អង្គការការីតាសកម្ពុជាជួយស្តារសុខភាពផ្លូវចិត្តិកុមារនៅជំរំជនភៀសសឹក

ក្នុងសប្តាហ៍នេះ ក្រុមអង្គការការីតាសកម្ពុជាផ្នែកសេវាសុខភាពផ្លូវចិត្តកុមារនិងយុវជន បានចុះទៅកាន់តំបន់ក្នុងខេត្តចំនួន៣ក្នុងប្រទេសកម្ពុជា ដើម្បីប្រឹក្សានិងជួយកុមារដែលមានបញ្ហាផ្លូវចិត្តដោយសារជម្លោះរវាងកម្ពុជានិងថៃ នៅជំរំជនភៀសសឹក។
បណ្ឌិតប៉ាត ពុទ្ធី អ្នកសម្របសម្រួលសេវាផ្លូវចិត្ត ការបណ្ដុះបណ្ដាល និងការស្រាវជ្រាវ នៃអង្គការការីតាសកម្ពុជាមានប្រសាសន៍ថា ក្រុមការងាររបស់គាត់បែងចែកជា៣ផ្នែកហើយបានចុះទៅតាមទីតាំងមួយចំនួនក្នុងខេត្តព្រះវិហារ ខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ។
លោកបន្តថា ការងាររបស់ក្រុមគឺនាំកុមារលេងជាមួយគ្នា សង្កេតលើអប្បកិរិយារបស់កុមារលើការលេង និងគូសគំនូររបស់ពួកគាត់ ហើយនឹងធ្វើសម្រង់មតិខ្លះលើកុមារ។
លោកពុទ្ធីបន្ថែម យើងឃើញថា កុមារមួយចំនួនស៊ាំនឹងភាពស្ថានភាពទាំងនេះ ដោយពួកគាត់អាចលេង រៀន និងធ្វើអ្វីមួយចំនួនដោយខ្លួនឯងនិងជាក្រុមបាន ប៉ុន្តែកុមារមួយចំនួនទៀតអាចប្រឈមមុខនឹងបញ្ហាផ្លូវចិត្ត។
ក្នុងប៉ុន្មានថ្ងៃនេះពីថ្ងៃទី១៨ ដល់១៩ ខែសីហា «យើងឃើញមានក្មេង១៥-២០ភាគរយត្រូវការអន្តរាគមន៍ជាលក្ខណៈក្រុមបន្ថែមទៀត» លោកពុទ្ធីបញ្ជាក់ទៀតថា អង្គការការីតាសនឹងវាយតម្លៃលើលទ្ធផលដែលបានធ្វើក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ និងចាត់វិធានការបន្ទាប់ទៀតប្រសិនបើចាំបាច់ ដើម្បីជួយដល់កុមារដែលមានផលប៉ះពាល់ខ្លាំងខាងផ្នែកផ្លូវចិត្ត។
បណ្ឌិតពុទ្ធី បន្ថែមថា ក្រុមការងាររបស់គាត់នឹងមកជួបក្រុមកុមារទាំងនេះម្តងទៀតនៅសប្តាហ៍ក្រោយ។ អង្គការការីតាសកម្ពុជាផ្នែកសុខភាពផ្លូវចិត្ត ជាស្ថាប័នមួយរបស់ព្រះសហគមន៍កាតូលិក ដែលធ្វើការងារលើការព្យាបាលនិងប្រឹក្សាដល់កុមារនិងយុវជនដែលមានបញ្ហាផ្លូវចិត្ត កុមារអូទីសឹម ដែលបច្ចុប្បន្នមានទីតាំងនៅមន្ទីរពេទ្យបង្អែកក្រុងតាខ្មៅ៕
ដោយកែវ កញ្ញា




Daily Program
