ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥អត្ថបទគម្ពីរ (លូកា ៦,២៧-៣៨)អត្ថាធិប្បាយគម្ពីរដោយ៖ លោកបូជាចារ្យ ហ្វ្រង់ស័រ អេមេល្សដាល
អត្ថបទដំណឹងល្អថ្ងៃនេះបង្ហាញយើងពីលក្ខណៈពិសេសរបស់គ្រីស្តសាសនា គឺព្រះយេស៊ូសូមឲ្យសាវករបស់ព្រះអង្គស្រឡាញ់មិនត្រឹមតែស្រឡាញ់អ្នកដទៃ ប៉ុន្តែស្រឡាញ់ទាំងខ្មាំងសត្រូវ ស្រឡាញ់អស់អ្នកដែលធ្វើបាបយើង។ ជារឿងពិបាកមែនទែន! ការដែលឲ្យយើងទៅស្រឡាញ់អ្នកដែលធើ្វបាបយើង ផ្ទុយពីការសងសឹ ឬយ៉ាងហោចណាស់មិននិយាយជាមួយ។
ព្រះយេស៊ូសូមឲ្យយើងខិតខំព្យាយាមស្រឡាញ់អ្នកដទៃ ដូចព្រះអង្គបានស្រឡាញ់យើងដែរ។ យើងជាខ្មាំងសត្រូវរបស់ព្រះយេស៊ូ នៅពេលដែលយើងធ្វើអំពើបាប ព្រះយេស៊ូនៅតែស្រឡាញ់យើង និងខ្មាំងសត្រូវទ្រង់ តាមរយៈឈើឆ្កាងរបស់ទ្រង់ធ្វើឲ្យគេកែប្រែគំនិត បើសិនជាយើងស្រឡាញ់ខ្មាំងសត្រូវ យើងនឹងព្យាយាមទ្រាំទុក្ខលំបាក ហើយនឹងព្យាយាមធ្វើអំពើល្អដល់គេ អធិដ្ឋានសូមព្រះជាម្ចាស់ប្រោសប្រទានពរដល់ពួកគេ ប្រហែលជាគេអាចផ្លាស់ប្តូរចិត្តគំនិតខ្លះ។
បើគេមិនផ្លាស់ប្តូរចិត្តគំនិតក៏យើងត្រូវតែធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់ ខិតខំស្រឡាញ់គេ ព្រោះពេលនោះយើងមិនដូចអ្នកដែលធ្វើបាបយើង។ យើងមានចិត្តទូលាយ យើងមានចិត្តធម៌ យើងមានចិត្តដូចព្រះជាម្ចាស់។ ព្រះជាម្ចាស់មិនប្រកាន់និងនរណាម្នាក់ទេ ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកទាំងអស់ ទោះបីគេធ្វើបាបព្រះអង្គយ៉ាងណាក៏ដោយ។
ដូច្នេះពេលនោះយើងចូលនៅក្នុងពិភពថ្មី យើងជាបុត្រីបុត្រារបស់ព្រះជាម្ចាស់ យើងទៅជាសន្តបុគ្គល។ ជាបុត្រីបុត្រារបស់ព្រះជាម្ចាស់មានន័យថា ចិត្តយើងធំជាងការស្អប់ ធំជាងការប្រកាន់ ឬអាចនិយាយថាយើងមានភាពអត់ធ្មត់ខ្ពស់ នឹងការយល់ដឹងជ្រាលជ្រៅ ដិ្បតយើងអាចគ្រប់គ្រងតណ្ហារបស់យើងដែលចង់សងសឹក។ អ្នកណាដែលនៅតែស្អប់ខ្មាំងសត្រូវ នៅតែខឹង នៅតែចង់ធ្វើបាបគេ អ្នកនោះនៅតែជាប់ជំពាក់លោកីយ៍ ហើយនឹងក្លាយខ្លួនជាឈ្លើយនៃតណ្ហា ព្រះយេស៊ូត្រាស់ហៅយើងឲ្យមានសេរីភាពពិតប្រាកដ ឲ្យឈ្នះអំពើបាប ឈ្នះតណ្ហា ជាលក្ខណៈហួសពីធម្មជាតិ ឲ្យរស់នៅដូចជាមនុស្សដែលបានរស់ឡើងវិញបានឈ្នះសេចក្តីស្លាប់។
តាមពិតនេះជាព្រះអំណោយទានពិសេសរបស់ព្រះជាម្ចាស់ បើសិនជាយើងចង់ធ្វើតាមអត្ថបទដំណឹងល្អ នៅក្នុងថ្ងៃនេះ យើងត្រូវតែសូមឲ្យព្រះអង្គជួយ ចាក់ព្រះវិញ្ញាណដ៏វិសុទ្ធ ប្រទានកម្លាំងចិត្ត ឲ្យយើងចេះស្រឡាញ់ខ្មាំងសត្រូវ។ តាមបទពិសោធខ្ញុំ ខ្ញុំមិនមានខ្មាំងសត្រូវបែបស៊ីសាច់ហ៊ត់ឈាមអីទេ ប៉ុន្តែអ្នកដែលធ្វើបាបប្រចាំថ្ងៃគឺខ្លួនឯង ដែលបណ្តោយខ្លួនឲ្យធ្លាក់ក្នុងតណ្ហា ព្រោះតែការនិយាយអាក្រក់ពីអ្នកដទៃ ឬយកពាក្យអ្នកដទៃមកដាក់ខ្លួន។
យ៉ាងណាមិញ បើសិនជាយើងខិតខំធ្វើតាមព្រះហឫទ័យរបស់ព្រះជាម្ចាស់យើងមានសេរីភាពពិតប្រាកដ យើងមានអំណរសប្បាយ។ ដូច្នេះនេះជាអត្ថបទពិសេសមែននៅក្នុងថ្ងៃនេះ ដែលត្រាស់ហៅយើងឱ្យពឹងផ្អែកលើព្រះជាម្ចាស់! បើសិនជាយើងយកព្រះអង្គធ្វើជាទីពឹង យើងធ្វើតាមព្រះហឫទ័យ ធ្វើតាមអត្ថបទដំណឹងល្អនៅក្នុងថ្ងៃនេះ។ សូមតាំងចិត្តក្លាហានស្រឡាញ់អ្នកដទៃ មានតែសេចក្តីស្រឡាញ់ទេដែលជាអ្នកសង្គ្រោះ ដែលជួយសង្គ្រោះយើងឲ្យរួចពីអំពើអាក្រក់ទាំងអស់៕