ស្ត្រីបង់ក្លាដែសម្នាក់ទទួលពានរង្វាន់ Ramon Magsaysay ឆ្នាំ ២០២៦

ស្ត្រីជនជាតិបង់ក្លាដែសម្នាក់ ដែលជាអ្នកផ្តួចផ្តើមនាំសេវាថែទាំសុខភាពដល់មាត់ទ្វារផ្ទះប្រជាពលរដ្ឋក្រីក្រនៅក្នុងប្រទេសនេះ បានទទួលពានរង្វាន់ Ramon Magsaysay ឆ្នាំ ២០២៦។

ស្ត្រីម្នាក់នេះឈ្មោះ រូណា ខាន់ (Runa Khan) ដែលជាសកម្មជនមនុស្សធម៌មួយរូបនៅក្នុងប្រទេសក្រីក្រមួយនេះនៅអាស៊ីខាងត្បូង។

រូណា ខាន់ ជាស្ត្រីដែលធំធាត់ឡើងក្នុងគ្រួសារដែលមានជីវភាពធូរធារនៅក្នុងប្រទេសបង់ក្លាដែស ហើយទទួលបានឱកាសអប់រំ សុវត្ថិភាព និងអំណោយផលផ្សេងៗទៀត ដែលមនុស្សជាច្រើននៅក្នុងប្រទេសរបស់លោកស្រីបានត្រឹមតែស្រមៃចង់បាន ប៉ុន្តែ ការជួបជាមួយគ្រួសារដែលរស់នៅលើកោះដាច់ស្រយាលតាមដងទន្លេព្រហ្មាពូត្រា (Brahmaputra) បានផ្លាស់ប្តូរការយល់ឃើញរបស់លោកស្រីអំពីភាពក្រីក្រ ហើយបានជំរុញទឹកចិត្តឱ្យលោកស្រីនាំយកសេវាថែទាំសុខភាពទៅកាន់សហគមន៍ដែលនៅឆ្ងាយហួសពីលទ្ធភាពទទួលបានសេវាពីមណ្ឌលសុខភាពធម្មតា។

នៅក្នុងសុន្ទរកថាមួយនៅទីក្រុងម៉ានីល កាលពីថ្ងៃទី ១២ ខែវិច្ឆិកា លោកស្រី បានរៀបរាប់ថា ការបានឃើញពីការលំបាកវេទនារបស់ប្រជាជនដែលរស់នៅលើកោះនោះ បានជំរុញឱ្យលោកស្រីបង្កើតអង្គការមនុស្សធម៌មួយឈ្មោះថា "មិត្តភាព" ដែលមានមូលដ្ឋាននៅក្នុងប្រទេសបង់ក្លាដែស។

លោកស្រីបានឱ្យដឹងថា ទោះបីជាប្រើប្រាស់ភាសាដូចគ្នា រស់នៅក្នុងប្រទេសតែមួយ និងមានសញ្ជាតិដូចគ្នា ប៉ុន្តែ លោកស្រី បានដឹងថា លោកស្រី និងប្រជាជនដែលរស់នៅក្នុងសហគមន៍ទាំងនោះ រស់នៅក្នុងពិភពលោកដែលខុសគ្នាទាំងស្រុង។

ដោយសារតែស្ថានភាពបែបនេះ បានជំរុញឱ្យលោកស្រីពិចារណាឡើងវិញអំពីការយល់ដឹងរបស់លោកស្រី ចំពោះភាពក្រីក្រ និងការទទួលខុសត្រូវរបស់លោកស្រីចំពោះមនុស្សដែលជីវិតរបស់ពួកគេត្រូវបានកំណត់ដោយភាពខ្វះខាត និងការមិនយកចិត្តទុកដាក់ពីសង្គម។

លោកស្រីបាននិយាយថា លោកស្រីបានរៀនស្តាប់មិនត្រឹមតែអ្វីដែលមនុស្សនិយាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្តាប់នូវអ្វីដែលពួកគេមិនបាននិយាយចេញមកផងដែរ។

ការយល់ឃើញនេះហើយ ដែលបានជំរុញឱ្យលោកស្រីផ្តោតលើការនាំយកសេវាថែទាំសុខភាពទៅដល់សហគមន៍ដាច់ស្រយាល។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយចាប់ផ្តើមពីការកែច្នៃទូកមួយគ្រឿងឱ្យទៅជាមន្ទីរពេទ្យអណ្តែតទឹក ដើម្បីបម្រើសហគមន៍ដែលរស់នៅដាច់ស្រយាល។

លោកស្រី បានលើកឡើងថា គំនិតផ្តួចផ្តើមនេះដំបូងឡើយមានគោលបំណងផ្តល់សេវាដល់ប្រជាជនប្រមាណ ១២.០០០ នាក់ក្នុងមួយឆ្នាំ។

យោងតាមការរៀបរាប់របស់លោកស្រីក្នុងអំឡុងពេលធ្វើបទបង្ហាញ អ្វីដែលធ្លាប់តែជាមន្ទីរពេទ្យអណ្តែតទឹកតែមួយគ្រឿង បានពង្រីកខ្លួនទៅជាមន្ទីរពេទ្យអណ្តែតទឹកចំនួន ៧ មន្ទីរពេទ្យនៅលើគោកមួយ និងកម្មវិធីថែទាំសុខភាពដែលមានកម្រិតសេវាបីដំណាក់កាល។

Daily Program

Livesteam thumbnail
khmer popup image