លោកគីម ជុងអ៊ុន នៅតែគាំទ្រសង្រ្គាមរបស់រុស្ស៊ី
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង កាលពីថ្ងៃចន្ទ ទី២៧ ខែមេសា បានរាយការណ៍ឲ្យដឹង ថា ប្រធានាធិបតីកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានបញ្ជាក់ឡើងអំពីការគាំទ្ររបស់ទីក្រុង ព្យុងយ៉ាងសម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន និងសន្យាជួយទីក្រុងមូស្គូ ឲ្យទទួល ជ័យជម្នះនៅក្នុងសង្រ្គាមពិសិដ្ឋរបស់ខ្លួន។
ការថ្លែងនេះកើតមានឡើងនៅខណៈដែលមន្រ្តីជាន់ខ្ពស់របស់រុស្ស៊ីជាច្រើននាក់បានទៅទីក្រុងព្យុងយ៉ាងជាបន្តបន្ទាប់នាប៉ុន្មានថ្ងៃចុងក្រោយនេះ មានជាអាទិ៍ មន្រ្តីការពារជាតិរុស្ស៊ី លោក អន់ឌ្រេអ៊ី បឺឡូអ៊ូសូវ និងដែលបានជួបសន្ទនាជាមួយលោកគីម ជុនអ៊ុន។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោកគីម ជុងអ៊ុន បានថ្លែងទៅកាន់លោកអន់ដ្រេអ៊ី បូឡូអ៊ូសូវថា កូរ៉េខាងជើងនឹងគាំទ្រជានិច្ចទាំងស្រុងនូវនយោបាយរបស់សហព័ន្ធរុស្ស៊ី ដែលសំដៅការពារអធិបតេយ្យភាពជាតិ បូរណភាពដែនដី និងផលប្រយោជន៍សន្តិសុខរបស់ខ្លួន។
ប្រមុខមេដឹកនាំកូរ៉េខាងជើង បានសម្តែងនូវការសច្ចាថា ទាហាន និងប្រជាជនរុស្ស៊ី នឹងទទួលជោគជ័យដោយមិនមានការសង្ស័យណាមួយ នៅក្នុងសង្រ្គាមដ៏ពិសិដ្ឋ និងត្រឹមត្រូវនេះ។ ភាគីទាំងពីរក៏បានថ្លែងថា បានពិភាក្សាគ្នាអំពីការពង្រឹងទំនាក់ទំនងយោធា។ លោកអន់ដ្រេអ៊ី បូឡូអ៊ូសូវ បញ្ជាក់ថា ទីក្រុងមូស្គូ ត្រៀមខ្លួននឹងចុះហត្ថលេខានូវផែនការកិច្ចសហប្រតិបត្តិការ ក្នុងរយៈពេលពីឆ្នាំ២០២៧ ដល់ឆ្នាំ២០៣១។
លោកគីម ជុងអ៊ុន លោកអន់ដ្រេអ៊ី បូឡូអ៊ូសូវ និងប្រធានសភាឌូម៉ា របស់រុស្ស៊ី លោកវីយ៉ាចេស្លាវ វ៉ូឡូឌីន ក៏បានចូលរួមក្នុងពិធីបើកសម្ពោធទីតាំងរំឭកកត្តិយសដល់ទាហានកូរ៉េខាងជើងដែលបានស្លាប់នៅអ៊ុយក្រែន។
ពិធីនេះត្រូវបានកត់សម្គាល់ដោយការប្រគុំតន្រ្តី ការបាញ់កាំជ្រួច និងព្យុហយាត្រាទ័ពអាកាសផងដែរ។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េខាងជើងបានរាយការណ៍ឲ្យដឹងថា សាធារណជនមានចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនឹងការតាំងពិព័រណ៍នាអំពី “សមរភូមិបង្ហូរឈាម” ក៏ដូចជាការប្រយុទ្ធតទល់គ្នារហូតដល់ពលី ការផុសឡើងនូវវីរភាព និងការបន្ទុះធ្វើអត្តឃាតដែលជាជម្រើសដោយគ្មានស្ទាក់ស្ទើរបស់ទាហានវ័យក្មេងរបស់កូរ៉េខាងជើង។
ប្រទេសកូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ ព្រមទាំងមីស៊ីល និងគ្រាប់រំសេវ ដើម្បីគាំទ្ររុស្ស៊ីនៅក្នុងសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន។ រីឯប្រទេសកូរ៉េខាងត្បូង វាយតម្លៃថា ទាហានកូរ៉េខាងជើងប្រមាណ ២០០០នាក់ ត្រូវបានស្លាប់នៅក្នុងសង្រ្គាមនេះ។
យោងតាមអ្នកជំនាញ ជាការដោះដូរវិញ ប្រទេសកូរ៉េខាងជើងទទួលបានពីរុស្ស៊ីនូវជំនួយហិរញ្ញវត្ថុ បច្ចេកវិជ្ជាយោធា ព្រមទាំងចំណីអាហារ និងធនធានថាមពល ដែលអនុញ្ញាតឲ្យទីក្រុងព្យុងយ៉ាងគេចចេញពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរជាអន្តរជាតិដែលវាយប្រហារលើកម្មវិធីនុយក្លេអ៊ែរហាមឃាត់របស់ខ្លួន។
នៅឆ្នាំ២០២៤ ប្រទេសទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាដែលតម្រូវឲ្យប្រទេសនីមួយៗផ្តល់ជំនួយយោធាដោយគ្មានការពន្យាពេលក្នុងករណីមានការវាយប្រហារប្រឆាំងនឹងប្រទេសណាមួយ។
ចំណែក ប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជែមីញ៉ុង បានថ្លែងកាលពីថ្ងៃចន្ទថា វាគឺជាជោគវាសនាសម្រាប់កូរ៉េខាងត្បូង និងទាំងកូរ៉េខាងជើង ដើម្បីលើកតម្កើងផ្កានៃសន្តិភាព។ លោកលី ជែមីញ៉ុង ក៏បានសន្យាធ្វើប្រតិកម្មដោយសកម្មដើម្បីស្ថាបនាទំនុកចិត្តជាមួយទីក្រុងព្យុងយ៉ាង។ លោកបន្ថែមថា ៖ “យើងសង្ឃឹមថា ប្រទេសកូរ៉េខាងជើងនឹងធ្វើឲ្យមានទំនុកចិត្តដោយភាពស្មោះត្រង់ជាមួយរដ្ឋាភិបាលរបស់យើង ហើយរដ្ឋាភិបាលយើងឆ្លើយតបតាមរបៀបដូចគ្នា។”