ព្រះសហគមន៍ភូមិភាគភ្នំពេញ មានជីវិតរស់រវើក
ព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានរៀបចំជំនួបលើកដំបូងលើប្រធានបទ «ព្រះសហគមន៍ភូមិភាគភ្នំពេញ មានជីវិតរស់រវើក» ក្រោមអធិបតីភាពនិងការណែនាំរបស់លោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ និងលោកអភិបាលឧបត្ថម្ភកៈ សិលា សួន ហង្សលី នៅសណ្ឋាគារសុខាក្រុងសៀមរាប កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។
ជំនួបនេះ ចាប់ផ្ដើមឡើងនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ដែលមានមនុស្សចូលរួមចំនួន៦០០នាក់ រួមមាន លោកបូជាចារ្យបម្រើភូមិភាគ បព្វជិតនិងបព្វជិតា អ្នកបម្រើការងារតាមវិស័យនានាក្នុងព្រះសហគមន៍ និងតំណាងគណៈកម្មការតាមព្រះសហគមន៍នីមួយៗ នៅតាមមណ្ឌលសកម្មភាពចំនួន១០ រួមមាន ភ្នំពេញខាងជើង ភ្នំពេញខាងត្បូង ភ្នំពេញថ្មី ព្រះសីហនុ-កោះកុង កំពត-កែប តាកែវ ផ្លូវដ៏វិសុទ្ធ ទន្លេមេគង្គ ទន្លេបាសាក់ និងតាខ្មៅ។
នៅព្រឹកថ្ងៃទី៦ មានអភិបូជាឱឡារិក ដើម្បីអរព្រះគុណព្រះជាម្ចាស់ចំពោះ សេចក្ដីស្រឡាញ់របស់ទ្រង់សម្រាប់មនុស្សទាំងអស់ ក្រោមអធិបតីរបស់លោកអភិបាលអូលីវីយ៉េ រួមជាមួយលិកអភិបាលហង្សលី។
លោកអភិបាលអូលីវីយ៉េ បានរំលឹកពីតួនាទីយ៉ាងសំខាន់ក្នុងការនាំយក «ពន្លឺ» និង «ជីវិតបរិបូរណ៍» ដល់បងប្អូនប្រជាពលរដ្ឋ តាមរយៈវិស័យនានារបស់ព្រះសហគមន៍ ក្នុងនោះរួមមាន សិក្សាអប់រំ សុខាភិបាល សិល្បៈ ការអភិវឌ្ឍមនុស្សនិងអេកូទេសចរណ៍ និងផ្សព្វផ្សាយព័ត៌មាន។
ក្នុងធម្មទេសនា លោកអភិបាលអូលីវីយ៉េមានប្រសាសន៍ថា តួនាទីរបស់យើងមានតែមួយគត់ គឺ«ណែនាំ និងបណ្តុះបណ្តាលវិញ្ញាណ ព្រលឹង និងដួងចិត្តរបស់មនុស្ស» ដែលយើងទទួលខុសត្រូវ រួមទាំងខ្លួនយើងផ្ទាល់ផង ដោយបង្ហាញពីការស្រឡាញ់ ការយល់ចិត្តក្នុងសេចក្ដីពិត ដើម្បីឲ្យមនុស្សម្នាក់អាចមានសមត្ថភាពទទួលខុសត្រូវលើខ្លួនឯងផ្ទាល់។
លោកបន្តថា គ្រប់វិស័យដែលយើងមាន ជាពន្លឺដ៏តូចមួយ អោយយើងចូលរួម ដើម្បីកសាងសង្គមយើងបច្ចុប្បន្ននេះ។
នៅពេលរសៀលថ្ងៃដដែល ក្រុមទាំងមូលបានទៅទស្សនាប្រាសាទអង្គរវត្តដែលជាបេតិកភណ្ឌពិភពលោក និងជាមរតកដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា។
នៅពេលល្ងាចថ្ងៃដដែល អ្នកចូលរួមទាំងអស់បានចូលរួមបង្ហាញពីសមិទ្ធផលនានារបស់ព្រះសហគមន៍ និងមានបទបង្ហាញអំពីភូមិភាគភ្នំពេញ៖ មណ្ឌលសកម្មភាពព្រះសហគមន៍ទាំង ១០ ព្រមទាំងបទបង្ហាញនិងការសម្តែងពី វិស័យនានាដែលព្រះសហគមន៍មានវត្តមានក្នុងសង្គមដូចជា ការអប់រំ ការអភិវឌ្ឍធនធានមនុស្ស ការសម្តែងមេត្តាករុណា ការអប់រំកុមារជំទង់និងយុវជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកាតូលិក អប់រំជំនឿ និងសិល្បៈ។
ក្នុងឱកាសនោះ លោកអភិបាលបានបន្ថែមថា ភូមិភាគភ្នំពេញគឺជា «មហាគ្រួសារតែមួយ» ដែលរីកចម្រើនទៅបានដោយសារការរួមកម្លាំងគ្នាសាបព្រោះគ្រាប់ពូជនៃក្ដីស្រឡាញ់។
