គណបក្សសាធារណរដ្ឋធ្លាក់ក្នុងវិបត្តិនយោបាយយ៉ាងធ្ងន់ធ្ងរ ៖ សង្គ្រាមផ្ទៃក្នុង ផ្ទុះ ឡើង ក្រោយបរាជ័យការបោះឆ្នោតពាក់កណ្តាលអណត្តិ
បរាជ័យយ៉ាងដំណំក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ មិនត្រឹមតែជាការវាយប្រហារ យ៉ាងធ្ងន់ធ្ងរលើអំណាចរបស់គណបក្សសាធារណរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាដើមហេតុ បង្កឱ្យមាន «សង្គ្រាមស៊ីវិលនយោបាយ» នៅខាងក្នុងជួរគណបក្សអភិរក្សនិយមមួយនេះ ផង។ ការចោទប្រកាន់ និងការទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក រវាងក្រុមលោកដូណាល់ ត្រាំ និងថ្នាក់ដឹកនាំតាមមូលដ្ឋាន បានស្តែងឱ្យឃើញយ៉ាងច្បាស់ ពីភាពចម្លោះប្រហោង និងការបែកបាក់ផ្ទៃក្នុងយ៉ាងស៊ីជម្រៅ ខណៈដែលអនាគតនយោបាយរបស់គណបក្សទាំងមូលឆ្ពោះទៅកាន់ឆ្នាំ២០២៨ កំពុងស្ថិតក្នុងភាពស្រពិចស្រពិល។
សង្គ្រាមពាក្យសម្តី និងការទម្លាក់កំហុសក្នុងផ្ទៃក្នុងបក្ស
ភ្លាមៗបន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិត្រូវ បានប្រកាសដោយ បង្ហាញ ពីការបរាជ័យយ៉ាងធ្ងន់ធ្ងរនិងគួរឱ្យភ្ញាក់ផ្អើល សមរភូមិនយោបាយក្នុងជួរគណបក្ស សាធារណរដ្ឋបានផ្ទុះឡើងភ្លាមៗ។ ទីប្រឹក្សាជិតស្និទ្ធរបស់លោកដូណាល់ ត្រាំ ដូចជាលោក ចាស៊ុន មីឡើ និងលោកអាឡិក ប្រ៊ូសេវីត បានចេញមុខ យ៉ាងរហ័សដើម្បីការពារប្រធានាធិបតី ហើយចលនា «MAGA» (ធ្វើឲ្យអាម៉េរិកអស្ចារ្យម្តងទៀត) បានទម្លាក់កំហុសទាំងស្រុងទៅលើបុគ្គលិកលក្ខណៈរបស់បេក្ខជនដែលបានចាញ់ឆ្នោតថា ជាមនុស្ស «ខ្វះភាពលេចធ្លោ ខ្ជិលច្រអូស និងមានសមត្ថភាពទំនាក់ទំនងទាប»។
ទន្ទឹមនឹងនេះ លោកដូណាល់ ត្រាំ ផ្ទាល់ក៏បានច្រានចោលការទទួលខុសត្រូវទាំងស្រុង និងអះអាងដោយអំនួតថា គណបក្សនឹងទទួលបាន «ជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី» ប្រសិនបើ រូបលោកមានឈ្មោះនៅលើសន្លឹកឆ្នោត។ លោក និងក្រុមការងារនៅតែជឿជាក់ថា ការបរាជ័យនេះមិនមែនមកពីប្រជាពលរដ្ឋបោះបង់ចោលទស្សនៈរបស់គណបក្សសាធារណរដ្ឋ ឬទៅគាំទ្រគោលនយោបាយរបស់គណបក្សប្រជាធិបតេយ្យនោះឡើយ។
ការបះបោរពីថ្នាក់មូលដ្ឋាន និងការប្រឈមមុខនឹងការពិត
