តើនរណាជាអ្នកកាន់ក្បាលម៉ាស៊ីនដឹកនាំ SIGNIS Asia សម្រាប់អាណត្តិថ្មី ?

អ្នកកាន់ក្បាលម៉ាស៊ីនដឹកនាំ SIGNIS Asia សម្រាប់អាណត្តិថ្មីពីឆ្នាំ២០២៦ ដល់ ឆ្នាំ២០៣០ ត្រូវបានប្រកាសជាចំហរ កាលពីចុងខែតុលាកន្លងទៅនេះ ។

តាមស្មារតីនៃការបោះឆ្នោតថ្មីៗនេះ លោកបូជាចារ្យជនជាតិឥណ្ឌា វិចទ័រ វិច័យ ឡូបូ (Victor Vijay Lobo) ត្រូវបានជ្រើសរើសជាប្រធាន SIGNIS Asia ។ ក្នុងពេលជាមួយគ្នានេះ សមាជិកបីរូបដែលក្រុមការងារវិទ្យុវ៉ារីតាសអាស៊ី (RVA) ក៏ត្រូវបានជ្រើសរើសឱ្យកាន់តំណែងដឹកនាំនៅក្នុងបណ្តាញសារគមនាគមន៍កាតូលិកប្រចាំតំបន់នេះផងដែរ។

ការបោះឆ្នោតនេះត្រូវបានធ្វើឡើងក្នុងទម្រង់ចម្រុះ ទាំងផ្ទាល់ និងតាមអនឡាញ នៅមជ្ឈមណ្ឌលអប់រំជំនឿ នៃអគ្គភូមិភាគ នៅទីក្រុងហូជីមិញប្រទេសវៀតណាម ដោយមានការចូលរួមពីតំណាងនៃប្រទេសសមាជិកចំនួន ១២ ក្នុងចំណោម ១៤ ដែលជាសមាជិក SIGNIS Asia។

ក្រុមប្រឹក្សាភិបាលដែលទើបជាប់ឆ្នោតថ្មីនេះ រួមមាន លោកបូជាចារ្យ ឡូបូ ជាប្រធាន; លោកស្រី ភី ម៉ាបានតា ហ្វេណូមីណូ (Pie Mabanta-Fenomeno) មកពីប្រទេសហ្វីលីពីន ជាអនុប្រធាន; កញ្ញា កែវ កញ្ញា បុគ្គលិកផ្នែកភាសាខ្មែរនៃ RVA ក្នុងប្រទេសកម្ពុជា ជាអគ្គលេខាធិការ; លោក ប៉ូល ណាមហ្គុង ចាន ( Paul Namgoong Chan) មកពីប្រទេសកូរ៉េខាងត្បូង ជាហេរញ្ញិក; និងអ្នកស្រី ខូ ដៃស៊ី ផាម(Cuc Daisy Pham) មកពីប្រទេសវៀតណាម ព្រមទាំងលោកបូជាចារ្យ នីឃិល ហ្គោម៉េស (Nikhil Gomes) អ្នកសម្របសម្រួលផ្នែកភាសាបេងហ្គាលី នៃ RVA ក្នុងប្រទេសបង់ក្លាដែស ជាសមាជិកក្រុមប្រឹក្សាភិបាល។

លើសពីនេះ លោកបូជាចារ្យ កៃសា ហ្វេរ៉ួហ្ស (Qaisar Feroz) អ្នកសម្របសម្រួលផ្នែកភាសាអ៊ូឌូ (Urdu Service) នៃ RVA ក្នុងប្រទេសប៉ាគីស្ថាន ត្រូវបានជ្រើសរើសជាតំណាងបម្រុង ។

បន្ទាប់ពីបោះឆ្នោត លោក បូជាចារ្យប្រធាន បានបង្ហាញនូវចក្ខុវិស័យរបស់លោកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកធ្វើការផ្នែកទំនាក់ទំនងកាតូលិកនៅទូទាំងទ្វីបអាស៊ី ដោយផ្តោតលើការកសាងសន្តិភាព ការបណ្តុះបណ្តាលផ្នែកឌីជីថល និងការដឹកនាំប្រកបដោយបរិយាបន្ន ។

 

លោកបានកំណត់អាទិភាពចំនួនបីសម្រាប់អាណត្តិរបស់លោក រួមមាន ការ ជំរុញការផ្លាស់ប្តូរបទពិសោធន៍ ធនធាន និងជំនាញវិជ្ជាជីវៈរវាងប្រទេសសមាជិក បំពាក់បំប៉នយុវជន និងអ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងការទទួលខុសត្រូវ ដោយផ្អែកលើគុណតម្លៃនៃដំណឹងល្អ និងពង្រីកឱកាសសម្រាប់គ្រហស្ថ ជាស្ត្រី និងអ្នកធ្វើការផ្នែកទំនាក់ទំនងវ័យក្មេង ឱ្យបានចូលរួមក្នុងការសម្រេចចិត្តនានា។

SIGNIS Asia គឺជាបណ្តាញសមាគមអ្នកសារព័ត៌មាន និងអ្នកជំនាញផ្នែកទំនាក់ទំនងសង្គមកាតូលិកនៅទ្វីបអាស៊ី ដែលមានគោលបំណងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីផ្សព្វផ្សាយតម្លៃនៃដំណឹងល្អ សេចក្តីសុខសន្តិភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងយុត្តិធម៌ក្នុងសង្គម។

Daily Program

Livesteam thumbnail
khmer popup image