ថ្ងៃទី២៦ខែ ឧសភា ឆ្នាំ២០២៦ អត្ថបទគម្ពីរ ម៉ាកុស ១០,២៨-៣១ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី

ជម្រាបសួរ បងប្អូនជាទីមេត្រី!សប្តាហ៍នេះ យើងបានឈានចូលមកដល់សប្តាហ៍នៃរដូវធម្មតា វគ្គទីពីរ គឺសប្តាហ៍ទី ៨ ហើយយើងក៏បានស្តាប់ព្រះបន្ទូលថ្ងៃនេះ ដកស្រង់ចេញពីគម្ពីរដំណឹងល្អតាមសន្តម៉ាកុស ជំពូកទី ១០ ខទី ២៨ ដល់ ៣១។

ព្រះយេស៊ូបានឆ្លើយតបទៅនឹងសំណួររបស់លោកសិលា (ពេត្រុស) ដែលបានទូលសួរថា៖ «យើងខ្ញុំបានលះបង់អ្វីៗទាំងអស់ដើម្បីដើរតាមព្រះអង្គ តើយើងខ្ញុំនឹងទទួលបានអ្វីមកវិញ?»។ ព្រះយេស៊ូបានមានព្រះបន្ទូលតបថា អស់អ្នកដែលបានលះបង់ដើម្បីដើរតាមព្រះអង្គ នឹងទទួលបានបងប្អូន និងអ្វីៗគ្រប់យ៉ាងត្រឡប់មកវិញជាច្រើនលើសលប់។

នៅត្រង់ចំណុចនេះ បងប្អូនប្រហែលជានឹកគិតទៅដល់អ្នកបួស លោកបូជាចារ្យ បងប្រុស ឬបងស្រី ដែលសុខចិត្តលះបង់ខ្លួនដើម្បីដើរតាមព្រះអង្គ។ ពិតប្រាកដណាស់ ពួកគាត់បានទទួលមកវិញនូវគ្រួសារថ្មី របៀបរស់នៅថ្មី និងមានបងប្អូនក្នុងជំនឿជាច្រើន ក្នុងទម្រង់ថ្មីមួយដ៏ស្រស់បំព្រង។

ប៉ុន្តែ ចំពោះយើងដែលជាគ្រីស្តបរិស័ទធម្មតា តើការលះបង់ខ្លួននេះមានន័យដូចម្តេច? មានន័យថា បងប្អូនអាចមានអ្វីៗគ្រប់យ៉ាងនៅក្នុងលោកនេះបាន ប៉ុន្តែស្ថិតនៅក្នុងផ្នត់គំនិតថ្មីមួយ គឺការចាត់ទុកអ្វីៗទាំងអស់នោះជាអំណោយទានដែលបានមកពីព្រះជាម្ចាស់។ អ្វីដែលបងប្អូនចេះចែករំលែក និងជួយឧបត្ថម្ភគាំទ្រដល់ព្រះសហគមន៍ ពិតជាបានបង្ហាញឱ្យឃើញថា យើងគឺជាគ្រួសារតែមួយជាមួយព្រះសហគមន៍។ ដូច្នេះ អ្វីៗដែលយើងបានលះបង់និងថ្វាយទៅព្រះជាម្ចាស់ ព្រះអង្គមិនគ្រាន់តែទតឃើញនៅក្នុងលោកនេះប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គក៏នឹងចងចាំយើងនៅក្នុងស្ថានបរមសុខផងដែរ។

សូមឱ្យការលះបង់របស់បងប្អូនក្នុងការជួយព្រះសហគមន៍ តាមលទ្ធភាព និងសមត្ថភាពរៀងៗខ្លួន បានចូលរួមចំណែកក្នុងកិច្ចការប្រកាសដំណឹងល្អ ការថ្វាយបង្គំព្រះ និងការជួយសង្គ្រោះដល់ជនក្រីក្រ ស្របតាមមាគ៌ារបស់ព្រះសហគមន៍។

សូមព្រះជាម្ចាស់ប្រទានកម្លាំង និងជួយបងប្អូនឱ្យមានចិត្តស្ម័គ្រស្មោះក្នុងការលះបង់ ដើម្បីដើរតាមព្រះអង្គ ស្របតាមការត្រាស់ហៅរបស់បងប្អូនម្នាក់ៗ។ អាម៉ែន៕

 

 

Daily Program

Livesteam thumbnail
khmer popup image