ផ្ទុយពីការអះអាងរបស់សេតវិមាន អ្នកយុទ្ធសាស្ត្រ និងថ្នាក់ដឹកនាំគណបក្សនៅតាមមូលដ្ឋាន បានសម្តែងការរិះគន់ប្រធានាធិបតីចំៗដោយមិនលាក់លៀម។ លោកចាស៊ុន រ៉ូ អ្នកយុទ្ធសាស្ត្របក្សសាធារណរដ្ឋប្រចាំរដ្ឋមីឈីហ្គែន បានចំអកថា ការវិភាគរបស់លោក ត្រាំ គឺជារឿង«គួរឱ្យអស់សំណើច និងគ្មានហេតុផល» ដោយលោកបានចាត់ទុកប្រធានាធិបតី ផ្ទាល់ ថា ជា «វិស្វករនៃបរាជ័យ» នេះ។
ស្របពេលជាមួយគ្នានេះ លោក ឌីក វ៉ាដហាម ទីប្រឹក្សាបក្សសាធារណរដ្ឋប្រចាំរដ្ឋកូឡូរ៉ាដូ បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន (New York Times) យ៉ាងច្បាស់ថា បេក្ខជនភាគច្រើន ដែលចាញ់ឆ្នោតនៅតាមរដ្ឋអភិរក្ស គឺជាបុគ្គលដែលត្រូវបានជ្រើសរើស និងគាំទ្រផ្ទាល់ដោយលោកត្រាំ។ លោកបានសង្កត់ធ្ងន់ថា ៖ «នេះមិនមែនជាការបោះឆ្នោតឱ្យគណបក្សប្រជាធិបតេយ្យទេ ប៉ុន្តែជាការបោះឆ្នោតប្រឆាំងនឹងលោកត្រាំ»។
ការស្ទង់មតិសាធារណៈបានបង្ហាញថា ប្រជាពលរដ្ឋបានសម្តែងការខឹងសម្បារយ៉ាងខ្លាំងចំពោះការកើនឡើងនៃថ្លៃដើមរស់នៅ ដែលបណ្តាលមកពីសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ ព្រមទាំងរឿងអាស្រូវពុករលួយជាច្រើនដែលកើតឡើងជុំវិញមនុស្សជិតស្និទ្ធរបស់ ប្រធានាធិបតី។
ការរៀបចំយុទ្ធសាស្ត្រថ្មី និងការរក្សាគម្លាតឆ្ពោះទៅឆ្នាំ២០២៨
បរាជ័យលើកនេះមិនត្រឹមតែអង្រួនអំណាចរបស់លោក ត្រាំ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាន បង្ខំឱ្យឥស្សរជនជាន់ខ្ពស់មួយចំនួនចាប់ផ្តើមផ្លាស់ប្តូរជំហរ។ ក្នុងនោះ លោក ជេ ឌី វ៉ាន អនុប្រធានាធិបតីអាម៉េរិក បានចាប់ផ្តើមរក្សាគម្លាតពីលោក ត្រាំ ដោយប្រុងប្រយ័ត្ន និងស្ងប់ស្ងាត់បំផុត ខណៈដែលរូបលោកកំពុងសម្លឹងមើល និងរៀបចំមូលដ្ឋានគ្រឹះនយោបាយផ្ទាល់ខ្លួន ដើម្បីរៀបចំយុទ្ធសាស្ត្រឆ្ពោះទៅកាន់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៨។
ជារួម ការបរាជ័យចុងក្រោយនេះបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ និងបញ្ជាក់ថា គណបក្សសាធារណរដ្ឋកំពុងស្ថិតនៅលើផ្លូវបំបែកដ៏គ្រោះថ្នាក់។ ការរឹងរូសមិនទទួលស្គាល់ការពិតរបស់លោកត្រាំ អាចធ្វើឱ្យគណបក្សកាន់តែបាត់បង់ការគាំទ្រ ឯការប្រកួតប្រជែងដណ្តើមឥទ្ធិពលដឹកនាំផ្ទៃក្នុងគណបក្សឡើងវិញនឹងកាន់តែមានភាពស្រួចស្រាវនៅក្នុងពេលខាងមុខ។
