ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦អត្ថបទគម្ពីរ (យ៉ូហាន៦,១-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

ព្រះយេស៊ូបានចែកនំប៉័ងឱ្យមនុស្ស ៥០០០នាក់ ដោយសារតែទទួលបានពីក្មេងតូចម្នាក់ ហើយព្រះអង្គ​អធិ​ដ្ឋាន និងចែកឱ្យមនុស្សរាប់ពាន់នាក់ទទួលទានបាន។

ចំណុចទី១៖ ព្រះយេស៊ូ ព្រះអង្គបានផ្គត់ផ្គង់

យើងឃើញថាអាហារនេះ ជាអាហារនៃស្ថានបរមសុខ​ដែលយើងគិតដល់អភិបូជា។ ពេលណាដែលយើង​ចូលរួម​ថ្វាយអភិបូជា យើងទទួលព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលជាអាហា​រចិញ្ចឹមជីវិតខាងវិញ្ញាណ​របស់​យើង។ យើងទទួលព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្ត ដែលជួយចិញ្ចឹមជីវិតខាងវិញ្ញាណ និង​ជួយ​ចិញ្ចឹម​ជីវិតខាងរូបកាយរបស់យើងផងដែរ។ ហើយនេះព្រះយេស៊ូស្គាល់អំពីតម្រូវការរបស់មនុស្ស ខាង​រូប​កាយ និងតម្រូវការខាងវិញ្ញាណផងដែរ។

ព្រះអង្គអាចធ្វើឱ្យអ្វីតិចតួច ក្លាយទៅជាអ្វីមួយដ៏ធំបានដូចជានំប៉័ងប៉ុន្មានដុំ ត្រីប៉ុន្មានដុំនេះ ព្រះអង្គ​អធិដ្ឋា​ន ព្រះអង្គទូលអង្វរព្រះជាម្ចាស់ និងចែកឱ្យមនុស្សបរិភោគបាន។ យើងឃើញអ្វីដ៏តិច ក៏ប៉ុន្តែមានអត្ថន័យ មាន​សេចក្តីសង្ឃឹម និងនាំឱ្យបងប្អូនដទៃទៀតអាចទទួលអ្វីបានពីអ្វីដែលតិចតួចនេះឯង។ ប៉ុន្តែ! យើង​ត្រូវតែចេះចែករំលែក នំប៉័ងដ៏តិចតួច និងត្រីពីរកន្ទុយ មើលទៅដូចជាមិនគ្រប់ទេ តែ​នៅ​ក្នុ​ង​ព្រះ​ហស្ត​​របស់ព្រះយេស៊ូ អាចក្លាយទៅជាអ្វីមួយដ៏ធំសម្បើមអស្ចារ្យដែលមនុស្សមិនអាចគិតបាន ក៏ប៉ុន្តែ​ព្រះជា​ម្ចាស់​ព្រះអង្គអាចធ្វើបាន។

នេះមានន័យថាអ្វីៗតិចតួចដែលយើងមាន បើយើងចេះប្រគល់ឱ្យព្រះវិញ្ញាណ ឱ្យព្រះជាម្ចាស់ឆ្នៃ​ក្នុងជីវិត​របស់​យើង នាំឱ្យយើងក្លាយទៅជាបុគ្គលម្នាក់ដ៏ប្រសើរ។ សូមឱ្យយើងចេះថ្វាយខ្លួនទៅព្រះជាម្ចាស់ក្នុង​នាម​​ជាបូជាចារ្យ ក្នុងនាមជាបងស្រី ក្នុងនាមជាបងប្រុស ដើម្បីបម្រើព្រះសហគមន៍ ហើយយក​ព្រះអំ​ណោយ​​ទាននេះទៅបម្រើសង្គមរបស់យើង។

ចំណុចទី២៖ សារៈសំខាន់នៃការទុកចិត្តលើព្រះជាម្ចាស់

ដូចលោកភីលីពតាមគំនិតរបស់គាត់ដូច​ជាមិនអាច​ធ្វើទៅរួចទេ មិនអាចទៅរួចទេ ក៏ប៉ុន្តែព្រះជាម្ចាស់អាច ធ្វើទៅរួច។ ដូច្នេះយើងត្រូវជឿ និងទុកចិត្តលើព្រះអង្គ។