លោកបានថ្លែងអំណរគុណដល់លោកបូជាចារ្យ បព្វជិត-ជិតា និងគ្រីស្តបរិស័ទទាំងអស់ ដែលជា «ក្បាលម៉ាស៊ីន» ដ៏សំខាន់ក្នុងការផ្ដល់ជីវិត និងសេចក្ដីសង្ឃឹមដល់មនុស្សគ្រប់ស្រទាប់វណ្ណៈ តាមរយៈការបម្រើដោយឥតរើសអើងដើម្បីបង្ហាញវត្តមានរបស់ព្រះគ្រីស្តដល់បងប្អូនឯទៀតៗ ជាពិសេស គឺជួយកសាងសង្គមអោយរីកចម្រើនក្នុងយុត្តិធម៌ មេត្តាករុណា និងសន្តិភាព។
ក្នុងនោះដែរ លោកអភិបាលសិលា សួន ហង្សលី បានមានប្រសាសន៍ទៅកាន់អង្គពិធីថា សកម្មភាពរបស់យើងមានច្រើននេះ គឺជាអំណោយទាន ពីព្រះជាម្ចាស់តាមរយៈគ្រីស្ត។ យើងប្រៀបដូចជាតំណក់ទឹកសាបនៅក្នុងមហាសមុទ្រ ដែលនាំឲ្យមនុស្សយើងអាចមានជិវិតរស់នៅកាន់តែល្អប្រសើរឡើងនៅកន្លែងដែលយើងកំពុងរស់នៅ។
លោកអភិបាលលី បានស្នើសុំឲ្យអ្នកបម្រើការងារព្រះសហគមន៍ទាំងអស់មានមានទឹកចិត្តកាន់តែធំឡើង មានសេចក្តីសង្ឃឹមជានិច្ច និងមានសេចក្តីស្រឡាញ់ដែលមកពីព្រះជាម្ចាស់ ហើយសូមឲ្យក្តីស្រលាញ់នេះឲ្យយើងចេះរួបរួមគ្នា ជួយគ្នាទៅវិញទៅមក ទោះបីជាពេលយើងមានទុក្ខលំបាក ខឹងគ្នា ច្រណែនគ្នា តែសូមឲ្យយើងបើកចិត្តហើយមានសេចក្តីស្រឡាញ់នេះ ដើម្បីជួយឲ្យកម្មភាពរបស់យើងកាន់តែល្អប្រសើរឡើង។
លោកប្រាក់ ភារៈ មកពីមណ្ឌលសកម្មភាពព្រះសីហនុ-កោះកុង បានឲ្យដឹងថា ការជួបជុំនេះជាឱកាសមួយល្អសម្រាប់បុគ្គលិកទូទៅ និងគ្រីស្តបរិស័ទទាំងអស់ មានឱកាសជួបជុំគ្នា ជាពិសេសសម្រាប់ក្រុមរបស់លោកដែលនេះជា«លើកដំបូងបានធ្វើដំណើររួមជាមួយគ្នា លែងសើចសប្បាយជាមួយគ្នា ហើយយើងក៏មានឱកាសច្រើនទៀតដើម្បីស្គាល់បុគ្គលិកនិងព្រះសហគមន៍ផ្សេងទៀតដែលមិនធ្លាប់ស្គាល់ពីមុន»។
ភារៈបានបន្តទៀតថាទំនាក់ទំនងកន្លងមកតាមព្រះសហគមន៍នានា គឺលោកធ្លាប់មានតាមរយៈតេឡេក្រាម ឬទូរស័ព្ទតែប៉ុណ្ណោះ ប៉ុន្តែនៅពេលនេះលោកបានជួបមុខគ្នាផ្ទាល់ ដែលនាំឲ្យទំនាក់ទំនងកាន់តែងាយស្រួលជាងមុន។
បន្ថែមលើសពីនេះទៀត លោកថា ពេលទៅមើលអង្គរវត្ត ទោះបីជាក្តៅបន្តិចមែន តែពួកយើងសប្បាយជាមួយគ្នា ដោយសារមាន «បុគ្គលិកខ្លះគាត់អត់ដែលបានមកដល់សៀមរាបទេ ហើយនេះជាឱកាសល្អសម្រាប់ពួកគាត់ដែលបានមកឃើញផ្ទាល់»។
កញ្ញា តេរេសា ចឹម ស្រីម៉ិច គណៈកម្មការព្រះសហគមន៍កាតូលិកព្រះកុមារយេស៊ូបឹងទំពុន បានលើកឡើងថា កម្មវិធីនេះគឺល្អមែនទែន ដែលអាចឲ្យបុគ្គលិក និងគណៈកម្មការនៅភូមិភាគភ្នំពេញបានជួបជុំគ្នា និងបានស្គាល់គ្នា។
កញ្ញាបានបន្តទាំងអារម្មណ៍រីករាយថា «សម្រាប់ខ្ញុំ ខ្ញុំមិនសូវបានស្គាល់បងប្អូនតាមព្រះសហគមន៍ផ្សេងៗទេ ប៉ុន្តែក្នុងថ្ងៃនេះ ខ្ញុំបានជួបពួកគាត់ច្រើនមែនទែន ទាំងបុគ្គលិកធ្វើការយូរឆ្នាំ និងអ្នកទើបចូលធ្វើការថ្មីៗ»។
ក្រៅពីនេះ យុវតីរូបនេះក៏បានបន្ថែមទៀតថា៖ «កម្មវិធីនេះ ជាអំណោយទានដែលព្រះជាម្ចាស់ប្រទានឲ្យតាមរយៈការរៀបចំរបស់លោកអភិបាលអូលីវីយ៉េ។ នាងខ្ញុំសង្ឃឹមថានឹងមានកម្មវិធីនេះនៅលើកក្រោយៗទៀត ហើយសូមជូនពរលោកអភិបាលទាំងពីរ ឲ្យទទួលបានព្រះអំណោយទានពីព្រះជាម្ចាស់ មានសុខភាពរឹងមាំ និងមានជំនឿកាន់តែរីកចម្រើន ដើម្បីបន្តដឹកនាំព្រះសហគមន៍ និងយើងខ្ញុំទៅមុខទៀត»។
ជំនួបនេះបញ្ចប់ដោយពិធីជប់លៀងអាហារពេលល្ងាចរួមគ្នា ជាលក្ខណៈគ្រួសារតែមួយ៕