កម្ពុជាអំពាវនាវឱ្យមានសកម្មភាពរួមគ្នាដើម្បីផ្តាច់ខ្សែចង្វាក់នៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននានេះថា កម្ពុជាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ និងសកម្មភាពរួមជាក់ស្តែង ដើម្បីផ្តាច់ខ្សែចង្វាក់ទាំងមូលនៃបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយបានគូសបញ្ជាក់ថា បទល្មើសទាំងនេះបានក្លាយជាបទល្មើសឆ្លងដែនដ៏ស្មុគស្មាញ ដែលគ្មានប្រទេសណាមួយអាចប្រយុទ្ធប្រឆាំងដោយជោគជ័យតែម្នាក់ឯងបានឡើយ។
សន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ» ដែលកំពុងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាធ្វើសកម្មភាពឆ្ពោះទៅរកការផ្តាច់ខ្សែចង្វាក់ និងការលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ» នាថ្ងៃនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការដោះស្រាយទម្រង់នៃបទល្មើសឆ្លងដែនដែលកាន់តែមានភាពស្មុគស្មាញ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បទល្មើសឆបោកតាមប្រព័ន្ធអនឡាញមិនមែនជាបញ្ហារបស់ប្រទេសណាមួយតែមួយនោះទេ ព្រោះបណ្តាញឧក្រិដ្ឋជនបានប្រតិបត្តិការឆ្លងដែនដោយកេងប្រវ័ញ្ចលើមនុស្ស បច្ចេកវិទ្យា ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងប្រព័ន្ធហិរញ្ញវត្ថុខុសច្បាប់។
ក្រោមការដឹកនាំផ្ទាល់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលកម្ពុជាបានពង្រឹងយន្តការពិសេសៗ និងបានបើកប្រតិបត្តិការនៅទូទាំងប្រទេសប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដោយមានការចូលរួមពីក្រសួង ស្ថាប័ន និងអាជ្ញាធរអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសដៃគូ និងអង្គការអន្តរជាតិពាក់ព័ន្ធផងដែរ។
លោកបានថ្លែងថា ដោយផ្អែកលើបទពិសោធន៍ជាក់ស្តែង កម្ពុជាបានទទួលស្គាល់ថា ការបង្ក្រាប និងរំលាយទីតាំងឆបោក គឺជារឿងចាំបាច់ ប៉ុន្តែមិនទាន់គ្រប់គ្រាន់ក្នុងការលុបបំបាត់បទល្មើសនេះទាំងស្រុងនោះទេ។
លោករដ្ឋមន្ត្រី ថាសកម្មភាពដែលមានប្រសិទ្ធភាពត្រូវតែតម្រង់ទិសលើខ្សែចង្វាក់ឧក្រិដ្ឋកម្មទាំងមូល ចាប់តាំងពីអំពើជួញដូរមនុស្ស និងការបង្ខំឱ្យធ្វើពលកម្ម រហូតដល់ការយកបច្ចេកវិទ្យាទៅប្រើប្រាស់ក្នុងផ្លូវខុស និងលំហូរហិរញ្ញវត្ថុខុសច្បាប់ដែលទ្រទ្រង់សកម្មភាពឧក្រិដ្ឋទាំងនោះ។
លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា សន្និសីទអន្តរជាតិនេះមិនត្រឹមតែជាវេទិកាសម្រាប់ការផ្លាស់ប្តូរទស្សនៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសមួយក្នុងការកៀរគរឆន្ទៈនយោបាយ ការប្តេជ្ញាចិត្ត និងបទពិសោធន៍ជាក់ស្តែង ឆ្ពោះទៅរកវិធានការដែលមានការសម្របសម្រួល និងអាចអនុវត្តបាន។
លោកបានបន្តថា ស្មារតីស្នូលនៃសន្និសីទនេះ គឺបទល្មើសឆ្លងដែនតម្រូវឱ្យមានកិច្ចសហប្រតិបត្តិការឆ្លងដែន ការគាំទ្រគ្នាទៅវិញទៅមក និងសកម្មភាពរួមគ្នា។
កម្ពុជាសង្ឃឹមថា សន្និសីទនេះនឹងក្លាយជាជំហានដ៏សំខាន់មួយក្នុងការផ្លាស់ប្តូរការប្តេជ្ញាចិត្តរួម ឱ្យទៅជាសកម្មភាពរួមជាក់ស្តែង ផ្តាច់ខ្សែចង្វាក់ឧក្រិដ្ឋជន និងរារាំងបណ្តាញឆបោកផ្អែកលើបច្ចេកវិទ្យាកុំឱ្យកើតមានឡើងវិញ។
ព្រឹត្តិការណ៍នាថ្ងៃនេះ បានទាក់ទាញអ្នកចូលរួមជាង ១.០០០ នាក់ ដែលមកពីបណ្តាប្រទេសជាង ២៧ និងអង្គការអន្តរជាតិចំនួន ៧។
