ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ អត្ថបទគម្ពីរ ម៉ាថាយ (១៩, ២៣-៣០)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ រឿង ឆ័ត្រសិរី
ជម្រាបសួរបងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលថ្ងៃនេះគឺល្អណាស់សម្រាប់យើងជាគ្រីស្តបរិស័ទដើម្បីដើរតាមមព្រះអង្គ។ ម៉ាថាយ(១៩,២៣-៣០) ព្រះយេស៊ូចង់ឱ្យយើងចិត្តតែមួយជាមួយនិងព្រះអង្គ គឺដើរតាមព្រះអង្គដោយចិត្តលះបង់។ បងប្អូនដឹងហើយថានៅក្នុងជីវិតលោកីយ៍ មានរឿងច្រើនដែលទាមទារចិត្តរបស់យើងឱ្យឆ្ងាយពីព្រះជាម្ចាស់ជាពិសេសគំនិតរកស៊ី គំនិតដែលធ្វើឱ្យយើងរវីរវល់តែក្នុងលោកនេះ គឺគំនិតលោភលន់។
ពិតមែន! អ្នកមានទាំងអស់មិនមែនជាមនុស្សខូចទេ មួយចំនួនគេមានចិត្តលះបង់ជួយដល់ភាពខ្វះខាតរបស់ព្រះសហគមន៍ ប៉ុន្តែ! មួយចំនួនទៀតខិតខំតែរឿងលោកីយ៍ធ្វើឱ្យបាត់បង់គំនិតដែលត្រូវស្វែងរកព្រះរាជ្យព្រះជាម្ចាស់។ ហេតុនេះបានជាព្រះយេស៊ូរំលឹកពី សត្វអូដ្ឋចូលក្នុងប្រហោងម្ជុលងាយស្រួលជាងអ្នកមានចូលក្នុងព្រះរាជ្យនៃស្ថានបរមសុខ។ មិនថាយើងជាអ្នកមាន អ្នកក្រ! យើងមិនអាចបោះបង់ចោលគំនិតចង់ដើរតាមព្រះអង្គ ព្រោះយើងជាគ្រីស្តបរិស័ទយើងត្រូវបានត្រាស់ហៅពីព្រះជាម្ចាស់! ម្យ៉ាងទៀតការលះបង់របស់យើងមានកម្រិត ខ្លះអាចលះបង់បានច្រើនទោះបីស្ថានភាពមិនមែនជាអ្នកបួស ក៏យើងអាចឆ្លើយតបនឹងការជួយព្រះសហគមន៍ ដោយបង្ហាញពីព្រះរាជ្យរបស់ព្រះជាម្ចាស់ឱ្យអ្នកដទៃតាមការត្រាស់ហៅរបស់ខ្លួនបានដែរ។
ប៉ុន្តែ! ជីវិតជាបុព្វជិតបុព្វជីតា អ្នកបួស ជាបូជាចារ្យគឺជាជីវិតដែលធ្វើការពេញម៉ោងជួបជាមួយព្រះបន្ទូលរបស់ព្រះជាម្ចាស់ រស់នៅជាសក្ខីភាពជីវិតនៃព្រះបន្ទូល ដូច្នេះបើយើងគិតឃើញថា បងប្អូនដែលមានចិត្តលះបង់ អត់រវីរវល់រឿងរកស៊ី រឿងស្វែងរកទ្រព្យសម្បត្តិលោកនេះ ដូចព្រះយេស៊ូបានប្រាប់ថា អ្នកណាដែលលះបង់ផ្ទះសម្បែង ប្តីប្រពន្ធ កូនចៅ និងបានទទួលមួយជាមួយរយមានន័យថាយើងនឹងទទួលនូវអ្វីដែលព្រះជាម្ចស់ប្រទានឱ្យយើង ចិត្តរបៀបនេះគឺចិត្តមិនត្រូវការអ្វីទៀតទេ សូម្បីតែរឿងតិចតួចក៏គ្រប់គ្រាន់នឹងការរស់នៅហើយសម្រាប់បំពេញបេសកម្ម។
ដូច្នេះសូមឱ្យយើងមានចិត្តលះបង់កុំរវីរវល់កុំស្វែងរកអីច្រើនពេកនៅក្នុងជីវិតនេះ យើងធ្វើអ្វីដែលរស់នៅបានហើយធ្វើដំណើរទៅក្នុងព្រះរាជ្យព្រះជាម្ចាស់ប៉ុណ្ណឹងបានហើយកុំឱ្យមានចិត្តលោភលន់ ឬកុំឱ្យមានគំនិតវៀចវេផ្សេងៗដែលទាញយើងចេញពីព្រះរាជ្យរបស់ព្រះជាម្ចាស់។ សូមឱ្យព្រះជាម្ចាស់ប្រទានពរឱ្យបងប្អូន សូមឱ្យបងប្អូនមានចិត្តរឹងមាំតម្រង់ជីវិតទៅក្នុងព្រះរាជ្យនៃស្ថានបរមសុខដូចព្រះយេស៊ូបានប្រាប់យើងនៅក្នុងព្រះបន្ទូលថ្ងៃនេះដែរ។ សូមព្រះជាម្ចាស់ប្រទានពរឱ្យអស់បងប្អូន៕