្កើតឡើងនៅថ្ងៃទី ២០ ខែមីនា ឆ្នាំ ១៩៧០ នៅទីក្រុង នីអាមេ (Niamey) ប្រទេសនីហ្សេ (Niger) ក្រោមឈ្មោះថា «ទីភ្នាក់ងារសម្រាប់សហប្រតិបត្តិការវប្បធម៌ និងបច្ចេកទេស (ACCT)»។ កម្ពុជាស្ថិតនៅក្នុងចំណោមរដ្ឋស្ថាបនិកដំបូង ទោះបីជាព្រះរាជាណាចក្រកម្ពុជាបានចូលរួមជាផ្លូវការជាមួយអង្គការនេះនៅឆ្នាំ ១៩៩៣ ក៏ដោយ។

បច្ចុប្បន្ន អង្គការនេះមានរដ្ឋ និងរដ្ឋាភិបាលជាសមាជិកចំនួន ៩០ រួមមានសមាជិកពេញសិទ្ធិ ៥៣ សមាជិកសហការី ៥ និងសមាជិកសង្កេតការណ៍ ៣២។

 

Daily Program

Livesteam thumbnail
khmer popup image