រកឃើញសត្វព្រៃកម្រជិតផុតពូជបំផុត១០ប្រភេទ ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស

សត្វព្រៃដែលជិតផុតពូជ និងជាសត្វកម្របំផុតនោះត្រូវបានគេរកឃើញចំនួន១០ប្រភេទកំពុងមានវត្តមាននៅក្នុងជម្រកសត្វព្រៃភ្នំសំកុស នៃភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

តំបន់ទាំងនេះគឺជាទីជ្រកសំខាន់ៗ និងទីតាំងមានវត្តមានប្រភេទសត្វទាំងនេះ នឹងប្រើប្រាស់ជាទឡ្ហីករណ៍ក្នុងដំណើការនៃការកំណត់ និងបែងចែកតំបន់គ្រប់គ្រង ពិសេសតំបន់អភិរក្ស ក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស។

ក្រសួងបរិស្ថានបានឱ្យដឹងថាបើយោងតាមលទ្ធផលនៃការសិក្សារបស់គម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា នៃក្រសួងបរិស្ថាន រយៈពេល ៣ខែ ពីដើម ខែមេសា ឆ្នាំ២០២៦ ដល់ចុងខែមិថុនា ឆ្នាំ២០២៦នេះ គេបានរកឃើញវត្តមាន ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទជិតទទួលរងគ្រោះថ្នាក់ចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី , ខ្ទីង ,ប្រើសស្បូវ ,កែះ ,ខ្លាឃ្មុំតូច ,ខ្លាឃ្មុំធំ ,ឆ្កែព្រៃ ,ជ្រូកពោន ឬជ្រូកព្រុល ,សំពោចកលឿង និងស្វាត្រោស ។ក្រៅពីនេះក៏បានរកឃើញ ប្រភេទថនិកសត្វ បក្សីមួយចំនួនទៀត មានវត្តមាននៅក្នុងដែនជម្រកសត្វព្រៃភ្នំសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង។

ក្នុងចំណោមសត្វកម្រទាំងនេះដែលគេចាប់អារម្មណ៍ជាងគេនោះគឺដំរីអាស៊ី ជាប្រភេទសត្វចតុបាទដែលមានមាឌធំជាងគេបំផុត។ វាមានប្រមោយវែង ស្បែកក្រាស់ពណ៌ប្រផេះ និងមានរោមរឹងខ្លីៗ ស្លឹកត្រចៀកមានរាងដូចផ្លិតតែស្តើង។ ដំរីអាស៊ីមានខ្នងស្ទើរាបស្មើ រីឯដំរីអាហ្វ្រិកមានខ្នងកោងជាទួលខ្ពស់ឡើងលើ។ 

សត្វដំរីរស់នៅតាមព្រៃល្បោះ វាលស្មៅ ព្រៃឬស្សី ព្រៃជាំទឹក តាមដងអូរ ព្រៃពាក់កណ្តាលស្រោង និងព្រៃស្រោង។ ចំនួនសត្វដំរីនៅ    កម្ពុជាមានតិចតួច និងមានជម្រក ស្ថិតនៅភូមិភាគឦសាន និរតី (ជួរភ្នំក្រវាញ) និងភូមិភាគខាងជើង។ បញ្ហាប្រឈម មានដូចជា ការបរបាញ់ដើម្បីយកភ្លុក និងបាត់បង់ទីជម្រក។ ដំរីអាស៊ីស្ថិតក្នុងប្រភេទជិតផុតពូជ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (EN) ជាប្រភេទដែលជិតផុតពូជនៅលើពិភពលោក៕

 

Daily Program

Livesteam thumbnail