ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥អត្ថបទគម្ពីរម៉ាថាយ ២២,៣៤-៤០ អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ផាន បូរី

អត្ថបទព្រះគម្ពីរដំណឹងល្អនៅក្នុងថ្ងៃនេះ យើងឃើញថាការសន្ទនារវាងទេវទូតកាព្រីអែលនិងនាងម៉ារី ​ពួក​គាត់សន្ទនាជាមួយគ្នាអំពីបេសកកម្មដែលនាងម៉ារីត្រូវទទួល។ ខ្ញុំចង់ចែកជាមួយបង​ប្អូនបី​ចំណុច​ ទីមួយ៖ អំពីអំណរសប្បាយដែលនាងម៉ារីនឹងទទួល!  ព្រះជាម្ចាស់​បានត្រាស់ហៅនាង​ម៉ារីឱ្យក្លាយ​ជា​មា​តា​របស់​ព្រះ​យេស៊ូ ហើយព្រះជាម្ចាស់បានត្រាស់ហៅនាងម៉ារីឱ្យក្លាយជាបុគ្គលម្នាក់​ដែល​រស់​នៅ​ជា​គំ​រូ ដោយ​ស្តាប់​ព្រះ​សូរសៀងរបស់ព្រះជាម្ចាស់ និងយល់ព្រមធ្វើតាមពាក្យរបស់ព្រះអង្គ។

ព្រះជាម្ចាស់បានត្រាស់ហៅយើងជាលក្ខណៈឯកត្ត ដែលយើងហៅថាឯកត្តជនដើម្បីឱ្យយើងអាច​ធ្វើដំ​ណើរ​រួ​មជាមួយព្រះអង្គបាន។ ព្រះជាម្ចាស់ក៏បានត្រាស់ហៅយើងម្នាក់ៗ ឱ្យយើងក្លាយទៅជា​បុគ្គល​ដ៏ឆ្នើម​នៅ​ក្នុងសង្គមរបស់យើង នៅក្នុងភូមិក៏ដូចជានៅក្នុងព្រះសហគមន៍របស់យើង​ឱ្យយើងឆ្លើយតប​ព្រះ​អង្គ​​ដូច​នាងម៉ារីឆ្លើយតបទៅនឹងទ្រង់ដែរ។ ទ្រង់បានត្រាស់ហៅយើងតាមរយៈកិច្ចការងារ​ប្រចាំ​ថ្ងៃ​របស់​យើង ទាំងការនិយាយស្តី ទាំងកាយវិការដែលយើងធ្វើ ទាំងកិច្ចការដែលយើងធ្វើនៅកន្លែងដែលយើងធ្វើការ គ្រប់​ពេលយើងធ្វើដំណើរទីនេះទីនោះ គ្រប់ដង្ហើមចេញចូលរបស់យើង គឺ​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​យើង​។ ត្រង់នេះតោងឱ្យយើងដឹងថាយើងត្រូវតែឆ្លើយទៅព្រះជាម្ចាស់ ក្នុ​ងទម្រង់​ណា​ក៏​បាន​ឱ្យ​យើងចេះឆ្លើយ​ទៅ​ព្រះជាម្ចាស់ដូចនាងម៉ារីបានឆ្លើយទៅព្រះអង្គដូចគ្នាដែរ។

