ថ្ងៃទី២៣ខែ ឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរយ៉ូហាន២០,២០-២៥ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

បងប្អូនជាទីស្រឡាញ់! ខ្ញុំមានអំណរសប្បាយរីករាយណាស់ដែលបានមកជួបបងប្អូននៅថ្ងៃនេះ តាមរយៈព្រះបន្ទូលនៃដំណឹងល្អតាមសន្តយ៉ូហាន ជំពូកទី ២១ ខទី ២០ ដល់ ២៥។

នៅក្នុងបរិយាកាសនៃរដូវបុណ្យចម្លងនេះ ការដែលព្រះយេស៊ូបានបូជាព្រះជន្ម ហើយមានព្រះជន្មរស់ឡើងវិញដ៏រុងរឿង បានធ្វើឱ្យយើងទទួលបាននូវសេចក្តីស្រឡាញ់ដ៏ធំធេង ដែលព្រះអង្គសុខចិត្តលះបង់ព្រះជន្មសម្រាប់មនុស្សដែលព្រះអង្គស្រឡាញ់ ដូចដែលព្រះអង្គបានបូជាសម្រាប់ព្រះវរបិតាដូច្នោះដែរ។

បងប្អូនជាទីស្រឡាញ់! សេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ គឺជាសេចក្តីស្រឡាញ់ដែលគ្មានព្រំដែន ពិបាកនឹងពន្យល់ ឬបកស្រាយឱ្យអស់សេចក្តីណាស់។ ប្រសិនបើយើងពិនិត្យមើលសកម្មភាពដែលព្រះយេស៊ូបានធ្វើចេញពីសេចក្តីស្រឡាញ់ ដូចជាពេលព្រះអង្គរៀបចំពិធីជប់លៀង និងលាងជើងឱ្យក្រុមសាវ័ក នោះគឺជាការបញ្ជាក់យ៉ាងច្បាស់អំពីសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះពួកគាត់ ចំពោះមនុស្សលោកទាំងមូល និងចំពោះព្រះបិតា។ ព្រះអង្គបានបន្ទាបព្រះកាយយ៉ាងខ្លាំង ដើម្បីប្រទានសេចក្តីស្រឡាញ់ដល់មនុស្សគ្រប់រូប។

ពិតជាអស្ចារ្យ និងរំភើបខ្លាំងណាស់ ដែលព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់! សេចក្តីស្រឡាញ់នេះប្រៀបដូចជាដង្ហើមខ្យល់របស់មនុស្ស។ យើងត្រូវការសេចក្តីស្រឡាញ់ដ៏ធំធេងនេះជាចាំបាច់។ សេចក្តីស្រឡាញ់មានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់ៗរូប ព្រោះការទទួលបានសេចក្តីស្រឡាញ់នេះ ផ្ដល់កម្លាំងចិត្ត បង្កើតឱ្យមានអំណរ និងធ្វើឱ្យជីវិតរស់នៅរបស់យើងនៅក្នុងលោកនេះកាន់តែមានន័យនិងតម្លៃ។

យើងឃើញហើយថា ក្រុមគ្រីស្តទូតនិងក្រុមសាវ័កដែលធ្លាប់ដើរតាមព្រះអង្គ នៅពេលដែលព្រះយេស៊ូសោយទិវង្គត ពួកគាត់ធ្លាប់អស់សង្ឃឹម និងបាក់ទឹកចិត្តយ៉ាងខ្លាំង។ ប៉ុន្តែនៅពេលដែលព្រះយេស៊ូបានយាងមកគង់នៅជាមួយពួកគាត់ និងបង្ហាញវត្តមានរបស់ព្រះអង្គឡើងវិញ នោះបានធ្វើឱ្យពួកគាត់ទទួលបានកម្លាំងថ្មី និងអំណរថ្មីនៅក្នុងសេចក្តីស្រឡាញ់ ដែលសបញ្ជាក់ថាព្រះជាម្ចាស់មិនដែលបោះបង់ចោលពួកគាត់ឡើយ។

សេចក្តីស្រឡាញ់ដ៏លើសលប់នេះ ត្រូវបានរួបរួមគ្នាយ៉ាងស្អិតល្មួតនៅក្នុងព្រះជាម្ចាស់ ហើយព្រះវិញ្ញាណដ៏វិសុទ្ធបានបំភ្លឺ និងណែនាំក្រុមសាវ័កទាំងអស់ឱ្យបន្តកិច្ចការរបស់ព្រះអង្គនៅលើផែនដីនេះ។ ព្រះយេស៊ូបានប្រទាននូវសេចក្តីស្រឡាញ់ ដែលនាំឱ្យក្រុមសាវ័ករួបរួមគ្នាជាធ្លុងមួយ ជួបជុំគ្នាធ្វើពិធីអរព្រះគុណព្រះជាម្ចាស់ និងអធិស្ឋានរួមគ្នា។ លើសពីនេះទៅទៀត គឺការអនុវត្តជាក់ស្ដែងនូវអំពើមេត្តាករុណា។

ជាក់ស្ដែង នៅក្នុងប្រទេសកម្ពុជាយើង យើងឃើញមានក្រុមបងស្រីនៃគ្រួសារមេត្តាករុណា ក្រុមគ្រីស្តទូត និងក្រុមសាសនទូតជាច្រើន ដែលមកពីប្រទេសថៃ វៀតណាម បារាំង សហរដ្ឋអាមេរិក និងបណ្តាប្រទេសជាច្រើនទៀត ដើម្បីមកបន្តសកម្មភាពនៃធម៌មេត្តាករុណានេះ។

ដូច្នេះ ព្រះបន្ទូលនៃដំណឹងល្អមិនត្រឹមតែជាអ្វីដែលផ្ដល់កម្លាំងនិងអំណរដល់យើងប៉ុណ្ណោះទេ ប៉ុន្តែនៅពេលដែលយើងទទួលនូវសេចក្តីស្រឡាញ់នេះហើយ ចូរយើងចេះស្រឡាញ់ ជួយយកអាសាគ្នា បម្រើគ្នា និងរាប់អានគ្នាដូចជាបងប្អូនបង្កើត។ នេះហើយជាអំណរសប្បាយ និងជាដំណឹងល្អពិតប្រាកដ។ អាម៉ែន៕

 

 

Daily Program

Livesteam thumbnail
khmer popup image