បន្ទាត់ក្រហមនៃភពផែនដី ៖ នៅពេលដែលក្តីសង្ឃឹម + ១,៥ °C ត្រូវបាក់បែក ពិភពលោកត្រូវភ្ញាក់រលឹកដើម្បីទទួលយកការពិតដ៏ក្តៅគគុក

ពិភពលោកលែងមានពេលសម្រាប់ភាពស្ទាក់ស្ទើរទៀតហើយ! នៅក្នុងរបាយការណ៍ដ៏ តក់ស្លុតមួយដែលត្រូវបានផ្សព្វផ្សាយដោយកម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ (UNEP) កាលពីដើមខែកញ្ញា ឆ្នាំ២០២៦ បានឲ្យដឹងថា បន្ទាត់ក្រហមដ៏មានតម្លៃបំផុតនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីអំពីអាកាសធាតុ គឺការទប់ស្កាត់ការឡើងកម្តៅផែនដីមិនឱ្យឡើងហួសកម្រិត +១,៥°C គឺត្រូវបានប្រកាសថា «ស្ថិតនៅពីក្រៅការ​សម្រេចបាន» ជាផ្លូវការ​ ហើយ​។

ការសន្និដ្ឋាននេះមិនត្រឹមតែជាការបាត់បង់នូវគោលដៅនិមិត្តរូបដ៏ពិសិដ្ឋមួយប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាសញ្ញាអាសន្នដ៏ខ្ពស់បំផុត ដែលទាមទារឱ្យមនុស្សជាតិទាំងមូលភ្ញាក់រលឹក និងប្តូរវិធី​ សាស្ត្ររស់នៅជាបន្ទាន់ ព្រោះថាពីពេលនេះទៅ គេត្រូវតែត្រៀមខ្លួនប្រឈមមុខនឹងពិភពលោកដែលកាន់តែក្តៅខ្លាំង។

នៅឆ្នាំ២០១៥ ប្រទេសជិត ២០០បានសន្យាគ្នាយ៉ាងម៉ឺងម៉ាត់នៅទីក្រុងប៉ារីស ថា​នឹង​ព្យាយាមគ្រប់គ្រងសីតុណ្ហភាពពិភពលោកមិនឱ្យកើនឡើងហួសពី +១,៥°C ធៀបនឹង​យុគ​សម័យមុនឧស្សាហកម្ម។ ប៉ុន្តែពេលនេះ ការពិតដ៏ឈឺចាប់បានបង្ហាញថា ផែនដី​បាន​ឡើងកម្តៅប្រហែល +១,៤ °C រួចទៅហើយ ដោយសារតែការ​ដុតថាមពល​ឥន្ធនៈហ្វូស៊ីល​ដ៏សន្ធោសន្ធៅ នៅ​ខណៈដែលការបំភាយឧស្ម័នកាបូនិក និងមេតាន បន្តកើន​ឡើងជា​លំដាប់។

បីឆ្នាំកន្លងទៅនេះ គឺជាឆ្នាំដែលក្តៅបំផុតក្នុងប្រវត្តិសាស្ត្រនៃការកត់ត្រា។ អ្នកវិទ្យាសាស្ត្របាន​ឯកភាពគ្នាថា ការឆ្លងហួសកម្រិត +១,៥°C គឺលែងអាចជៀសរួចទៀតហើយ​ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំខាងមុខនេះ។ បញ្ហាប្រឈមដ៏ធំបំផុតនាពេលបច្ចុប្បន្ន គឺមិនមែនគេចវេសពីការឡើងលើស​កម្រិតសីតុណ្ហភាពនោះទេ ប៉ុន្តែគឺ «ការគ្រប់គ្រង និងបន្ធូរបន្ថយជាអតិបរមានូវវិសាលភាព និង​រយៈពេលនៃការឆ្លងហួសនេះ»។

លោករីឆាត បេត (Richard Betts) សាស្ត្រាចារ្យ និងជាអ្នកសហការតាក់តែងរបាយការណ៍ បាន​ថ្លែងយ៉ាងចំៗថា ៖ «នេះគឺជាការវិលត្រឡប់មក​រកសច្ចភាព។ យើងត្រូវតែរស់ជាមួយពិភពលោកដែលកាន់តែក្តៅ ប៉ុន្តែវានៅសេសសល់រឿងច្រើនណាស់ដែលត្រូវធ្វើ ដើម្បីកម្រិតការកើនកម្តៅបន្ថែម។»

ស្រដៀងគ្នានេះដែរ លោកស្រី ដឺប្រា រ៉ូប៊ែរ (Debra Roberts) អ្នកអាកាសធាតុវិទូ បានសង្កត់ធ្ងន់ថា អ្នកសម្រេចគោលនយោបាយនានាត្រូវដឹងថា «ច្បាប់នៃល្បែងកំពុងតែផ្លាស់ប្តូរ»។ វិធីសាស្ត្រចាស់ៗក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ គឺលែងសមស្របទៀត​​ហើយ​។ ពិភពលោកត្រូវតែគិតគូរឡើងវិញជាបន្ទាន់អំពីអភិបាលកិច្ច និងការរៀបចំខ្លួនឱ្យបានត្រឹមត្រូវ ដែលកន្លងមកមិនធ្លាប់មានផែនការណាមួយត្រៀមទុកសម្រាប់រឿងនេះឡើយ។

ក៏មានសំឡេងរិះគន់​ជាច្រើនផងដែរ អ្នកវិទ្យាសាស្ត្រខ្លះបារម្ភថា របាយការណ៍នេះអាចក្លាយជាការអំពាវនាវបែបអតីតកាល និងការព្រងើយកន្តើយ ជាជាងការជំរុញឱ្យមានសកម្មភាពពិតប្រាកដ។

ការឆ្លងហួសកម្រិត +១,៥°C មិនមែនគ្រាន់តែជាតួលេខនៅលើក្រដាសនោះទេ ប៉ុន្តែវាគឺជាគ្រោះមហន្តរាយដែលនឹងបង្កឱ្យមានបាតុភូតឧតុនិយមដ៏ហួសហេតុ និងបង្ខិតភពផែនដីទៅរក «ចំណុចក្រឡាប់ចាក់» (Tipping Point) ដែលមិនអាចត្រឡប់ក្រោយវិញបាន ដែលរួមមាន ការបាក់ស្រុតនៃផ្ទាំងទឹកកកយក្ស និងការរលំរលាយនៃប្រជុំកោះផ្កាថ្មប៉ប្រះទឹកនៅតំបន់ត្រូពិចជាដើម។

 

Daily Program

Livesteam thumbnail
khmer popup image