ចំណុចទីពីរ៖ នាងម៉ារីបានទទួលព្រះអំណោយទានរបស់ព្រះជាម្ចាស់! ព្រះអំណោយទានរបស់​ព្រះជា​ម្ចាស់​​ដែលនាងម៉ារីបានទទួល គឺធ្វើជាមាតារបស់ព្រះគ្រីស្ត ជាមាតារបស់ព្រះសហគមន៍ និងជាគំរូរបស់​ព្រះសហគមន៍​ដែលជឿទុកចិត្តលើព្រះជាម្ចាស់។ ជំនឿ! ខ្ញុំចង់និយាយអំពីជំនឿ ជំនឿនាំឱ្យយើងទទួល​បាន​ការសង្គ្រោះ ជំនឿនាំឱ្យយើងខិតជិតព្រះជាម្ចាស់ ជំនឿនាំឱ្យយើងប្រព្រឹត្តសេចក្តីល្អ ជំនឿនាំ​ឱ្យ​យើង​មានសុខសន្តិភាពចំពោះគ្នាទៅវិញទៅមក ជំនឿនាំឱ្យយើងមានសេចក្តីស្រឡាញ់។ ​ដោយសា​រជំ​នឿ​យើង​ចង់ធ្វើតាមព្រះបន្ទូលរបស់ព្រះជាម្ចាស់។ ជឿទុកចិត្តលើព្រះជាម្ចាស់ជាព្រះសង្គ្រោះ​ដែលនាំឱ្យជីវិ​ត​មនុស្សផ្លា​ស់ប្រែរបៀបមិនល្អទៅរកសេចក្តីល្អ ពិសេសផ្នែកសីលធម៌របស់យើង ឱ្យយើងរស់នៅ​មានគុណ​ធម៌មានសីលធម៌ល្អ មានសុជីវធម៌ល្អក្នុងការប្រតិបត្តិតាមជំនឿរបស់យើង ជាពិសេសបងប្អូន​ដែល​ជឿលើ​គ្រីស្ត​សាសនា ជឿលើព្រះយេស៊ូជាព្រះសង្គ្រោះរបស់បងប្អូន។

យើងម្នាក់ៗទទួលព្រះអំណោយទានដែលមកពីព្រះជាម្ចាស់ យើងជាគ្រីស្តបរិស័ទជាអ្នកជឿ យើងត្រូវប្រើ​ព្រះអំណោយ​ទាននេះឱ្យបានត្រឹមត្រូវ ប្រសិនបើយើងមានឯកទេសណាមួយ យើងប្រើឯកទេសរបស់​យើង​ឱ្យមានប្រយោជន៍នៅក្នុងសង្គមរបស់យើង  កុំឱ្យអ្នកដទៃ​ឈឺ​ចាប់ដោយសារតែ​ចំណេះជំនាញ​ដែល​យើង​​បានទទួលហើយតែប្រើវាអត់មិនសមប្រកបឬប្រើមិនល្អ។

ចំណុចទីបី៖ ព្រះជាម្ចាស់គង់នៅជាមួយនាង ដូចទេវទូតបានជូនដំណឹងទៅនាងម៉ារី ហើយព្រះអង្គគង់​នៅ​ជា​មួយនាងចូរឱ្យនាងមានអំណរសប្បាយ! មានន័យថាព្រះអង្គគង់នៅជាមួយនាង។ នាងម៉ារីគឺ​ជា​​គំរូ​នៃ​អ្នក​ជឿ។ ប្រសិនបើព្រះជាម្ចាស់និយាយពីព្រះបន្ទូលទៅកាន់នាងម៉ារី ព្រះអង្គគង់នៅជាមួយនាង ព្រះ​ជា​ម្ចាស់​ក៏និយាយមកកាន់យើងម្នាក់ៗជាបុរសស្ត្រី ក្មេងចាស់ យុវជនយុវនារី ព្រះអង្គ​ក៏​គង់​នៅ​ជាមួយ​យើ​ង​ដូច​គ្នា​ដែរ។ សូមឱ្យយើងម្នាក់ៗចេះបើកដួងចិត្តទទួលអំណរសប្បាយ ទទួល​ព្រះ​អំណោយ​ទាន ទទួល​ស្គាល់​ថាព្រះជាម្ចាស់គង់នៅជាមួយយើង នឹងសូមឱ្យយើងចេះប្រកាសជំនឿ​ខ្លួន​ទៅ​ដល់​បង​ប្អូន​នៅ​ទីនេះ​ទីនោះ ដូចនាងម៉ារីចេះប្រកាសជំនឿ ហើយសូមឱ្យយើងចេះឆ្លើយបាទ ឬចាស់ទៅ​ព្រះជា​ម្ចាស់ផងដែរ។ អាម៉ែន៕

 

Daily Program

Livesteam thumbnail