បន្ទាប់ពីការដាក់សំពាធរបស់អាម៉េរិក ទីក្រុងគៀវ ត្រៀមខ្លួនសម្រាប់ការបោះឆ្នោត
ជនជាតិអ៊ុយក្រែននឹងអាចធ្វើដំណើរទៅកាន់ការិយាល័យបោះឆ្នោតនៅប៉ុន្មានសប្តាហ៍ខាង មុខ។ យោងតាមព័ត៌មានពីកាសែតចេញផ្សាយប្រចាំថ្ងៃអង់គ្លេស Financial Times បានឲ្យដឹង ថា លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី នឹងប្រកាសនៅថ្ងៃទី២៤ ខែកុម្ភៈ ដែលជាកាលបរិច្ឆេទនៃ ការ ឈ្លានពានរបស់រុស្ស៊ី សម្រាប់ការរៀបចំការបោះឆ្នោតប្រធានាធិបតីអ៊ុយក្រែន។
តើអ្វីជាហេតុផល? នោះគឺជាការដាក់សំពាធដែលធ្លាក់មកផ្ទាល់ពីសហរដ្ឋអាម៉េរិក។ តាមការស្នើរបស់លោកដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក ប្រទេសអ៊ុយក្រែនត្រូវតែរៀបចំការបោះឆ្នោតសម្រាប់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ យ៉ាងយូរបំផុត ក្រោមការលំបាកនឹងបាត់បង់ការធានាសន្តិសុខពីអាម៉េរិក។ កាលបរិច្ឆេទ មានពីរ គឺប្រជាជនអ៊ុយក្រែននឹងត្រូវបានហៅឲ្យបោះឆ្នោតលើកិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី ដែលមានការកំណត់ឲ្យបោះបង់ទឹកដី ដូណេតស្ក៍ និង លូហ្គង់ស្ក៍។ ដំណើរការនេះត្រូវតែប្រព្រឹត្តទៅតាមរយៈការធ្វើប្រជាមតិ ព្រោះរដ្ឋធម្មនុញ្ញ អ៊ុយក្រែន បានកំណត់ថា ដែនដីរបស់ខ្លួនមិនអាចបំបែកបាន។
គោលដៅរបស់ទីក្រុងវ៉ាស៊ីនតុន គឺបិទបញ្ចប់សំណុំ រឿងអ៊ុយក្រេន ដើម្បីផ្តោតអារម្មណ៍លើការបោះឆ្នោតពាក់កណ្តាលអណត្តិនៅខែវិច្ឆិកា នៅអាម៉េរិក។ ទាំងនេះគឺជារបៀបវារៈ និងការទាមទារដែលមិនអាចទ្រាំទ្របាន បើយោងតាមមន្រ្តី អ៊ុយក្រែន និងលោកខាងលិច ដែលត្រូវបានធ្វើការស្ទង់មតិដោយសារព័ត៌មានអង់គ្លេស និងត្រូវបានគេសង្ស័យថា លោកត្រាំមានគំនិតសហប្រតិបត្តិការពីលោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។
ចំណែកការរៀបចំការបោះឆ្នោតជាផ្លូវការ ទស្សនៈនេះក៏មិនធ្វើឲ្យទីក្រុងគៀវរីករាយដែរ។ ជាច្រើនខែកន្លងមកនេះ ប្រធានាធិបតីអ៊ុយក្រែន មិនដែលឈប់នឹងនិយាយម្តងហើយម្តងទៀតអំពីលទ្ធភាពមិនអាចទៅរួចក្នុងការរៀបចំការបោះឆ្នោតនៅក្រោមច្បាប់អាជ្ញារសឹក ទោះបីមានការទទូចទាមទារពីលោកដូណាល់ ត្រាំ ក៏ដោយ។ តាំងពីខែធ្នូ ឆ្នាំមុន ប្រធានាធិបតី អាម៉េរិក បានត្អូញត្អែរអំពីរឿងនេះទៅកាន់អ្នកកាសែត ប៉ូលីទីកូ (Politico) ថា ៖ “អ៊ុយក្រែន មិនបានរៀបចំការបោះឆ្នោតតាំងពីយូរមកហើយ...ពួកគេនិយាយអំពីប្រជាធិបតេយ្យ ប៉ុន្តែពួកគេ បានឈានមកដល់ពេលវេលាដែលមិនមានប្រជាធិបតេយ្យទាល់តែសោះ។” ជាសង្ខេប នេះគឺជាការប្រើប្រាស់ភាសាដូចភាសាវិមានក្រឹមឡាំងដើម្បីនិយាយយកភាពត្រឹមត្រូវលើសង្រ្គាម គឺថា លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី លែងមានភាពស្របច្បាប់តាំងពីខែឧសភា ឆ្នាំ២០២៤ ដែលជាកាលបរិច្ឆេទ ដែលអណត្តិប្រធានាធិបតីរបស់លោក ត្រូវបានបញ្ចប់។
ទីក្រុងគៀវ មិនដែលបិទទ្វារសម្រាប់ការឱបក្រសោបលទ្ធិប្រជាធិបតេយ្យទេ។ កាលពីខែធ្នូ ឆ្នាំ២០២៥ លោកវ៉ូឡូឌីមៀ ហ្ស៉េឡេនស្គី ធ្លាប់បានថ្លែងថា លោកសុំទៅកាន់សហរដ្ឋអាម៉េរិក ឲ្យជួយលោក ហើយប្រហែលជាមួយសហការីអឺរ៉ុបដែរ ឲ្យធានាសន្តិសុខសម្រាប់ការរៀបចំការបោះឆ្នោត... ។
ទោះជាយ៉ាងណា នៅតែមានជាបញ្ហាបច្ចុប្បន្នភាពជានិច្ច ដែលជនជាតិអ៊ុយក្រែនរាប់លាននាក់បានភៀសខ្លួន ហើយទឹកដីជាតិ ប្រមាណ ២០% ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ហើយប្រជាជនក៏មិនគាំទ្រសម្រាប់ការបោះឆ្នោតដែរ។
បើយោងតាមវិទ្យាស្ថានអន្តរជាតិសង្គមវិទ្យាទីក្រុងគៀវ បានឲ្យដឹងថា ជនជាតិអ៊ុយក្រែន២២% គាំទ្រឲ្យមានការបោះឆ្នោតបន្ទាប់ពីមានបទឈប់បាញ់ជាមួយការធានាអំពីសន្តិសុខ។ ចំណែក ២/៣ នៃប្រជាជន គិតថា ការឆ្នោតគួរតែត្រូវរៀបចំបន្ទាប់ពីសង្រ្គាមបានបញ្ចប់។
ប៉ុន្តែប្រឈមមុខនឹងការដាក់សំពាធពីអាម៉េរិក ទីក្រុងគៀវមិនបានរង់ចាំរហូតដល់ឱសានវាទដើម្បីចាប់ផ្តើមត្រៀមខ្លួននោះដែរ។ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន បានសុំទៅកាន់តំណាងរាស្រ្ត ឲ្យរៀបចំការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីរៀបចំការបោះឆ្នោតក្រោមច្បាប់អាជ្ញាសឹក។