ចំណុចទី៣៖ គឺចែករំលែក ដូចក្មេងតូចម្នាក់ដែលគាត់ចេះចែករំលែកម្ហូបអាហាររបស់គាត់ នំប៉័ងរបស់គាត់​សម្រាប់តែជីវិតរបស់គាត់តែប៉ុណ្ណោះ និងត្រីសម្រាប់តែគាត់តែប៉ុណ្ណោះ ក៏ប៉ុន្តែគាត់សុខចិត្តចែក។ ពេល​ណា​គាត់សុខចិត្តចែក គឺនៅពេលនោះហើយដែលនាំឱ្យមនុស្សដទៃទៀតមានសេចក្តីសុខសាន្ត នាំឱ្យ​មនុស្ស​ដទៃទៀតមានម្ហូបអាហារគ្រប់គ្រាន់ នាំឱ្យមនុស្សដទៃទៀតទទួលស្គាល់ថា ពិតមែនអាហារ​នេះជួយឱ្យគេមានកម្លាំងឡើងវិញ។

មានន័យថាពេលយើងចេះចែករំលែកព្រះអង្គក៏ប្រើវាដើម្បីជួយឱ្យយើងមានចិត្តដើម្បីចែករំលែកដល់អ្នកដទៃផងដែរ ចែករំលែកសេចក្តីស្រឡាញ់ ពោលពាក្យល្អៗលើកទឹកចិត្តគេ មើលអ្វីល្អៗនៅក្នុ​ងពិភព​លោក​នេះ​ជាចំណុចវិជ្ជមាន ស្ដាប់អ្វីល្អៗហើយចេះពោលពាក្យសរសើរគេ ជាពិសេសយើងចេះសរសើរ​តម្កើង​ព្រះជាម្ចាស់។

ព្រះយេស៊ូមិនស្វែងរកអំណាចលោកីយ៍ទេ គឺព្រះអង្គបង្ហាញអំពីអំណាចដែលមកពីព្រះជាម្ចាស់ អំណាច​នៃសេចក្តីស្រឡាញ់។ ប្រសិនបើព្រះយេស៊ូមិនបង្ហាញអំណាចនៃសេចក្តីស្រឡាញ់ទេ បេសកកម្មរបស់​ព្រះអង្គ​បរាជ័យ។ សេចក្តីស្រឡាញ់ ជាពិសេសព្រះអង្គយាងមកសម្រាប់អ្នកតូចតាច សម្រាប់​អ្នក​ក្រីក្រ សម្រាប់អ្នកជំងឺ សម្រាប់បងប្អូនដែលត្រូវគេសង្កត់សង្កិន សម្រាប់បងប្អូនដែលអស់កម្លាំង សម្រាប់​បងប្អូនដែលអត់មានទីពឹង ព្រះយេស៊ូបានគង់នៅជាមួយគេ។ ហើយពេលណាយើងឃើញអ្នក​ជំងឺទាំង​អស់​នោះ នាំឱ្យយើងឃើញព្រះយេស៊ូផងដែរ ដូចសន្តហ្វ្រង់ស៊ីស្កូ អាស៊ីស៊ី ដែលគាត់​និយាយ​ពាក្យ​ពេល​ណា​យើងឃើញអ្នកជនក្រីក្រ ពេលណាយើងឃើញអ្នកគ្មានសម្លៀកបំពាក់ ពេលណាយើង​ឃើញ​អ្នក​គ្មា​ន​ទឹក គឺពេលយើងឱ្យគេ គឺនៅពេលនោះយើងឱ្យព្រះយេស៊ូដូចគ្នាដែរ។ សូមឱ្យយើងចេះចែក​រំលែក​ដូច​ក្មេង​តូច​ម្នាក់ ហើយសូមឱ្យយើងទៅចូលរួមថ្វាយអភិបូជា និងសូមឱ្យយើងទទួលព្រះបន្ទូល និង​ព្រះកាយ​ព្រះគ្រីស្តជាលើករាល់ថ្ងៃអាទិត្យ អាម៉ែន៕

 

Daily Program

Livesteam thumbnail