សម្តេចប៉ាបឡេអូអធិស្ឋានជាមួយអ្នកជំងឺក្នុងសួនវ៉ាទីកង់
នៅពេលព្រះសហគមន៍កាតូលិកប្រារព្ធទិវាអ្នកជំងឺពិភពលោកកាលពីថ្ងៃពុធទី១១ ខែកុម្ភៈ សម្តេចប៉ាបឡេអូ ទី១៤ បានយាងស្វាគមន៍ក្រុមអ្នកជំងឺ ក្នុងសួនវ៉ាទីកង់ ហើយរំលឹកពួកគេថា ព្រះនាងម៉ារី ជាព្រះមាតាដ៏បរិសុទ្ធបង្រៀនយើងអំពីអត្ថន័យនៃទុក្ខវេទនា និងសេចក្តីស្រឡាញ់។
វ៉ាទីកង់ញូវបានរាយការណ៍ថា សម្តេចប៉ាបឡេអូបានមានបន្ទូលថា ថ្ងៃនេះជាថ្ងៃដ៏ស្រស់ស្អាតមួយដែលរំលឹកយើងអំពីភាពជិតស្និទ្ធរបស់ព្រះនាងម៉ារី ដែលជាមាតារបស់យើងទាំងអស់គ្នា ហើយតែងតែអមដំណើរយើង និងបង្រៀនយើងច្រើន អំពីអត្ថន័យនៃទុក្ខវេទនា អត្ថន័យនៃសេចក្តីស្រឡាញ់ និងអត្ថន័យនៃថ្វាយជីវិតរបស់យើងទៅក្នុងព្រះហស្តរបស់ព្រះជាម្ចាស់។
សម្តេចប៉ាបឡេអូ បានថ្លែងអំណរគុណដល់អស់អ្នកដែលនៅចំពោះមុខទ្រង់ ដែលបានខិតខំប្រឹងប្រែងដើម្បីមានវត្តមាន នៅចំពោះមុខព្រះមាតាដ៏បរិសុទ្ធ ហើយរួមគ្នាអធិស្ឋាននៅពេលនោះ។
នាឱកាសនោះសម្តេចប៉ាបឡេអូ បានអធិស្ឋានអង្វរព្រះជាម្ចាស់ សូមប្រទានពរដល់អ្នកជំងឺទាំងអស់ ទាំងនៅថ្ងៃនេះ និងជារៀងរហូត និងសម្រាប់គ្រូពេទ្យ គិលានុបដ្ឋាក និងអ្នកដទៃទៀតទាំងអស់ ដែលអមដំណើរពួកគេ៕