បញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញណែនាំថ្មីមួយ ស្តីពីការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយបញ្ឈប់ការផ្តល់ ឬប្តូរជារង្វាន់ ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។
សេចក្តីណែនាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមានខ្លឹមសារថា សូមណែនាំដល់លោក-លោកស្រីនាយក បណ្ណាធិការ និងកម្មសិទ្ធិករ សហគ្រាសផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ព្រមទាំងសាធារណជនដោយ បញ្ឈប់ទាំងស្រុងរាល់ការផ្តល់ ឬប្តូរជារង្វាន់ តាមរយៈក្រវិលកំប៉ុង គម្របដប ឬរង្វាន់ក្នុងទម្រង់ផ្សេងៗ ដែលភ្ជាប់ឬ មិនភ្ជាប់នឹងកំប៉ុង ដប សំបកវេចខ្ចប់ ឬកេសផលិតផល ជាអាទិ៍មាន ការចាប់ឆ្នោត កាតកោស គូប៉ុង បណ្ណប្តូររង្វាន់ យ្យអកូដ (QR CODE) និងកម្មវិធីរង្វាន់ឌីជីថលផ្សេងៗ ជាដើម ត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ជាកំហិត។
ក្រសួងបន្ថែមថា មិនអនុញ្ញាតឱ្យមានការចែកចាយ ឬផ្តល់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ដោយឥតគិតថ្លៃ។ គ្រប់សហគ្រាសទាំងអស់ រួមទាំងសហគ្រាសផលិត និងអ្នកចែកចាយបន្ត ត្រូវបញ្ឈប់រាល់ការបញ្ជាទិញ ទិញ នាំចូល ផលិតថ្មីនូវក្រវិលកំប៉ុង គម្របដប ឬសំបកវេចខ្ចប់ផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករដែលមានរង្វាន់ ឬដាក់រង្វាន់ក្នុងកេសផលិតផលទាំងនោះបន្តទៀត ចាប់ពីថ្ងៃចេញសេចក្តីណែនាំនេះតទៅ។
សេចក្តីណែនាំបន្តថា អនុញ្ញាតឱ្យមានការជំរុញ និងលើកទឹកចិត្តផ្នែកពាណិជ្ជកម្ម តាមរយៈការលក់បញ្ចុះតម្លៃពាណិជ្ជកម្ម (Trade Discount) ដោយកំណត់មិនឱ្យលើសពី ១៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ និងមិនត្រូវលើសពី ២៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ ចំពោះផលិតផលជិតផុតសុពលភាពប្រើប្រាស់ ដែលមានអាយុកាលមិនលើសពី ៦០ថ្ងៃ មុនថ្ងៃផុតកំណត់ ដោយត្រូវជូនដំណឹងមកអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាមុន ។
សេចក្តីណែនាំ បន្ថែមថា អនុញ្ញាតឱ្យមានការលក់ដោយមានបន្ថែមអត្ថប្រយោជន៍ផ្សេងៗ ជាទំនិញ ឬសេវាផ្សេងៗក្រៅពីផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករ ជាអាទិ៍មាន កែវ ឆត្រ ធុងទឹកកក ដបទឹក អាវ មួក ឬកញ្ចប់ដំណើរកម្សាន្ត ជាដើម ដែលមានតម្លៃ មិនលើសពី ៥% នៃថ្លៃលក់កត់ត្រាលើវិក្កយបត្រ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា លោក-លោកស្រីនាយក បណ្ណាធិការ និងកម្មសិទ្ធិករសហគ្រាស ផលិត នាំចូល និងចែកចាយផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈមានជាតិស្ករទាំងអស់ ព្រមទាំងសាធារណជន នឹងចូលរួម អនុវត្តតាមសេចក្តីណែនាំនេះឱ្យមានប្រសិទ្ធភាពក្នុងស្មារតីទទួលខុសត្រូវខ្ពស់៕