ការបកស្រាយអំពីការគោរពព្រះរូបក្នុងជំនឿកាតូលិក

ការសើចចំអកនាពេលថ្មីៗនេះ ចំពោះការគោរពសក្ការៈរបស់សាសនាកាតូលិក ជាពិសេសការចោទប្រកាន់ថា ព្រះសហគមន៍​កាតូលិកថ្វាយបង្គំឈើ ឬ "ព្រះដែលឆេះខ្លោច" ដោយ​សំដៅលើការគោរពចំពោះរូបសំណាក​ព្រះគ្រីស្ត​ដែល​ត្រូវ​បាន​ឆេះ​រោល​ដោយ​ភ្លើង (Black Nazarene) នៅប្រទេសហ្វីលីពីន ដែល​វាជាការយល់ច្រឡំទាំងស្រុង។ អ្នកដែលតែងតែចោទប្រកាន់បែបនេះ មិនមែនកំពុងតវ៉ានឹងអ្វីដែលព្រះសហគមន៍​កាតូលិកគោរពនោះទេ ប៉ុន្តែពួកគេកំពុងប្រឆាំងនឹងរូបភាពដែលគេបង្កើតឡើងដោយដៃមនុស្ស។ ការយល់ស្រប ឬមិនយល់ស្រប គឺជាសិទ្ធិបុគ្គល ប៉ុន្តែការបំភ្លៃការពិត គឺជាកំហុស។

អ្នករិះគន់ខ្លះសន្មតថា គ្រីស្តបរិស័ទកាតូលិក​ចាត់ទុកព្រះដែល​ធ្វើដោយ​ដៃ​ខ្លួនឯង ថាជាព្រះជាម្ចាស់។ នេះគឺជាការមិនពិតឡើយ។ ព្រះសហគមន៍​កាតូលិកថ្វាយបង្គំព្រះគ្រីស្ត មិនមែនថ្វាយបង្គំវត្ថុធាតុនោះទេ។ រូបសំណាក​​ដ៏វិសុទ្ធ គឺជាតំណាងជួយឲ្យ​អ្នកគោរព​នោះ ហាក់ដូចជា​នៅ​ក្បែរព្រះ​ជាម្ចាស់ មិនមែនជាការជំនួសឱ្យព្រះជាម្ចាស់ឡើយ។ វត្ថុធាតុនៃរូបសំណាក មិនថាជាឈើ ថ្នាំពណ៌ ឬថ្ម មិនមានឋានៈជាព្រះ នៅក្នុងជំនឿកាតូលិកនោះទេ។

ការយល់ច្រឡំនេះ ច្រើនតែលេចឡើងតាមរយៈការជំទាស់នឹងកាយវិការ ដូចជាការឱនក្បាល ឬការលុតជង្គង់នៅមុខរូបសំណាក។ ការឱនក្បាលនៅចំពោះមុខរូប​សំណាកព្រះគ្រីស្ត នឹងក្លាយជារូបព្រះ (Idolatry) លុះត្រាតែ​ព្រះសហគមន៍​កាតូលិកចាត់ទុកឈើ ឬថ្មនោះជាព្រះ។ ប៉ុន្តែយើងមិនបានធ្វើដូច្នោះទេ។ រូបសំណាក មិនមែនជាវិញ្ញាណឡើយ ប៉ុន្តែជាតំណាងដែលនាំផ្លូវចិត្តឱ្យគោរពដល់ព្រះជាម្ចាស់។ កាយវិការទាំងនោះបង្ហាញពីការគោរពចំពោះព្រះគ្រីស្ត មិនមែនជាជំនឿលើវត្ថុស័ក្តិសិទ្ធិនោះទេ។

