អង្គការជេស្វីតសឺវីសកម្ពុជា ផ្តល់កូនឈើចម្រុះចំនួន ៦.០០០ ដើម ដល់ខេត្តបន្ទាយមានជ័យ ដើម្បីបង្កើនគម្របបៃតង

កាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦ កន្លងទៅនេះ អង្គការជេស្វីតសឺវីសកម្ពុជា ក្រោមវត្តមានរបស់លោកអភិបាល អេនរីកេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង បានផ្តល់កូនឈើចម្រុះចំនួន ៦.០០០ ដើម សម្រាប់យកទៅដាំដុះនៅភូមិរង់ចាំ ក្នុងខេត្តបន្ទាយមានជ័យ។

 កញ្ញា ប៉ាញ ចិន្តា អនុប្រធានគម្រោងបរិស្ថាននៃអង្គការជេស្វីតសឺវីសកម្ពុជា បានរៀបរាប់ឱ្យដឹងថា នេះជាផ្នែកមួយនៃគម្រោងបរិស្ថានរបស់អង្គការ ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើការការពារបរិស្ថាន និងការបង្កើតគម្របបៃតងថ្មីៗនៅតាមតំបន់ជាច្រើន។ នៅក្នុងយុទ្ធនាការនេះ អង្គការបានផ្តល់ជូនកូនឈើព្រៃចម្រុះចំនួន ៦.០០០ ដើម រួមមាន៖ ក្រញូង បេង គគីរ កកោះ ឈើទាល ឆ័ត្រតៃវ៉ាន់ សាគូរ៉ា ខ្លឹមចន្ទន៍គ្រឹស្នា គីនីន ច្រេស មន្ត្រី និងដើមព្រីង ដើម្បីយកទៅដាំនៅតាមដងផ្លូវ និងតាមផ្ទះប្រជាពលរដ្ឋក្នុងភូមិសាស្ត្រភូមិរង់ចាំ ដែលមានប្រជាពលរដ្ឋភៀសសឹកមកពីភូមិព្រៃចាន់ ភូមិជោគជ័យ ភូមិបន្ទាយមានរឹទ្ធិ ភូមិផ្លូវបំបែក ភូមិបឹងត្រកួន និងភូមិសំរោង។

 អនុប្រធានគម្រោងបរិស្ថានរូបនេះបានបន្តថា៖ «គោលបំណងនៃការផ្តល់ជូននេះ គឺពួកយើងចង់ឃើញទីតាំងថ្មីនេះមានម្លប់ត្រជាក់ និងអាចបង្កើនគម្របព្រៃឈើបន្ថែមក្នុងរយៈពេលវែង។ ជាពិសេស ដើមឈើទាំងនេះភាគច្រើនជាប្រភេទឈើកម្រ និងជិតផុតពូជ ដែលការរួមគ្នាដាំនេះ គឺជាការចូលរួមអភិរក្ស ជួយកាត់បន្ថយកម្ដៅ និងបង្កើតអុកស៊ីសែនដ៏ល្អសម្រាប់យើងបច្ចុប្បន្ន និងអ្នកជំនាន់ក្រោយ»។ កញ្ញាបានបន្ថែមថា បន្ទាប់ពីដាំរួច ក្រុមការងារនឹងចុះមកសួរសុខទុក្ខ និងតាមដានរៀងរាល់ ២ ទៅ ៣ ខែម្តង ដើម្បីពិនិត្យមើលការលូតលាស់ បើមានកូនឈើណាខូចខាតនឹងដាំជំនួសវិញ ហើយសម្រាប់រយៈពេល ៣ ខែដំបូង អង្គការនឹងជួយឧបត្ថម្ភថវិកាសម្រាប់ការស្រោចទឹកផងដែរ។

 ក្នុងឱកាសនោះដែរ កញ្ញា ប៉ាញ ចិន្តា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរខេត្តបន្ទាយមានជ័យ, លោកអភិបាល អេនរីកេ ហ្វីការេដូ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគបាត់ដំបង និងអង្គការដៃគូនានាសម្រាប់កិច្ចសហប្រតិបត្តិការ និងការស្វាគមន៍យ៉ាងកក់ក្តៅ។ សូមបញ្ជាក់ថា អង្គការជេស្វីតសឺវីសកម្ពុជា ដែលជាអង្គការក្រោមព្រះសហគមន៍កាតូលិក មានអាយុកាលជាង ៣០ ឆ្នាំមកហើយ ដោយបំពេញសកម្មភាពនៅរាជធានីភ្នំពេញ ខេត្តកំពង់ធំ សៀមរាប និងបន្ទាយមានជ័យ។ បេសកកម្មចម្បងរបស់អង្គការ គឺផ្តោតលើការងារជាមួយជនមានពិការភាព ជនក្រីក្រ វិស័យអប់រំ និងបរិស្ថាន។

 អត្ថបទ៖ ឆាក លាំង

Daily Program

Livesteam thumbnail