លោកអភិបាល អូលីវីយ៉េ ជ្មីតហស្ល៊ែរ ក្រើនរំឭកដល់សិស្សានុសិស្សឱ្យថែរក្សាសីលធម៌ និងមរតកវប្បធម៌ ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)

តាកែវ៖ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ នៅសាលាបឋមសិក្សា ចំណេះទូទៅ និងសិល្បៈ និងវិទ្យាល័យសន្តហ្វ្រង់ស្វ័រ ខេត្តតាកែវ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្ល៊ែរ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ បានអំពាវនាវយ៉ាងទទូចដល់លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្ស ឱ្យបន្តរក្សាស្មារតីភ្ញាក់រឭក ថែរក្សាតម្លៃសីលធម៌ ទំនាក់ទំនងពិតប្រាកដ និងមរតកវប្បធម៌ជាតិ ខណៈពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលយ៉ាងឆាប់រហ័សនៃអាកាសធាតុ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) និងជម្លោះសកល។

ថ្លែងទៅកាន់អង្គពិធីដែលមានការចូលរួមពីគណៈគ្រប់គ្រង មាតាបិតា និងសិស្សានុសិស្សចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ លោកអភិបាលបានលើកឡើងនូវសំណួរគន្លឹះមួយថា៖ «តើយើងនឹងបន្សល់ទុកពិភពលោកជាមរតកបែបណា សម្រាប់កូនចៅរបស់យើងនៅថ្ងៃអនាគត?» ដើម្បីឆ្លើយតបនឹងសំណួរនេះ លោកបានចង្អុលបង្ហាញនូវបញ្ហាប្រឈមធំៗចំនួន ៣ ដែលសង្គមមនុស្សកំពុងជួបប្រទះ៖ ទី១. វិបត្តិបម្រែបម្រួលអាកាសធាតុ៖ លោកអភិបាលបានកត់សម្គាល់ពីឥទ្ធិពលនៃបាតុភូត អែលនីណូ (El Niño) ដែលធ្វើឱ្យអាកាសធាតុឡើងកម្ដៅខ្លាំង និងរាំងស្ងួត ប៉ះពាល់ដល់ទិន្នផលកសិកម្ម ប្រភពទឹក និងជីវចម្រុះ។ លោកបានជំរុញឱ្យមនុស្សគ្រប់រូបផ្លាស់ប្តូរឥរិយាបថរស់នៅប្រចាំថ្ងៃ ដើម្បីការពារបរិស្ថាន និងថែរក្សាភពផែនដីសម្រាប់មនុស្សជំនាន់ក្រោយ។ ទី២. ឥទ្ធិពលនៃបញ្ញាសិប្បនិម្មិត (AI)៖ លោកបានក្រើនរំឭកជាពិសេសដល់យុវជន កុំឱ្យពឹងផ្អែកទាំងស្រុងលើបច្ចេកវិទ្យា AI រហូតបាត់បង់សមត្ថភាពគិតពិចារណា និងភាពច្នៃប្រឌិតផ្ទាល់ខ្លួន ឬហៅថា «ផ្ញើខួរក្បាលលើទូរសព្ទ»។ លោកសង្កត់ធ្ងន់ថា ទោះបី AI អាចផលិតរូបភាព វីដេអូ ឬបទចម្រៀងបានរហ័សក៏ដោយ ក៏វាមិនអាចជំនួសមនោសញ្ចេតនា ទំនាក់ទំនងពិតប្រាកដ និងទេពកោសល្យសិល្បៈរបស់មនុស្សបានឡើយ។ ក្នុងន័យនេះ នៅឆ្នាំសិក្សា ២០២៦-២០២៧ វិទ្យាល័យសន្តហ្វ្រង់ស្វ័របច្ចេកទេស ក៏បានបើកជំនាញថ្មីមួយគឺ «AI កុំព្យូទ័រ និងសិល្បៈ» ដើម្បីផ្សារភ្ជាប់បច្ចេកវិទ្យាទំនើបជាមួយនឹងការអភិរក្សសិល្បៈពិតប្រាកដ។ ទី៣. សន្តិភាព និងសេចក្តីពិត៖ លោកបានសម្តែងការព្រួយបារម្ភចំពោះការកើនឡើងនៃសង្គ្រាមនៅតាមតំបន់ជាច្រើនលើពិភពលោក ភាពតានតឹងលើបណ្តាញសង្គម និងការប្រើប្រាស់ AI ដើម្បីបង្កើតព័ត៌មាន និងវីដេអូក្លែងក្លាយ ដែលបំផ្លាញទំនុកចិត្ត និងសន្តិភាពរបស់មនុស្សជាតិ។ លោកបានក្រើនរំឭកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះព័ត៌មានក្លែងក្លាយ (Fake News) ដែលបង្កើតដោយ AI និងរួមគ្នាកសាងសង្គមដែលមានភាតរភាព។

