គាំទ្រផលិតផលក្នុងស្រុក គឺជាការរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ
ការកើនឡើងនៃចំនួនផលិតផលក្នុងស្រុកដែលអាចផលិត និងដាក់លក់នៅលើទីផ្សារ គឺជាសញ្ញាមួយបង្ហាញពីការរីកចម្រើននៃសមត្ថភាពផលិតកម្មរបស់កម្ពុជា ដែលយើងជាប្រជាពលរដ្ឋគួរនាំគ្នាគាំទ្រផលិតផលទាំងនេះ ។
យោងតាមការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្ពុជាមានផលិតផលជាង ២.៦០០ ប្រភេទ ដែលបានចុះបញ្ជីក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៦ កើនឡើង ៧៣,៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
តួលេខនេះមិនត្រឹមតែបង្ហាញពីការកើនឡើងនៃចំនួនផលិតផលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាររំលឹកឱ្យយើងទាំងអស់គ្នាពិចារណាឡើងវិញអំពីតួនាទីរបស់អ្នកប្រើប្រាស់ក្នុងការជួយជំរុញផលិតកម្មក្នុងស្រុកផងដែរ។ ការគាំទ្រផលិតផលខ្មែរ គឺជាការគាំទ្រដល់សហគ្រិនក្នុងស្រុក ការបង្កើតការងារ និងការរក្សាចំណូលឱ្យហូរចូលក្នុងសេដ្ឋកិច្ចជាតិ។
នៅពេលប្រជាពលរដ្ឋជ្រើសរើសទិញផលិតផលដែលផលិតក្នុងស្រុក នោះពួកគេកំពុងជួយបង្កើតតម្រូវការទីផ្សារឱ្យសហគ្រាសខ្នាតខ្នាតតូចនិងមធ្យម មានឱកាសពង្រីកអាជីវកម្ម និងបង្កើនការផលិត។ ការរីកចម្រើនរបស់សហគ្រាសទាំងនេះ អាចបង្កើតការងារកាន់តែច្រើនសម្រាប់ប្រជាពលរដ្ឋ ជាពិសេសយុវជន និងអ្នករស់នៅតាមជនបទ ព្រមទាំងជួយបង្កើនប្រាក់ចំណូលគ្រួសារ និងកាត់បន្ថយការពឹងផ្អែកលើទំនិញនាំចូលមួយចំនួន។
ទោះជាយ៉ាងណា ការអំពាវនាវឱ្យប្រើប្រាស់ផលិតផលក្នុងស្រុក មិនគួរមានន័យថា អ្នកប្រើប្រាស់ត្រូវជ្រើសរើសផលិតផលខ្មែរដោយមិនគិតពីគុណភាព តម្លៃ និងសុវត្ថិភាពនោះទេ។ ផ្ទុយទៅវិញ ការគាំទ្រដ៏មានប្រសិទ្ធភាពត្រូវដើរទន្ទឹមគ្នាជាមួយការលើកកម្ពស់ស្តង់ដាផលិតកម្ម។ ផលិតករកម្ពុជាត្រូវខិតខំកែលម្អគុណភាព ការវេចខ្ចប់ អនាម័យ សុវត្ថិភាព និងការរចនាផលិតផលឱ្យមានភាពទាក់ទាញ ព្រមទាំងគោរពកម្មសិទ្ធិបញ្ញា ដើម្បីទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់។
ចំណែកប្រជាពលរដ្ឋ គួរចាប់ផ្តើមពីការសម្រេចចិត្តតូចៗក្នុងជីវភាពប្រចាំថ្ងៃ ដូចជាការជ្រើសរើសផលិតផលកសិកម្ម អាហារ ភេសជ្ជៈ សម្លៀកបំពាក់ និងទំនិញប្រើប្រាស់ក្នុងស្រុកដែលមានគុណភាព និងតម្លៃសមរម្យ។ ការអានស្លាកសញ្ញា ពិនិត្យប្រភពផលិត និងចែករំលែកបទពិសោធន៍ល្អៗអំពីផលិតផលខ្មែរ ក៏អាចជួយផ្សព្វផ្សាយ និងពង្រីកទីផ្សារដល់អ្នកផលិតក្នុងស្រុកបានដែរ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធគួរបន្តជួយសហគ្រាសក្នុងស្រុកតាមរយៈការបណ្តុះបណ្តាលបច្ចេកទេស ការទទួលបានហិរញ្ញប្បទានសមស្រប ការជំរុញនវានុវត្តន៍ និងការពង្រីកទីផ្សារ ដើម្បីឱ្យផលិតផលខ្មែរអាចប្រកួតប្រជែងបានទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ។
សរុបមក ការកើនឡើងនៃចំនួនផលិតផលក្នុងស្រុក គឺជាឱកាសដែលត្រូវបន្តពង្រឹងឱ្យក្លាយជាកម្លាំងជំរុញសេដ្ឋកិច្ចជាតិ។ ផលិតផលខ្មែរកើន អាជីវកម្មខ្មែររីកចម្រើន នោះសេដ្ឋកិច្ចជាតិក៏មានឱកាសរឹងមាំឡើងដែរ ដូច្នេះ ការគាំទ្រផលិតផលក្នុងស្រុកមិនមែនគ្រាន់តែជាការលើកទឹកចិត្តតាមពាក្យសម្តីទេ ប៉ុន្តែជាសកម្មភាពជាក់ស្តែងដែលប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមបាន តាមរយៈការជ្រើសរើសទិញផលិតផលខ្មែរដែលមានគុណភាព សុវត្ថិភាព និងតម្លៃសមរម្យ។
