សហគមន៍អន្តរជាតិកាន់តែមើលច្បាស់ នូវភាពស្របច្បាប់របស់កម្ពុជា គឺជាសង្រ្គាមការពារអធិបតេយ្យភាព មិនមែនឈ្លានពាន
លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឲ្យដឹងថា សហគមន៍អន្តរជាតិកាន់តែមើលឃើញភាពស្របច្បាប់របស់កម្ពុជា គឺជាសង្គ្រាមការការពារអធិបតេយ្យ មិនមែនជាការឈ្លានពាន ខណៈកម្ពុជា ប្រមូលបានភស្តុតាងយ៉ាងរឹងមាំ ដើម្បីប្តឹងទៅអន្តរជាតិ។
តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកទេសរដ្ឋមន្ត្រី កែវ រ៉េមី បានគូសបញ្ជាក់ថា តើសង្រ្គាមអូសបន្លាយកាន់តែយូរទាហានខ្មែរ ឬសៀម កាន់តែមានប្រៀបជាង?
លោកទេសរដ្ឋមន្ដ្រី បានលើកឡើងថា «ខ្ញុំសូមជ្រាបជូនថា សហគមន៍អន្តរជាតិកាន់តែមើលច្បាស់ នូវភាពស្របច្បាប់របស់កម្ពុជា គឺជាសង្រ្គាមការពារអធិបតេយ្យភាពមិនមែនឈ្លានពាន។ ប្រមូលបានភស្តុតាងរឹងមាំដើម្បីប្តឹងទៅតុលាការអន្តរជាតិ និងទទួលបាននូវសេចក្តីសម្រេចរបស់តុលាការ»។
លោកទេសរដ្ឋមន្ដ្រី បន្ដថា ទាហានកម្ពុជាមានភាពធន់ និងស៊ូ។ សង្រា្គមការពារភូមិករ ការពារដីស្រែចំការ ការពារផ្ទះសម្បែង និងការពារទឹកដី និងការពារមុខមាត់ប្រទេសជាតិ គឺជាចំណុចខ្លាំងរបស់កម្ពុជា។
លោកទេសរដ្ឋមន្ដ្រី បន្ថែមថា រាជរដ្ឋាភិបាលមានគោលនយោបាយដឹកនាំល្អ ក្នុងបុព្វហេតុការពារទឹកដីដោយមានការចូលរួមគ្រប់ស្ថាប័ន ព្រះសង្ឃ គ្រប់សាសនានៅកម្ពុជា បញ្ញវ័ន្ត សិស្សនិស្សិត ប្រជាជនទាំងក្នុង និងក្រៅប្រទេសរួមសាគ្គីគ្នាជាធ្លុងមួយ ក្នុងគោលបំណងការពារទឹកដីឲ្យបានគង់វង្ស។ ចំណុចសាមគ្គីនេះមិនមែនជនជាតិថៃ មិនយល់ពីចំណុចនេះទេតែ អ្នកនយោបាយថៃមួយចំនួន បញ្ញវ័ន្តថៃមួយចំនួន អាជីវករ មិនគាំទ្រសង្គ្រាម មិនគាំទ្រឲ្យមានអរិភាពជាមួយកម្ពុជា។
គិតត្រឹមថ្ងៃទី១៨ ធ្នូ នេះ មានរយៈពេល ១២ថ្ងៃហើយ ដែលយោធាថៃ បន្តការបាញ់ប្រហារ និងឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា។ ភាគីថៃ នៅតែបន្តរំលោភបំពានលើបទឈប់បាញ់ និង«សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀង សន្តិភាព រវាងកម្ពុជានិងថៃ» ដែលភាគីកម្ពុជានិងភាគីថៃបានចុះហត្ថលេខា កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ចំនួនពលរដ្ឋស៊ីវិលស្លាប់កើនឡើងដល់ ១៨នាក់ ខណៈរបួសកើនឡើងដល់ចំនួន ៧៨នាក់ គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី១៧ធ្នូ៕