មហន្តរាយអាកាសធាតុឆ្នាំ២០២៥ ៖ សិស្ស ១ ក្នុងចំណោម ១០នាក់នៅទូទាំង ពិភពលោករងការរំខានដល់ការសិក្សា

វិបត្តិអាកាសធាតុមិនត្រឹមតែកម្ទេចផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធនោះទេ ប៉ុន្តែវាកំពុង លួច​យក​អនាគត និងចំណេះដឹងពីកុមារជុំវិញពិភពលោកយ៉ាងធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍ថ្មីរបស់អង្គការយូនីសេហ្វ (UNICEF) បានបង្ហាញថា ខ្យល់ព្យុះដ៏​កំណាច​ សាហាវ ទឹកជំនន់លិចលង់ និងរលកកម្តៅបំបែកកំណត់ត្រា បានបង្កវិនាសកម្មដល់ ការសិក្សារបស់កុមារជាង ១៧១លាននាក់ទូទាំងពិភពលោកក្នុងឆ្នាំ២០២៥ ដែលស្មើនឹង​សិស្ស ១ នាក់ក្នុងចំណោម ១០ នាក់។

ការរំខានដល់ការរៀនសូត្រនេះកើតមានឡើងតាមរយៈច្រើនទម្រង់ រាប់ចាប់ពីការបិទ សាលា រៀន ការផ្អាកការសិក្សា ការកាត់បន្ថយថ្ងៃរៀន រហូតដល់ការរៀចចំឲ្យមានការរៀនពីចម្ងាយ ដែល​​កុមារជាច្រើនគ្មានលទ្ធភាព។ ក្នុងករណីខ្លះគ្រឹះស្ថានសិក្សាត្រូវខូចខាតខ្ទេចខ្ទី​ដោយ​ផ្ទាល់ ខណៈការជម្លៀសប្រជាជន និងអត្រាអវត្តមានខ្ពស់ កំពុងរុញច្រានកុមារឱ្យប្រឈម​នឹង​ហានិភ័យ​នៃការបោះបង់ការសិក្សាជារៀងរហូត។

អគ្គនាយិកាអង្គការយូនីសេហ្វ អ្នកស្រី កាទើរីន រូសែល បានថ្លែងយ៉ាងបារម្ភថា អាកាសធាតុ​អាក្រក់​មិនត្រឹមតែធ្វើឱ្យផ្អាកការរៀនសូត្របណ្តោះអាសន្នប៉ុណ្ណោះទេ ប៉ុន្តែវាបំផ្លាញសាលា​រៀន បំផ្លិចបំផ្លាញជីវិតគ្រួសារ និងបង្ខំឱ្យកុមារងាយរងគ្រោះ ជាពិសេសក្មេងស្រី ឲ្យបោះបង់​ចោល​សាលារៀន​ចោលតែម្តង។

តួលេខនៃផលប៉ះពាល់តាមប្រភេទគ្រោះមហន្តរាយបង្ហាញថា ខ្យល់ព្យុះគឺជាបាតុភូតបំផ្លិច​បំផ្លាញ​​ធំ​ជាងគេ​បំផុតក្នុងឆ្នាំ២០២៥ ដោយវាបានប៉ះពាល់ដល់សិស្សប្រមាណ ១០៩ លាន​នាក់។ ចំណែកឯទឹកជំនន់បានលុកលុយកុមារយ៉ាងហោចណាស់ ៧០ លាននាក់ និងរលក​កម្តៅ​បាន​បំផ្លាញ​បរិយាកាស​រៀនសូត្ររបស់សិស្សប្រមាណ ៥០ លាននាក់។

ទិន្នន័យដ៏គួរឱ្យព្រួយបារម្ភ គឺជិត ៣/៤ នៃសិស្សដែលរងផលប៉ះពាល់ទាំងអស់ រស់នៅ​ក្នុង​ប្រទេសដែលមានចំណូលខ្សោយ ឬចំណូលមធ្យមទាប ដែលជាកន្លែងប្រព័ន្ធអប់រំខ្វះ​ខាត​មធ្យោបាយទប់ទល់នឹងវិបត្តិអាកាសធាតុបំផុត។

ក្នុងចំណោមនោះ សិស្សស្រីគឺជាក្រុមងាយរងគ្រោះខ្លាំងជាងគេ។ នៅពេលសាលារៀន និង​ហេដ្ឋារចនាសម្ព័ន្ធសុខភាពខូចខាត រួមផ្សំការផ្លាស់ទីលំនៅរបស់គ្រួសារ ក្មេងស្រី​តែងតែ​ត្រូវ​គេ​ទាមទារឱ្យលះបង់ការសិក្សាដើម្បីមកធ្វើការងារផ្ទះ ថែទាំសាច់ញាតិ ឬដើររកទឹក​ជាដើម។ ភាពក្រីក្រ និងវិបត្តិនេះ ក៏ជាកាតាលីករជំរុញឱ្យយុវនារីរៀបការទាំងវ័យក្មេង ដែល​ធ្វើ​ឱ្យ​ពួកគេ​បាត់បង់​ឱកាសវិលត្រឡប់មករកសាលារៀនវិញទាំងស្រុង។

ក្រៅពីការខកខានការសិក្សាបច្ចុប្បន្ន វិបប្លាសអាកាសធាតុបានបន្សល់ទុកនូវស្នាមរបួស​អវិជ្ជមាន​​ជាអចិន្ត្រៃយ៍លើអនាគត និងក្តីសង្ឃឹមរបស់កុមារ។ ប្រឈមមុខនឹងស្ថានភាពនេះ អង្គការយូនីសេហ្វបានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់រដ្ឋាភិបាលគ្រប់ប្រទេស ឱ្យពង្រឹង​ភាពធន់​នៃប្រព័ន្ធអប់រំ ដោយត្រូវវិនិយោគលើការសាងសង់សាលារៀនដែលអាចទប់ទល់នឹង​បាតុភូតអាកាសធាតុហួសហេតុ និងរៀបចំសម្ភារៈសិក្សាជំនួសដែលអាចបន្តការរៀនសូត្រ​បាន​ទោះស្ថិតក្នុងកាលៈទេសៈមានវិបត្តិក៏ដោយ។

ទីភ្នាក់ងារយូនីសេហ្វ ក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើន​ហិរញ្ញប្បទាន​លើវិស័យ​អប់រំ និងការបង្កើតមធ្យោបាយឱ្យកុមារនិងយុវជនទទួលបានចំណេះ​ដឹងចាំបាច់ ដើម្បីសម្រប​ខ្លួន​ទៅនឹងការប្រែប្រួលអាកាសធាតុ។

អ្នកស្រី កាទើរីន រូសែល បានបញ្ជាក់ជាថ្មីថា អាកាសធាតុអវិជ្ជមានកំពុងបំផ្លាញជីវិត និង​អនាគត​កុមារយ៉ាងពិតប្រាកដ ដែលតម្រូវឱ្យយើងត្រូវតែវិនិយោគលើសាលារៀន និងប្រព័ន្ធ​អប់រំ​ប្រកបដោយភាពវៃឆ្លាត ដើម្បីទប់ទល់ទៅនឹងរាល់ការវាយលុកពីធម្មជាតិប្រែ​ប្រួល។

 

 

 

 

 

Daily Program

Livesteam thumbnail
khmer popup image