ទន្ទឹមនឹងពិធីបើកបវេសនកាលនេះដែរ គណៈគ្រប់គ្រងវិទ្យាល័យចំណេះទូទៅឯកជនសន្តហ្វ្រង់ស្វ័រ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) រយៈពេល ៣ឆ្នាំ ជាមួយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ក្រោមវត្តមានលោក ឈន ប៊ុនហាក់ ប្រធានមន្ទីរ ដើម្បីសហការរៀបចំ និងអនុវត្តកម្មវិធីសិក្សាផ្នែកសិល្បៈវប្បធម៌កម្រិតមធ្យមសិក្សា និងការផ្តល់វិញ្ញាបនបត្របញ្ជាក់ការសិក្សា។ លោកអភិបាល អូលីវីយ៉េ បានចាត់ទុកភាពជាដៃគូនេះថា ជាមោទនភាពដ៏ធំធេងសម្រាប់ខេត្តតាកែវ ក្នុងការរួមចំណែកថែរក្សាមរតកដូនតា ដែលបច្ចេកវិទ្យា AI មិនអាចជំនួសបាន។

ជាមួយគ្នានេះ លោក អ៊ុំ សាមាន នាយករង ទទួលបន្ទុកផ្នែកសិល្បៈរបស់វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ បានបង្ហាញក្តីរីករាយចំពោះកិច្ចសហប្រតិបត្តិការនេះ ដោយលោកចាត់ទុកថាជាឱកាសដ៏ល្អក្នុងការបង្ហាញសមិទ្ធផលដែលសាលាបានខិតខំបណ្តុះបណ្តាលនាពេលកន្លងមក ឱ្យមន្ទីរបានឃើញ និងទទួលស្គាល់ជាផ្លូវការ។ លោកបន្តថា បច្ចុប្បន្នសាលាបានបង្រៀនជំនាញសិល្បៈដល់សិស្សចាប់ពីថ្នាក់ទី៧ ដល់ទី៩ លើមុខជំនាញនាដសាស្ត្រជាច្រើនដូចជា៖ របាំបុរាណ របាំប្រពៃណី ល្ខោនខោល ល្ខោនបាសាក់ និងល្ខោនយីកេ ព្រមទាំងផ្នែកតន្ត្រីសម័យ និងបុរាណផងដែរ។

គួរបញ្ជាក់ថា វិទ្យាល័យចំណេះទូទៅសន្តហ្វ្រង់ស្វ័រ មានទីតាំងស្ថិតនៅភូមិចំការទៀង ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ គឺជាសាលាកាតូលិកមួយក្នុងចំណោមសាលាជាច្រើនទៀត ដែលបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់លោកអភិបាល អូលីវីយ៉េ ក្នុងឆ្នាំ២០០៣ ដើម្បីផ្តល់ឱកាសឱ្យកូនកសិករក្រីក្រទទួលបានការអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់វិទ្យាល័យ និងជំនាញសិល្បៈជាច្រើនមុខ។ ជាទីបញ្ចប់ លោកអភិបាល អូលីវីយ៉េ ជ្មីតហស្ល៊ែរ បានលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធ រួមគ្នាកសាងសង្គមមួយដែលយកមនុស្សជាស្នូល ពោរពេញដោយភាតរភាព សីលធម៌ និងសេចក្តីពិត មុននឹងអញ្ជើញប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវ ប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីជាផ្លូវការ៕

Daily Program

Livesteam thumbnail
khmer popup image