ក្រសួងមហាផ្ទៃ ហាមបង្ហោះដ្រូនរយៈពេល១៥ថ្ងៃ
ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានហាមមិនឱ្យមានបង្ហោះដ្រូនរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះតទៅ។
តាមរយៈលិខិតជម្រាបទៅអភិបាលខេត្តមានភូមិសាស្ត្រជាប់ប្រទេសថៃ រួមទាំងខេត្តសៀមរាប និងកំពង់ធំ នៅយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការហាមបង្ហោះដ្រូន ក្នុងគោលបំណង់លើកកម្ពស់ការគ្រប់គ្រង និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាព សង្គមនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ និងខេត្តពាក់ព័ន្ធក្នុងកាល:ទេស:ដែលប្រទេសជាតិត្រូវ បានប្រទេសថៃរំលោភបំពានមកលើអធិបតេយ្យ និងបូរណភាពទឹកដី។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្នុងករណីមានការបង្ហោះដ្រូន អ្នកប្រព្រឹត្តល្មើស នឹងត្រូវទទួលទោសទណ្ឌ និងវិធានការរដ្ឋបាលតាមច្បាប់កំណត់ជាធរមាន។
លោកឧបនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅរដ្ឋបាលខេត្តត្រូវ ចាត់ចែងតាមដាន និងគ្រប់គ្រងសភាពការណ៍ខាងលើឱ្យបានម៉ឹងម៉ាត់បំផុត ព្រមទាំងធ្វើរបាយការណ៍ជារៀងរាល់ថ្ងៃជូនមកក្រសួងមហាផ្ទៃដែលមានអគ្គនាយកដ្ឋានរដ្ឋបាលជាសេនាធិការ កុំបីខាន៕

Daily Program
