ផលិតផលណាដែលខ្មែរផលិតបាន គួរកុំលើកទឹកចិត្តឱ្យនាំចូល!
ផលិតផលនៅក្នុងស្រុកឥឡូវផលិតបានច្រើនមុខ ដូច្នេះយើងទាំងអស់គ្នា គួរកុំលើកទឹកចិត្តឱ្យនាំចូលផលិតផលណាដែលយើងផលិតបាន ប៉ុន្តែអ្នកផលិតក៏ត្រូវយកចិត្តទុកដាក់ចំពោះគុណភាព ស្តង់ដាទំនិញ និងសុវត្ថិភាពដល់អ្នកប្រើប្រាស់ផងដែរ។
សព្វថ្ងៃនេះ តាមរបាយការណ៍របស់ស្ថាប័នជំនាញ ជាពិសេសគឺក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា រហូតមកដល់រយៈពេល ៩ខែនៃឆ្នាំ២០២៦ មានផលិតផលដែលផលិតករនៅក្នុងស្រុកផលិតបានសរុបប្រមាណជា ២.៦០០ មុខ ត្រូវបានចុះបញ្ជី។
នេះគឺជាសញ្ញាវិជ្ជមាន និងជាមោទនភាពមួយរបស់យើង ប៉ុន្តែសូមកុំឆ្អែតជាមួយនឹងសមិទ្ធផលនេះ ហើយផលិតករដែលផលិតនូវផលិតផលដែលមាន និងចុះបញ្ជីនេះ ត្រូវប្រឹងប្រែងអភិវឌ្ឍន៍ យកចិត្តទុកដាក់ពង្រឹងគុណភាព សោភ័ណភាព និងសុវត្ថិភាពកាន់តែរឹងមាំថែមទៀត ដើម្បីឱ្យអ្នកប្រើប្រាស់នៅក្នុងស្រុកកាន់តែមានទំនុកចិត្ត ហើយនាំគ្នាជួយជំរុញ និងលើកទឹកចិត្តផ្សព្វផ្សាយ ដើម្បីបង្កើនការនាំចេញទៅប្រកួតប្រជែងជាមួយផលិតផលនៃប្រទេសដទៃនៅលើទីផ្សារអន្តរជាតិ។
នៅពេលដែលផលិតផលនៅក្នុងស្រុកយើងមាន យើងជាពលរដ្ឋក៏គួរតែនាំគ្នាគាំទ្រផលិតផលទាំងនោះ។ ទោះជាផលិតផលទាំងនោះខ្វះខាតតិចតួច យើងអាចរិះគន់តែកែលម្អ ប៉ុន្តែកុំរិះគន់ជាន់ពន្លិច។ រិះគន់ដាស់តឿន ដើម្បីធ្វើយ៉ាងណារួបរួមគ្នា បង្កលក្ខណៈឈានទៅកាត់បន្ថយការនាំចូលផលិតផលពីបរទេស។
តាមស្ថិតិពីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា កម្ពុជានៅពេលនេះអាចមានសមត្ថភាពបន្ថយការនាំចូលផលិតផលមួយចំនួនហើយ ដូចជា ទឹកសុទ្ធ ស្រាបៀរ និងស្រា ទឹកផ្លែឈើ និងពពួកភេសជ្ជៈផ្សេងៗទៀត។ ស្ថិតិនៃការនាំចូលដែលកត់ត្រាដោយក្រសួងពាណិជ្ជកម្មនៅក្នុងរយៈពេល ៩ខែនៃឆ្នាំ២០២៦ នេះ កម្ពុជាបាននាំចូលទឹកត្រឹមតែ ១០,១០ លានដុល្លារ (ថយចុះ ៣០%) ស្រាបៀរ និងស្រាមានតម្លៃ ១៨,៦ លានដុល្លារ (ថយចុះ ១,៣៧%) ហើយការនាំចូលភេសជ្ជៈផ្សេងៗវិញគឺមានតម្លៃត្រឹម ១១២,៤១ លានដុល្លារ (ថយចុះប្រមាណជា ២៩%)។
ផ្អែកតាមស្ថិតិទាំងនេះ សូមយើងបន្តរក្សានិន្នាការ និងការខិតខំប្រឹងប្រែងបែបនេះបន្តទៀត ដើម្បីធានាធ្វើយ៉ាងណាឱ្យយើងអាចម្ចាស់ការលើធនធាន និងផលិតផលដែលយើងអាចផលិតដោយខ្លួនឯង ដោយមិនចាំបាច់ពឹងផ្អែកលើប្រទេសដទៃបន្តទៀត។
សរុបមក ការរីកចម្រើននៃផលិតផលក្នុងស្រុក គឺជាសមិទ្ធផលដ៏មានមោទនភាព និងជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចកម្ពុជា។ ការចុះបញ្ជីផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំ២០២៦ បង្ហាញពីការរីកចម្រើននៃសមត្ថភាពផលិតក្នុងស្រុក និងសក្តានុពលក្នុងការកាត់បន្ថយការនាំចូលផលិតផលពីបរទេស។ ទោះជាយ៉ាងណា ដើម្បីឱ្យផលិតផលខ្មែរអាចទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ និងប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបាន អ្នកផលិតត្រូវបន្តពង្រឹងគុណភាព សោភ័ណភាព ស្តង់ដា និងសុវត្ថិភាពផលិតផលឱ្យបានកាន់តែប្រសើរ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋគ្រប់រូបគួរចូលរួមគាំទ្រ និងប្រើប្រាស់ផលិតផលក្នុងស្រុក ដោយផ្តល់មតិយោបល់ស្ថាបនាដើម្បីជួយកែលម្អ មិនមែនរិះគន់ក្នុងន័យបង្អាប់ ឬបំបាក់ទឹកចិត្តអ្នកផលិតឡើយ។ ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ បង្កើតការងារ បង្កើនប្រាក់ចំណូល និងពង្រឹងឯករាជ្យភាពសេដ្ឋកិច្ចកម្ពុជា។
