ក្រុមយុវជនជំនាន់ Gen Z សូមស្វែងរកអត្ថន័យនៃជីវិត និងសន្តិភាពផ្លូវចិត្ត កុំលុះតាមការញុះញង់របស់អ្នកដទៃ

ក្រុមមនុស្សដែលស្ថិតក្នុងជំនាន់ Gen Z នេះ សូមកុំលុះតាមការអូសទាញរបស់គេ។ ត្រូវគិតគូរឱ្យបានវែងឆ្ងាយ និងសម្លឹងមើលបញ្ហាឱ្យបានច្បាស់លាស់ ឈរលើមូលដ្ឋានគ្រប់ជ្រុងជ្រោយ ហើយត្រូវព្យាយាមពិនិត្យមើលបញ្ហាដោយផ្ដោតលើអត្ថន័យនៃជីវិត និងសន្តិភាពផ្លូវចិត្ត។

មនុស្សមានច្រើនជំពូក និងច្រើនប្រភេទណាស់ ហើយម្នាក់ៗអាចមើលឃើញថាក្រុម Gen Z ជាក្រុមដែលមានសក្តានុពល។ ហេតុដូច្នេះហើយ ទើបគេព្យាយាមទាញចំណាប់អារម្មណ៍ និងការគាំទ្រពីក្រុមមនុស្សក្នុងជំនាន់នេះ។ នៅកម្ពុជាយើង មានប្រជាពលរដ្ឋដែលកើតក្នុងជំនាន់ Gen Z នេះច្រើនគួរសម។ ដូច្នេះហើយ បានជាមកទល់ពេលនេះ អ្នកដែលមានមហិច្ឆិតានយោបាយតែងតែព្យាយាមអូសទាញក្រុមមនុស្សជំនាន់នេះឱ្យគាំទ្រ ដោយបង្កើតកម្មវិធីនេះកម្មវិធីនោះ។ ក្រុមខ្លះ នៅពេលដែលមានសភាពការណ៍ប្លែកៗទាក់ទងនឹងកម្លាំងរបស់ក្រុម Gen Z ទោះជានៅក្រៅប្រទេស ក៏ព្យាយាមអូសទាញ និងយកបទពិសោធន៍នោះមកសាបព្រោះ បណ្ដុះគំនិតអវិជ្ជមាន តាមឆន្ទៈ និងគោលបំណងនយោបាយដែលគេលាក់កំបាំង។

ស្ថិតក្នុងបរិយាកាសនៃការអូសទាញបែបនេះ ដើម្បីការពារខ្លួន ក៏ដូចជាបង្ការហានិភ័យនៃការធ្លាក់ចូលទៅក្នុងអន្ទាក់នៃចេតនាដ៏ពិសពុលនានា ក្រុមយុវជន Gen Z ចូរខិតខំប្រឹងប្រែងស្វែងយល់ ទាំងចំណេះដឹង និងបទពិសោធន៍ ហើយរិះគិតឱ្យបានច្បាស់លាស់។ រាល់បញ្ហាណាមួយដែលកើតមាន និងរាល់ការអូសទាញ សូមថ្លឹងថ្លែងឱ្យបានហ្មត់ចត់ ហើយក៏សូមពិគ្រោះយោបល់ជាមួយអ្នកដែលយើងគិតថាជាចាស់ទុំនៅក្នុងគ្រួសារ ឬនៅក្នុងសហគមន៍។ ក្រៅពីនោះ ត្រូវតែផ្ទៀងផ្ទាត់រាល់ព័ត៌មានដែលគេបានបង្កើត។ ព័ត៌មាននៅពេលបច្ចុប្បន្ន សំបូរទៅដោយការប្រឌិត និងការបង្កើតឡើងដោយគ្មានមូលដ្ឋាន។ ដូច្នេះ ក្នុងនាមជាមនុស្សទាន់សម័យ ចូរប្រឹងប្រែងរៀនសូត្រទាំងចំណេះដឹងទូទៅ និងជំនាញឯកទេសនានា ដើម្បីធ្វើយ៉ាងណាដុះខាត់ការគិត និងការសម្រេចចិត្តដោយឈរលើភាពត្រឹមត្រូវ។

នៅពេលដែលនរណានិយាយអ្វី សូមផ្ទៀងផ្ទាត់ ព្រោះនៅពេលនេះព័ត៌មានគឺនៅលើចុងម្រាមដៃរបស់យើង។ ចូរប្រើប្រាស់បច្ចេកវិទ្យា និងបទពិសោធន៍ក្នុងការវិភាគរកឫសគល់នៃបញ្ហា។ សូមកុំជឿ ហើយកុំចិត្តស្លុយធ្វើអ្វីៗតាមការអូសទាញដោយអ្នកណាម្នាក់។ មុននឹងជឿ គួរតែមានអំណះអំណាង មានសក្ខីកម្ម និងមានទិដ្ឋភាពជាក់ស្ដែង។ ប្រសិនបើទើបតែយើងខ្វះការគិតគូរ ខ្វះការពិចារណា យើងនឹងធ្លាក់ទៅក្នុងក្រុមដែលបម្រើឆន្ទៈ និងចេតនារបស់គេ ដែលអាចធ្វើឱ្យយើងជួបគ្រោះថ្នាក់ជាយថាហេតុណាមួយកើតឡើង។

សរុបមក យុវជនជំនាន់ Gen Z គឺជាកម្លាំងដ៏មានសក្តានុពលសម្រាប់ការអភិវឌ្ឍសង្គម និងប្រទេសជាតិ ប៉ុន្តែសក្តានុពលនេះនឹងក្លាយជាកម្លាំងវិជ្ជមានបាន លុះត្រាតែយុវជនមានចំណេះដឹង មានការគិតពិចារណាច្បាស់លាស់ និងមានភាពម្ចាស់ការក្នុងការសម្រេចចិត្ត។ ក្នុងពិភពដែលព័ត៌មានរីករាលដាលយ៉ាងឆាប់រហ័ស និងការអូសទាញអាចកើតមានគ្រប់ទម្រង់ យុវជនមិនគួរជឿតាមការញុះញង់ ឬសម្រេចចិត្តតាមអារម្មណ៍មួយពេលនោះឡើយ ប៉ុន្តែត្រូវចេះផ្ទៀងផ្ទាត់ព័ត៌មាន ពិនិត្យមើលអំណះអំណាង និងថ្លឹងថ្លែងផលប្រយោជន៍ព្រមទាំងផលវិបាកឱ្យបានគ្រប់ជ្រុងជ្រោយ។ การមានស្មារតីឯករាជ្យក្នុងការគិត មិនមែនមានន័យថាបដិសេធគំនិតអ្នកដទៃទេ ប៉ុន្តែជាការចេះស្ដាប់ ចេះសួរ ចេះពិចារណា និងចេះជ្រើសរើសអ្វីដែលត្រឹមត្រូវដោយផ្អែកលើភស្តុតាង។ ដូច្នេះ យុវជន Gen Z គួរប្រើប្រាស់ចំណេះដឹង បច្ចេកវិទ្យា និងបទពិសោធន៍ ដើម្បីកសាងអនាគតរបស់ខ្លួន និងរួមចំណែកដល់សង្គមប្រកបដោយការទទួលខុសត្រូវ។ សូមចងចាំថា ការសម្រេចចិត្តដោយមានការគិតពិចារណា អាចការពារខ្លួនពីការកេងប្រវ័ញ្ច និងជួយឱ្យយុវជនក្លាយជាកម្លាំងដ៏រឹងមាំសម្រាប់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

Daily Program

Livesteam thumbnail
khmer popup image