សិង្ហបុរីនិងបុរីវ៉ាទីកង់បញ្ជាក់ពីទំនាក់ទំនងល្អ
សម្តេចប៉ាបឡេអូទី១៤ និង លោកកាឌីណាល់ ព្យែត្រូ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈ នៅពេលជួបជាមួយនឹងប្រធានាធិបតីសិង្ហបុរី ថាម៉ាន់ សានមូហ្គារ៉ាតណាំ (Tharman Shanmugaratnam) នៅបុរីវ៉ាទីកង់ នៅព្រឹកថ្ងៃព្រហស្បតិ៍បានគូសបញ្ជាក់អំពីទំនាក់ទំនងល្អរវាងរដ្ឋទាំងពីរ។
យោងតាមសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យព័ត៌មានសន្តអាសនៈ ដែលចេញផ្សាយបន្ទាប់ពីជំនួបនេះមេដឹកនាំភាគីទាំងពីរបានលើកឡើងពី ភាពស្និទ្ធស្នាល ហើយទំនាក់ទំនងល្អរវាងបុរីវ៉ាទីកង់ និងសិង្ហបុរី។
លើសពីនេះ មេដឹកនាំរដ្ឋទាំងពីរបានកត់សម្គាល់អំពីតម្លៃនៃ ការរួមរស់ជាមួយគ្នាដោយសុខដុមរមនានៃវប្បធម៌ និងសាសនាផ្សេងៗដែលមាននៅក្នុងប្រទេស រួមទាំងការចូលរួមចំណែករបស់ព្រះសហគមន៍កាតូលិកចំពោះផលប្រយោជន៍រួម។
មេដឹកនាំរដ្ឋទាំងពីរក៏បានធ្វើការផ្លាស់ប្តូរទស្សនៈលើស្ថានភាពអន្តរជាតិ តំបន់ និងសារៈសំខាន់នៃការគាំទ្រ និងការបន្តយន្តការដែលមានស្រាប់នៃប្រព័ន្ធពហុភាគី៕