លោក កឹម សុខា អំពាវនាវឱ្យខ្មែរួបរួមគ្នា​ការពារទឹកដីពីមហិច្ឆតាឈ្លានពានរបស់សត្រូវ

នៅព្រឹកថ្ងៃព្រហស្បតិ៍ទី​៣១ ខែកក្កដា ឆ្នាំ២០២៥នេះ លោក កឹម សុខា ត្រូវបានអនុញ្ញាឲ្យចេញក្រៅបានទៅ​ចូលរួម គោ​រពវិញ្ញាណក្ខន្ធនាយទាហានដែលបានពលីជីវិតនៅលើសមរភូមិ​ ក្នុងបុព្វហេតុការពារទឹកដីពីការឈ្លានពានរបស់កងទ័ពថៃ​។ 

ក្នុងឱកាសនោះដែរ លោកបានអំពាវនាវដល់ពលរដ្ឋខ្មែរឱ្យរួមគ្នា​កាន់តែខ្លាំង​ឡើងទៀត​ ដើម្បីឱ្យ​ខ្មែរកាន់តែ​ខ្លាំងនិងរឹងមាំ​ ដើម្បី​ការពារទឹកដីពីមហិច្ឆតាឈ្លានពានពីចោរសៀម​ ចាប់តាំងពីអតីតកាល​ រហូតមកទល់នឹងពេលនេះ។

លោកបានមានប្រសាសន៍ថា ៖ «ខ្មែរយើង​បានឆ្លងកាត់​សង្គ្រាមឈ្លានពានច្រើនដងហើយ ​មកដល់ពេលនេះហើយថៃនៅមកឈ្លានពានយើងទៀត​ វាហួសហេតុពេកហើយ។ ដូចនេះហើយ យើងជាខ្មែរត្រូវរួម​គ្នា ខ្មែរត្រូវរួមសាមគ្គីគ្នា​ឱ្យ​រឹងមាំ​ដើម្បីការពារទឹកដីសុវណ្ណភូមិសម្រាប់កូនចៅយើង​បន្តទៀត»។

ជាមួយគ្នានោះដែរ លោក កឹម សុខា បានកោតសរសើរចំពោះការសាមគ្គីភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា សរសើរ​ដល់ភាពក្លាហានរបស់វីរកងទ័ពខ្មែរដែល​អាចការពារទឹកដីបាន​។

លោកថា ៖ «ខ្ញុំសុំកោតសរសើរដល់កងទ័ពយើង សរសើរដល់​ប្រជាពលរដ្ឋខ្មែរដែលចេះសាមគ្គីគ្នា ហើយខ្ញុំសុំអំពាវនាវសុំបន្តពង្រីកការ​សាមគ្គីភាពខ្មែរ​ឱ្យរឹងមាំតទៅទៀតដើម្បីប្រទេស​យើង»។

សូមរម្លឹកដែរថា លោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញ កាត់ទោសពពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ហើយតាមការផ្តន្ទាទោសនោះ លោកត្រូវដាក់ឱ្យស្ថិតក្រោមការឃុំខ្លួន នៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ។ សិទ្ធិនយោបាយរបស់លោកទាំងអស់ត្រូវបានដកហូត ហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ៕

 

Daily Program

Livesteam thumbnail