ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥អត្ថបទគម្ពីរ (ម៉ាថាយ ១៩,១៣-១៥)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ អ៊ុន សុន

ជម្រាបសួរបងប្អូនជាទីស្រឡាញ់! ថ្ងៃនេះយើងមកជាមួយគ្នាដើម្បីបន្តអធិដ្ឋាន​​ទូលសុំសេចក្ដីសុខសាន្ត សន្តិភាពរវាងប្រទេសយើងទាំងពីរគឺកម្ពុជាថៃ។ បាទ! សូមព្រះជាម្ចាស់ជួយបំភ្លឺដល់ថ្នាក់ដឹកនាំទាំង​ពីរ​​​ស្វះស្វែងរកសន្តិភាព ជា​ជាង​ធ្វើ​សង្គ្រាមដាក់​គ្នា​ទៅវិញទៅមក។ ដូច្នេះយើង​សុំអធិដ្ឋា​ន​និង​សូម​ថ្វាយ​ទុក្ខ​លំបាក​របស់ប្រជាជនយើងទាំងអស់គ្នាទៅក្នុងព្រះហស្ថរបស់ព្រះជាម្ចាស់។

បងប្អូនជាទីស្រឡាញ់! ព្រះបន្ទូលដំណឹងល្អនៅថ្ងៃសៅរ៍ទី១៦ខែសីហានេះយើង​បាន​ស្ដាប់​ឮ​សាវ័ក​រារាំង​មិន​ឲ្យក្មេងៗមកជួបព្រះយេស៊ូដើម្បីឲ្យព្រះអង្គដាក់ដៃប្រទានពរលើគាត់។ ព្រះយេស៊ូ​ប្រាប់​ថា “សូមឲ្យ​ក្មេង​ៗមក​រកខ្ញុំ” ហើយបង្រៀនយើងឲ្យមានជំនឿដូចកូនក្មេង។ ជំនឿកូនក្មេងគឺជា​ជំនឿ​ដែល​ទុកចិ​ត្ត​ទាំ​ង​ស្រុង​លើឪពុកម្ដាយ ដូចជាផ្ញើជីវិតទាំងស្រុងលើសេចក្ដីស្រឡាញ់​លើ​ព្រះ​ជា​ម្ចាស់​ដែរ។ ហេតុនេះ​បាន​ជា​ព្រះយេស៊ូ​សូមឲ្យយើងមានជំនឿដូចកូនក្មេង ចេះដាក់ខ្លួន ចេះបន្ទាបខ្លួន នឹងចេះ​ទទួល​ហើយ​ទុកចិត្ត​​លើ​ព្រះហឫទ័យរបស់ព្រះបិតាដែលមានព្រះហឫទ័យសម្រាប់យើង។

បាទ! ក្នុងកិច្ចការទាំងអស់ដែលយើងធ្វើ យើងឃើញថាចិត្តរបស់យើងប្រែស្លូតបូត ​ទៀងត្រង់ ​ស្មោះ រីក​រាយ​​​នៅក្នុងជីវិត ចិត្តនេះហើយដែលធ្វើឲ្យយើងចេះរស់នៅ ចេះ​បន្ទាប​ខ្លួនមានភាពសាមញ្ញ​ដែល​ធ្វើ​ឲ្យ​យើង​ចេះលើកតម្កើងព្រះជាម្ចាស់! ពេលនោះយើង​អាច​ថ្វាយកិច្ច​ការងារ ថ្វាយអ្វីៗ​ទាំង​អស់​ដែល​យើង​មាន​ទៅព្រះអង្គ។ ផ្ទុយទៅវិញបើយើងគិតថាយើងជាមនុស្សដែលមានសមត្ថភាព ឬមានគំនិតជា​របស់​ខ្លួន​ ជួនកាលយើងអាចធ្វើខុសនឹងព្រះហឫទ័យព្រះជាម្ចាស់។

ថ្ងៃនេះចូរបងប្អូនមានអំណរសប្បាយរីករាយ ដិ្បតព្រះយេស៊ូយាងមកក្នុងលោកនេះ ដើម្បីប្រមូលយើង​​ឲ្យក្លាយជាបងប្អូន ជាបុត្រាបុត្រីរបស់ព្រះបិតាទៅជាធ្លុងតែមួយ។ ដូច្នេះជំនឿដែល​យើង​មានត្រូវមានចិត្ត​ដូចជា​កូន​ក្មេង ជាជំនឿមួយដែលចេះផ្ញើជីវិតប្រចាំថ្ងៃរបស់ខ្លួនទៅក្នុងព្រះហស្ថរបស់ព្រះជាម្ចាស់។

សេចក្ដីនេះនាំឲ្យយើងដឹងថាអ្វីៗមកពីព្រះជាម្ចាស់ ហើយអ្វីដែលយើងបានធ្វើ​គឺក្នុង​នាម​ព្រះជាម្ចាស់គឺជា “ព្រះពរ” សូមបងប្អូនអរព្រះគុណព្រះជាម្ចាស់សម្រាប់ជំនឿដែលយើងបានទទួល  ជំនឿនាំឲ្យ​យើង​ចេះរួ​ប ​រួ​មធើ្វល្អដាក់គ្នា នឹងចេះគោរពប្រតិបត្តិព្រះជាម្ចាស់ដែលជាបិតារបស់យើង ជាធ្លុង​តែ​មួយ​ដើម្បីឲ្យ​យើង​ទៅ​ជាបងប្អូនគ្រួសារជាធ្លុងតែមួយតាមរយៈព្រះយេស៊ូជា​ព្រះអម្ចាស់​នៃ​យើង​។ សូមព្រះយេស៊ូបើកចិត្តគំនិតយើង ធ្វើឲ្យយើងទទួលព្រះពរគ្រប់បែបយ៉ាង​ដែលនាំឲ្យ​យើងចេះ​រស់​នៅ​ក្នុង​លោកនេះជាបងប្អូន ជាគ្រួសាររបស់ព្រះជាម្ចាស់។ អាម៉ែន៕

Daily Program

Livesteam thumbnail