វគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធានឹងចាប់ផ្តើមនៅថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ

ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ជាថ្ងៃប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា គឺការប្រកាសចាប់ផ្តើមនូវវគ្គហ្វឹកហ្វឺនកាតព្វកិច្ចយោធាក្រុមទី១ ក្រោយពេលដែលច្បាប់កាតព្វកិច្ចយោធាត្រូវបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ។

ក្រៅពីជាថ្ងៃឯករាជ្យពីអាណានិគមនិយមបារាំង និងជាថ្ងៃកំណើតកងទ័ពរបស់កម្ពុជា ថ្ងៃចាប់ផ្តើមនៃការបំពេញកាតព្វកិច្ចយោធារបស់យុវជនកម្ពុជាដែលបានស្ម័គ្រចិត្ត ក៏ជាថ្ងៃប្រវត្តិសាស្ត្រមួយផងដែរ។ ព្រឹត្តិការណ៍នេះគួរតែចារឹកទុកនៅក្នុងក្រាំងប្រវត្តិសាស្ត្រ ហើយក៏ជាពេលវេលាដែលយើងត្រូវតែគិត និងបន្តចូលរួមដើម្បី លើកកម្ពស់ ខឿនការពារជាតិ និង លើកកម្ពស់ សមត្ថភាពយោធា។

តាមការប្រកាសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា ក្រោយពេលដែលក្រសួងការពារជាតិបានប្រកាសជូនដំណឹងអំពីការចែក និងផ្តល់ជូនពាក្យសុំចូលបំពេញកាតព្វកិច្ចនេះរួចមក នៅក្នុងរយៈពេល ១៣ ថ្ងៃ មានយុវជនកម្ពុជាជិត ១៥.០០០ នាក់ បានចុះឈ្មោះសុំចូលបំពេញ កាតព្វកិច្ច នេះ។

សម្តេចធិបតី បានថ្លែងស្វាគមន៍ និងសម្តែងការលើកទឹកចិត្តដល់ស្មារតីទទួលខុសត្រូវចំពោះជាតិ និងប្រជាជនរបស់ យុវជនកម្ពុជា ទាំងអស់ដែលបានស្ម័គ្រចិត្តចុះឈ្មោះ។ ប្អូនៗ ជាទីគោរព សូមឱ្យ ស្មារតីនេះបន្តស្ថិតនៅរឹងមាំ ដើម្បីយើងទាំងអស់គ្នាអាចមានធនធានពិតប្រាកដ និងមានសមត្ថភាពក្នុងការបំពេញ បេសកកម្ម ការពារជាតិនៅពេលខាងមុខ ប្រសិនបើមានបញ្ហាអវិជ្ជមានកើតឡើងចំពោះជាតិសារជាថ្មី។

នៅក្នុងអំឡុងពេលកំណត់ ២ ឆ្នាំ នៃកម្មវិធី សូមក្មួយៗខិតខំប្រឹងប្រែងក្នុងការក្រេបជញ្ជក់យកចំណេះដឹង និងជំនាញនានាដែលរដ្ឋាភិបាលបានបំពាក់ និងផ្តល់ជូន ដើម្បីជាទុនសម្រាប់បម្រើសេចក្តីត្រូវការ ជាគុណតម្លៃសម្រាប់បំណិនជីវិតរបស់យើងនៅក្នុងសង្គមផង និងជាការកសាងសមត្ថភាពក្នុងការការពារជាតិ និងមាតុភូមិរបស់យើងផងដែរ។

រយៈពេល ២ ឆ្នាំមិនវែង ហើយក៏មិនខ្លីដែរ បើយើងប្រឹងប្រែង យើងនឹងទទួលបានគុណតម្លៃពិតប្រាកដ មានប្រយោជន៍ចំពោះខ្លួនយើង និងចំពោះសង្គមជាតិរបស់យើង ដែលកំពុងតែត្រូវការធនធានមនុស្សដ៏មានសមត្ថភាពពិតប្រាកដ។ ចូរខិតខំប្រឹងប្រែង លើកកម្ពស់ បំណិន និងចំណេះដឹងដែលនឹងទទួលបាននៅក្នុងអំឡុងពេលបំពេញកាតព្វកិច្ចនេះឱ្យអស់ពីលទ្ធភាព។

 

Daily Program

Livesteam thumbnail
khmer popup image