អត្ថាធិប្បាយគម្ពីរថ្ងៃទី២៣ខែសីហា ឆ្នាំ២០២៥ លោកបូជាចារ្យ អ៊ុន សុន

ខ្ញុំសូមអញ្ជើញបងប្អូនចូលរួមអធិដ្ឋានសុំព្រះវិញ្ញាណជួយបំភ្លឺ ជួយណែនាំយើង ដើម្បីឱ្យសន្តិភាពកើតមាន​ឡើង​ចំពោះប្រទេសយើងទាំងពីរ ទាំងប្រទេសថៃប្រទេសខ្មែរដែលកំពុងតែមានសង្គ្រាមជាមួយគ្នានេះ។ ជាពិសេសសូមព្រះវិញ្ញាណជួយបំភ្លឺ ជួយណែនាំដល់ថ្នាក់ដឹកនាំទាំងពីរ រកដំណោះស្រាយដោយសន្តិវិធី នឹង​នាំសន្តិភាពដល់ប្រទេសទាំងពីរផងដែរ។

បងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលដំណឹងល្អថ្ងៃនេះ ជួយឱ្យយើងរិះគិតអំពីកិច្ចការដែលពួកផារ៉ាស៊ី និង​ពួក​ធម្មា​ចារ្យបានបង្រៀន ព្រះយេស៊ូប្រាប់ថា៖ «អ្វីដែលគេបានបង្រៀន សូមទទួលយក ប៉ុន្តែ! កុំយក​តម្រាប់​តាម​គេ»។ ចំណុចនេះជួយឱ្យយើងរិះគិត ដូចសុភាសិតខ្មែរនិយាយថា៖ «ពុតគ្រូកុំត្រាប់ ច្បាប់​គ្រូសុំ​យ​ក​»​ នេះជាសេចក្តីមួយដែលនាំឱ្យយើងយកមកពិចារណានូវទង្វើរបស់យើង។ ប្រសិនបើអ្វីដែលយើងនិយាយ ហើយយើងមិនបានធ្វើ ក៏ប្រៀបដូចជាអត់បានធ្វើអញ្ចឹង គឺស្មើនិងសូន្យអញ្ចឹង។

អញ្ចឹងពេលខ្ញុំចែកនូវទេសនាគឺខ្ញុំខិតខំចែកនូវអ្វីដែលខ្ញុំមាន អ្វីដែល​ខ្ញុំបាន​ធ្វើ​តាម​ជំនឿ​ដែល​យើង​បាន​ទទួល​ នេះជាចំណុចសំខាន់ក្នុងការរស់នៅ ក្នុងការប្រតិបត្តិជំនឿរបស់យើង។ ​ថ្ងៃ​នេះព្រះយេស៊ូ​ឱ្យ​យើង​ដឹង​​ថា នរណាស្រឡាញ់​នឹងរក្សាជីវិត​នៅក្នុង​លោក​នេះ​នឹង​បាត់​បង់ រីឯអ្នកដែលបាត់បង់​ជីវិតក្នុង​លោក​នេះ បច្ចុប្បន្ននេះនឹងបានជីវិតថ្មីអស់កល្បជានិច្ច។ សូមបងប្អូនអធិដ្ឋានទូលដល់ព្រះជាម្ចាស់ ដើម្បីជួយ​ឱ្យ​យើង​ម្នាក់ៗចេះលះបង់ជីវិតរបស់ខ្លួន ដើម្បីស្រឡាញ់នឹងបម្រើបងប្អូនទៀត។

បងប្អូនជាទីស្រឡាញ់! មនុស្សយើងសុទ្ធតែជាអ្នកបាប​មានតែព្រះជាម្ចាស់មួយព្រះអង្គទេ​ដែលជា​ព្រះ​ដ៏វិ​សុ​ទ្ធ​ ជាព្រះអម្ចាស់ ១០០ ភាគរយ។ ដូច្នេះពេលយើងជាបុត្រធីតារបស់ព្រះអង្គ យើង​ជា​បង​ប្អូននឹងគ្នា យើង​ត្រូវខិតខំរស់នៅ ដើម្បីគោរពស្រឡាញ់ព្រះជាម្ចាស់។ ព្រះជាម្ចាស់​មាន​សេចក្តី​ស្រឡាញ់​និង​ធម៌​មេត្តា​ករុណា​ដល់មនុស្សលោកឲ្យ​មាន​លក្ខណៈផ្សេងៗពីគ្នា ឱ្យយើងមានសេរីភាពផ្សេងៗពីគ្នាទាំងគុណ​សម្ប​ត្តិ មានសេរីភាព ដើម្បីជួយឱ្យយើងដឹងថាយើងចេះរស់នៅជាបុត្រធីតារបស់ព្រះបិតា។

ហើយថ្ងៃនេះ ឱ្យយើងចេះប្រតិបត្តិចំពោះគ្នាទៅវិញទៅមកដូចជាយើងបានប្រតិបត្តិ​ចំពោះព្រះជាម្ចាស់​ដែរ​ ព្រះយេស៊ូបានមកក្នុងលោកនេះ ដើម្បីព្រះអង្គសម្ដែងមេត្តាករុណារបស់ព្រះបិតា ហើយលើកលែងទោស​ឱ្យ​យើង។ ដូច្នេះ ចូរយើងស្រឡាញ់គ្នា ចេះមានចិត្តអាណិតមេត្តាគ្នា នឹងលើកលែងទោសឱ្យគ្នា៕​

Daily Program

Livesteam thumbnail