កម្ពុជាបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះការដោះស្រាយភាពខ្វែងគំនិតគ្នាលើបញ្ហាសមុទ្រជាមួយថៃដោយសន្តិវិធី

កម្ពុជាបានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការដោះស្រាយភាពខ្វែងគំនិតគ្នាលើបញ្ហាសមុទ្រជាមួយប្រទេសថៃ តាមរយៈមធ្យោបាយសន្តិវិធី ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ក្នុងគោលបំណងឈានទៅរកកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងយូរអង្វែង ស្តីពីព្រំដែនសមុទ្រ និងការបែងចែកធនធានប្រកបដោយសមធម៌។

នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី១៨ ខែវិច្ឆិកា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសម្រុះសម្រួល UNCLOS ជាមួយកម្ពុជា និងថៃ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤-២៧ ខែវិច្ឆិកា នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នឹងផ្តល់នូវឱកាសដើម្បីជំរុញកិច្ចពិភាក្សាលើការកំណត់ព្រំដែនសមុទ្រ ជាពិសេសទិដ្ឋភាពបច្ចេកទេស និងកំណត់បន្ថែមទៀតនូវចំណុចរួមនៃការយល់ដឹង និងការឯកភាពគ្នា។

គណៈប្រតិភូកម្ពុជានឹងដឹកនាំដោយ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងនាមជាតំណាងរដ្ឋភាគី (Agent), លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងនាមជាប្រធានក្រុមចរចា និងលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ក្នុងនាមជាអនុប្រធានតំណាងរដ្ឋភាគី (Deputy Agent) អមដំណើរដោយសមាជិកគណៈប្រតិភូ និងក្រុមការងារច្បាប់ផ្សេងទៀត។

យោងតាមក្រសួងការបរទេស កម្ពុជាស្វែងរកការសម្រេចឱ្យបាននូវសន្ធិសញ្ញាមួយជាមួយប្រទេសថៃ ដើម្បីកំណត់ព្រំដែនសមុទ្រតែមួយសម្រាប់ប្រើប្រាស់គ្រប់គោលបំណងរវាងរដ្ឋទាំងពីរ ឬជាជម្រើសផ្សេងទៀត គឺការឈានទៅរកកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍរួមគ្នា និងការបែងចែកធនធានប្រកបដោយសមធម៌ ក្នុងអំឡុងពេលរង់ចាំកិច្ចព្រមព្រៀងចុងក្រោយស្តីពីព្រំដែនសមុទ្ររបស់ប្រទេសទាំងពីរ។

ក្នុងករណីដែលជម្រើសទាំងពីរនេះមិនអាចសម្រេចបាន កម្ពុជានឹងស្នើសុំឱ្យគណៈកម្មការរៀបចំអនុសាសន៍នានា ដែលអាចប្រើប្រាស់ជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគត ស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោមអនុសញ្ញា UNCLOS។

ក្រសួងក៏បានសម្តែងនូវការកោតសរសើររបស់កម្ពុជា ចំពោះលោកប្រធាន និងសមាជិកដ៏ឧត្តុង្គឧត្តមនៃគណៈកម្មការ ចំពោះវិធីសាស្ត្រប្រកបដោយការពិចារណាល្អិតល្អន់ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះវិធានការកសាងទំនុកចិត្តដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកមុន នៅទីក្រុងឡាអេ កាលពីខែតុលា ឆ្នាំ២០២៦។

កម្ពុជានឹងចូលរួមកិច្ចពិភាក្សានាពេលខាងមុខនៅទីក្រុងគូឡាឡាំពួ ក្នុងស្មារតីសុច្ឆន្ទៈ កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ហើយទន្ទឹងរង់ចាំធ្វើការជាមួយគណៈកម្មការ និងប្រទេសថៃ ឆ្ពោះទៅរកលទ្ធផលដ៏យុត្តិធម៌ និងយូរអង្វែង៕

 

Daily Program

Livesteam thumbnail
khmer popup image