ពីរាំងស្ងួតដល់ទឹកជំនន់ ៖ វដ្តទឹកពិភពលោកកំពុងប្រែប្រួលយ៉ាងគួរឱ្យព្រួយបារម្ភ

វដ្តទឹកនៅលើភពផែនដីកំពុងផ្លាស់ប្តូរទៅក្នុងទិសដៅដែលកាន់តែមិនទៀងទាត់ និងពិបាក ព្យាករទុកមុន ពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរ រហូតដល់ទឹកជំនន់ និងការរលាយផ្ទាំងទឹកកក ទិន្នន័យ ថ្មីកំពុងបង្ហាញថា ធនធានទឹកសាបរបស់ពិភពលោកកំពុងប្រឈមនឹងសម្ពាធកាន់តែខ្លាំង។

របាយការណ៍ថ្មីរបស់អង្គការឧតុនិយមពិភពលោក(OMM) ដែលចេញផ្សាយកាលពីពាក់​កណ្តាលខែកញ្ញា ឆ្នាំ២០២៦ បានព្រមានថា វដ្តទឹកសកលកំពុងក្លាយជាកាន់តែមិនទៀងទាត់ និង​មិនអាចទស្សន៍ទាយបាន ខណៈឆ្នាំ២០២៥ ត្រូវបានចាត់ទុកថា ជាឆ្នាំមួយក្នុងចំណោមឆ្នាំ​ដែល​​មានស្ថានភាពទឹកខុសប្រក្រតីខ្លាំងបំផុតក្នុងរយៈពេលជាង ៣ទសវត្សរ៍កន្លងមក។

ទឹកកាន់តែខ្វះនៅកន្លែងខ្លះ ប៉ុន្តែកាន់តែច្រើននៅកន្លែងផ្សេង

អង្គការឧតុនិយមពិភពលោក(OMM) បានបញ្ជាក់ថា ស្ថានភាពនេះកើតឡើងក្នុងបរិបទនៃការ​ថយ​ចុះរយៈពេលវែងនៃអាងស្តុកទឹកសាប និងការបាត់បង់ផ្ទាំងទឹកកកជាបន្តបន្ទាប់។

វដ្តទឹកសកលកំពុងបង្ហាញការផ្លាស់ប្តូររវាងការខ្វះទឹកខ្លាំងរាំងស្ងួតនៅតំបន់មួយ និងទឹក​លើសលប់​ទឹកជំនន់​នៅ​​តំបន់មួយទៀត ដែលមានកាន់តែញឹកញាប់។ ធាតុមួយចំនួននៃវដ្តទឹក ដូចជា ភ្លៀង លំហូរទឹកទន្លេ និងសំណើមដី កំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដោយប្រែប្រួលនឹង​ស្ថានភាព​អាកាសធាតុក្នុង​រយៈ​​ពេលត្រឹមតែប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍។ ​ចំណែកធាតុផ្សេង​ទៀត​ដូចជា ទឹកក្រោមដី ផ្ទាំងទឹកកក និងស្រទាប់ព្រិលតាមរដូវ មាន​ការ​ផ្លាស់ប្តូរ​យឺតជាង និង​អាច​បង្ហាញការប្រែប្រួលក្នុងរយៈពេលជាច្រើនឆ្នាំ ឬរាប់ទសវត្សរ៍។​

ការរួមបញ្ចូលគ្នានៃការ​ប្រែប្រួលទាំងនេះ កំពុងធ្វើឱ្យការគ្រប់គ្រងធនធានទឹកកាន់តែពិបាក ជាពិសេសនៅពេលគ្រោះរាំងស្ងួតអូសបន្លាយជាច្រើនឆ្នាំ។

មនុស្សជាតិកំពុងធ្វើឱ្យទឹកសាបបម្រុងរីងខ្សោះ

អគ្គលេខាធិការអង្គការឧតុនិយមពិភពលោក(OMM) លោកស្រីសេឡេស សូឡូ បានព្រមាន​ថា ពិភពលោក​កំពុងប្រើប្រាស់ និងបាត់បង់ធនធាន​ទឹកសាបបម្រុងក្នុងល្បឿនដែលគួរឱ្យ​ព្រួយ​​បារម្ភ។ លោកស្រីបានលើកឡើងថា ទឹកសាបដែលស្ថិតនៅលើដីគោក មាន​និន្នាការ​ថយចុះ​ចាប់តាំងពីឆ្នាំ២០១៤–២០១៥ ដែលជាសញ្ញាព្រមានមួយបាន​បន្តអស់រយៈពេល​ប្រមាណ​​​មួយទសវត្សរ៍មកហើយ។​

របាយការណ៍បានរកឃើញថា ប្រមាណ ២/៣ នៃអណ្ដូងទឹកដែលត្រូវបានគេតាមដាន​នៅ​ទូទាំង​​ពិភពលោក បានបង្ហាញស្ថានភាពនៅឆ្នាំ២០២៥ ដែលខុសពីលំនាំធម្មតារបស់វា។

នេះ​គឺជាសញ្ញាដែលបង្ហាញថា ការប្រែប្រួលនៃវដ្តទឹកមិនមែនកំពុងកើតឡើងត្រឹមលើផ្ទៃដីទេ ប៉ុន្តែ​កំពុងជ្រាបចូលទៅដល់ប្រព័ន្ធទឹកក្រោមដី ដែលជាប្រភពទឹកសំខាន់សម្រាប់មនុស្ស​រាប់​ពាន់​លាននាក់។

សញ្ញាព្រមានសម្រាប់អនាគត

អ្វីដែលរបាយការណ៍របស់អង្គការឧតុនិយមពិភពលោក(OMM) បង្ហាញ មិនមែនជារឿងរបស់​ទន្លេ ផ្ទាំងទឹកកក ឬទឹកក្រោម​ដី​ដាច់ដោយឡែកពីគ្នានោះទេ។ វាជារូបភាពរួមនៃប្រព័ន្ធទឹក​សកល​ដែលកំពុងផ្លាស់ប្តូរ។ ទឹកមិនបានបាត់ពីផែនដីទាំងស្រុងទេ ប៉ុន្តែវាកំពុងផ្លាស់ទី និង​ចែក​ចាយ​ក្នុងរបៀប​ដែលមិន​ទៀងទាត់​ជាងមុន។ នៅកន្លែងខ្លះ មនុស្សកំពុងប្រឈមនឹងការ​ខ្វះ​ទឹក និងគ្រោះរាំងស្ងួត​អូស​បន្លាយ រីឯនៅកន្លែង​ផ្សេង​ទៀត ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់​កាន់​​តែ​​បង្ក​ការ​ខូចខាត។ ទន្ទឹម​នឹង​នោះ ប្រភពទឹក​ដែលធ្លាប់ដើរតួនាទីជាឃ្លាំងស្តុក​ទឹក​ធម្មជាតិ ដូចជាផ្ទាំងទឹកកក និងទឹក​ក្រោមដី ក៏កំពុង​រងសម្ពាធកាន់តែខ្លាំង។

សម្រាប់ពិភពលោកដែលពឹងផ្អែកលើទឹកសាបសម្រាប់ការរស់នៅ កសិកម្ម ថាមពល សុខភាព និងសេដ្ឋកិច្ច ការប្រែប្រួលទាំងនេះគឺជាសញ្ញាព្រមានដែលមិនអាចមើលរំលងបាន។

 

 

 

 

Daily Program

Livesteam thumbnail
khmer popup image