អ្នកខ្លះទៀតលើកឡើងថា ការបង្កើតរូបសំណាក​ព្រះ គឺ​ខុស​ឆ្គង ដោយយោងតាមព្រះគម្ពីរសេរីភាព ២០:៤-៥ ដែលហាមឃាត់ការធ្វើរូបណាមួយ "ដែលជារូបតំណាង​របស់​ព្រះជាម្ចាស់​ ឬ នៅលើផែនដី" មក​ថ្វាយបង្គំ។ បើអានតែខគម្ពីរនេះដាច់ដោយឡែក វាហាក់ដូចជាហាមឃាត់រូបភាពគ្រប់ប្រភេទ។ ប៉ុន្តែ បើអានឱ្យសព្វគ្រប់ បទបញ្ជានេះមានភាពជាក់លាក់៖ ការហាមឃាត់គឺសំដៅលើការឱនសំពះ និងការថ្វាយបង្គំរូបភាពទាំងនោះក្នុងឋានៈជាព្រះជាម្ចាស់។

ព្រះជាម្ចាស់​បាន​ដាក់​បទបញ្ជានេះ ​ចំពោះ "អស់អ្នកដែលស្អប់ព្រះអង្គ" ពោលគឺអ្នកដែលយកជារូបសំណាក​ព្រះឯទៀតផ្សេង​ៗមកជំនួសព្រះជាម្ចាស់ពិតប្រាកដ។

នៅពេលអានព្រះគម្ពីរសេរីភាព ២០:៤-៥ និង សេរីភាព ២៥:១៨-២០ រួមគ្នា យើងនឹងឃើញមូលដ្ឋានច្បាស់លាស់សម្រាប់ព្រះសហគមន៍​កាតូលិក។ ក្នុងព្រះគម្ពីរផ្ទាល់ ព្រះជាម្ចាស់បានបង្គាប់លោកម៉ូសេឱ្យធ្វើរូបខេរូប៊ីន (Cherubim) ដែលជាសត្វសួគ៌ ដើម្បីតាក់តែងហិបសម្ពន្ធមេត្រី។ ប្រសិនបើបទបញ្ជានេះ គឺជាការហាមឃាត់ដាច់ខាតលើការធ្វើរូបតំណាង នោះការ​បញ្ជា​របស់​ព្រះជាម្ចាស់​នឹង​ផ្ទុយពីគ្នា​ចំពោះបទ​បញ្ជានិង​វិន័យ​។ សូម​ចាំថា បទបញ្ជាឬ​វិន័យ​របស់ព្រះជាម្ចាស់ មិនអាចបកស្រាយក្នុងន័យពីរ​​ដែលធ្វើឱ្យព្រះអង្គ​ប្រឆាំង​នឹង​ខ្លួន​ឯងទេ។

សរុបមក ខគម្ពីរទាំងនេះបង្ហាញថា ព្រះគម្ពីរមិនបានបដិសេធរូបភាពឡើយ ប៉ុន្តែបដិសេធការថ្វាយបង្គំរូបព្រះផ្សេងៗទៀត។ ការគោរពរូបសំណាកក្នុងព្រះសហគមន៍​កាតូលិក គឺឈរលើអំណះអំណាងច្បាស់លាស់នេះ ដែលមានឫសគល់នៅក្នុង​ព្រះគម្ពីរផ្ទាល់។

សម្រាប់គ្រីស្តបរិស័ទ​​កាតូលិកជាច្រើនមិន​អាច​បក​ស្រាយ​ ឬពន្យល់​ដល់​អ្នក​ដទៃ​បាន មិនមែនស្ថិតលើ "ជំនឿ" នោះទេ ប៉ុន្តែគឺលើ "របៀប​ពន្យល់"។ ពួកគេប្រណីប័តន៍​​ជំនឿដោយសេចក្តីសទ្ធា ប៉ុន្តែមិនសូវពូកែខាងវោហាសាស្ត្រ។ ពួកគេដឹងក្នុងចិត្តថាអ្វីដែលពួកគេធ្វើគឺត្រឹមត្រូវ ប៉ុន្តែពិបាកក្នុងការបកស្រាយពីមូលហេតុ។ នៅពេលមានការប្រឈមមុខ អ្នកខ្លះជ្រើសរើសការនៅស្ងៀម មិនមែនដោយសារជំនឿរបស់ពួកគេខុសនោះទេ ប៉ុន្តែដោយសារពួកគេខ្វះពាក្យពេចន៍ ដើម្បីការពារជំនឿរបស់ខ្លួនពីការបកស្រាយខុសរបស់ជនដទៃ៕

Daily Program

Livesteam thumbnail