នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងសារគន្លឹះចំនួន ៤ ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២១

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារគន្លឹះសំខាន់ៗចំនួន ៤ ក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី២១ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន ដោយបានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះគោលការណ៍អាស៊ាន កិច្ចសហប្រតិបត្តិការសន្តិសុខក្នុងតំបន់ ការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ និងការដោះស្រាយជម្លោះព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី។

សារគន្លឹះទាំងនេះ ត្រូវបានលើកឡើងដោយលោក ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ក្នុងសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិតេជោ នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា បន្ទាប់ពីសម្តេចនាយករដ្ឋមន្ត្រី រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ បានអញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ។

ទី១ ពាក់ព័ន្ធនឹងគោលការណ៍គ្រឹះរបស់អាស៊ាន៖ សម្តេចធិបតី បានបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការគោរពអធិបតេយ្យភាព ការមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងការដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សម្តេចបានសង្កត់ធ្ងន់ថា គោលការណ៍ទាំងនេះមិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ ប៉ុន្តែជាខែលការពារដ៏រឹងមាំសម្រាប់ប្រទេសតូច និងមធ្យម។

ទី២ ពាក់ព័ន្ធនឹងសន្តិសុខក្នុងតំបន់ និងបញ្ហាសមុទ្រចិនខាងត្បូង៖ នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម ជាពិសេសបញ្ហាពាក់ព័ន្ធនឹងសមុទ្រចិនខាងត្បូង។ សម្តេចបានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពនៅក្នុងលម្ហសមុទ្រ គឺជាផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់។

ទី៣ ពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអនឡាញ៖ សម្តេចធិបតី បានចាត់ទុកបទល្មើសនេះថាជាការគំរាមកំហែងឆ្លងដែន ដោយកត់សម្គាល់ថា ទាំងជនរងគ្រោះ និងជនល្មើស សុទ្ធតែមកពីតំបន់ផ្សេងៗគ្នានៃពិភពលោក។ ដូច្នេះ គ្មានប្រទេសណាមួយអាចដោះស្រាយបញ្ហានេះតែម្នាក់ឯងបានឡើយ។

សម្តេចក៏បានរំលេចផងដែរពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈវិធានការថ្នាក់ជាតិ និងការរៀបចំសន្និសីទអន្តរជាតិនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ដែលមានការចូលរួមពីប្រតិភូជាង ៦០០ នាក់ មកពីអង្គការចំនួន ៧។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ បានបង្ហាញថាកម្ពុជាមិនមែនគ្រាន់តែធ្វើការប្តេជ្ញាចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចាត់វិធានការជាក់ស្តែងទៀតផង ទន្ទឹមនឹងការអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែរឹងមាំ ដើម្បីដោះស្រាយបញ្ហានេះ។

ទី៤ ពាក់ព័ន្ធនឹងជម្លោះព្រំដែនកម្ពុជា-ថៃ៖ សម្តេចនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំនានា ដែលបានគាំទ្រដល់ដំណោះស្រាយដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ។ សម្តេចបានកត់សម្គាល់ថា ទោះបីជាការប្រយុទ្ធគ្នាបានបញ្ចប់ទៅជិតមួយឆ្នាំមកហើយក្តី ក៏ឫសគល់នៃជម្លោះនៅតែមិនទាន់ត្រូវបានដោះស្រាយនៅឡើយ ពោលគឺបញ្ហាខ្សែបន្ទាត់ព្រំដែនដែលមិនទាន់ច្បាស់លាស់។

ក្នុងន័យនេះ សម្តេចបានអំពាវនាវសាជាថ្មីដល់ភាគីថៃ ឱ្យសហការជាមួយកម្ពុជា ក្នុងការពន្លឿនការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនឡើងវិញជាបន្ទាន់ តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ដូចមានចែងក្នុងកិច្ចព្រមព្រៀងនានា ដែលប្រទេសទាំងពីរបានចុះហត្ថលេខារួមគ្នា រួមមាន សេចក្តីថ្លែងការណ៍ទីក្រុងគូឡាឡាំពួ ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងជាពិសេស សេចក្តីថ្លែងការណ៍រួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ សម្តេចបានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងនេះ នឹងជួយត្រួសត្រាយផ្លូវឆ្ពោះទៅរកដំណោះស្រាយរយៈពេលវែង និងសន្តិភាពប្រកបដោយចីរភាព រវាងប្រទេសជិតខាងទាំងពីរ។

Daily Program

Livesteam thumbnail
khmer popup image