គណៈកម្មការសម្រុះសម្រួល UNCLOS កម្ពុជា-ថៃ នឹងជួបប្រជុំគ្នានៅទីក្រុងគូឡាឡាំពួ ពីថ្ងៃទី២៤ ដល់ទី២៧ ខែវិច្ឆិកា

តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) បានប្រកាសកាលពីថ្ងៃពុធថា គណៈកម្មការសម្រុះសម្រួលដែលដោះស្រាយវិវាទសមុទ្ររវាងកម្ពុជា និងថៃ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) នឹងបើកកិច្ចប្រជុំបន្ទាប់របស់ខ្លួនជាមួយភាគីទាំងពីរនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៦។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ PCA ដែលចេញផ្សាយនៅទីក្រុងឡាអេ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា កិច្ចប្រជុំនេះនឹងបន្តពីការផ្លាស់ប្តូរយោបល់ប្រកបដោយផ្លែផ្កាដែលធ្វើឡើងក្នុងអំឡុងសម័យប្រជុំមុនៗ ដោយកិច្ចពិភាក្សានឹងផ្តោតសំខាន់លើការកំណត់ព្រំដែនសមុទ្ររវាងប្រទេសទាំងពីរ ជាពិសេសទិដ្ឋភាពបច្ចេកទេសរបស់វា។

សម័យប្រជុំនេះក៏នឹងផ្តល់ឱកាសសម្រាប់គណៈកម្មការ និងភាគីទាំងពីរ ក្នុងការកំណត់បន្ថែមទៀតនូវចំណុចរួមនៃការយល់ដឹង និងការឯកភាពគ្នា។ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅជាលក្ខណៈបិទទ្វារ (in camera)។

កម្ពុជាបានផ្តួចផ្តើមនីតិវិធីសម្រុះសម្រួលនេះកាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ តាមរយៈការដាក់លិខិតជូនដំណឹងទៅកាន់ប្រទេសថៃ ក្រោមមាត្រា ១១ នៃឧបសម្ព័ន្ធទី៥ នៃអនុសញ្ញា UNCLOS អនុលោមតាមមាត្រា ២៩៨ និងឧបសម្ព័ន្ធទី៥ នៃអនុសញ្ញានេះ។ ប្រទេសថៃបានដាក់ការឆ្លើយតបរបស់ខ្លួនកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។

គណៈកម្មការដែលមានសមាជិក ៥ រូបនេះ ដឹកនាំដោយលោកស្រី Katrina Cooper មកពីប្រទេសអូស្ត្រាលី ជាប្រធាន។ សមាជិកដទៃទៀតរួមមាន ឯកអគ្គរដ្ឋទូត Peter Taksøe-Jensen មកពីប្រទេសដាណឺម៉ាក, សាស្ត្រាចារ្យ Jean-Marc Thouvenin មកពីប្រទេសបារាំង, ចៅក្រម Albert Hoffmann មកពីប្រទេសអាហ្វ្រិកខាងត្បូង និងចៅក្រម Rüdiger Wolfrum មកពីប្រទេសអាល្លឺម៉ង់។

គណៈកម្មការបានបើកកិច្ចប្រជុំលើកទីមួយរបស់ខ្លួនជាមួយភាគីទាំងពីរនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់មកគឺកិច្ចប្រជុំលើកទីពីរនៅទីក្រុងឡាអេ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ដែលក្នុងអំឡុងពេលនោះ កម្ពុជា និងថៃ បានសម្រេចជាស្ថាពរនូវវិធានការកសាងទំនុកចិត្តមួយចំនួន។

ដោយមានការឯកភាពពីភាគីទាំងពីរ តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍ (PCA) ដើរតួជាការិយាល័យក្រឡាបញ្ជី (Registry) សម្រាប់នីតិវិធីនេះ។

តុលាការ PCA គឺជាអង្គការអន្តររដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងក្រោមអនុសញ្ញាទីក្រុងឡាអេ ឆ្នាំ១៨៩៩ ស្តីពីការដោះស្រាយវិវាទអន្តរជាតិដោយសន្តិវិធី។ ដោយមានទីស្នាក់ការកណ្តាលនៅវិមានសន្តិភាព (Peace Palace) ក្នុងទីក្រុងឡាអេ ប្រទេសហូឡង់ តុលាការនេះជួយសម្រួលដល់នីតិវិធីមជ្ឈត្តកម្ម ការសម្រុះសម្រួល ការស្វែងរកការពិត និងនីតិវិធីដោះស្រាយវិវាទផ្សេងទៀតដែលពាក់ព័ន្ធនឹងរដ្ឋ អង្គការអន្តររដ្ឋាភិបាល និងភាគីឯកជន៕

 

Daily Program

Livesteam thumbnail
khmer popup image