លោកដូណាល់ ត្រាំ គំរាមនឹងវាយប្រហារកាន់តែខ្លាំងក្លាលើអ៊ីរ៉ង់ ប្រសិនបើទីក្រុង​តេអេរ៉ង់ មិនទទួលស្គាល់ការបរាជ័យ

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោកដូណាល់ ត្រាំ មិនកំពុងលេងល្បិចទេ លោកត្រៀមរួចជា​ស្រេច​នឹងបង្កើតឋាននរក។ អ្នកនាំពាក្យសេតវិមាន លោកស្រី ការ៉ូលីន លីវីត បាននិយាយ ក្នុង​អំឡុងសន្និសីទកាសែតមួយថា ៖ “អ៊ីរ៉ង់មិនគួរធ្វើខុសម្តងទៀតឡើយ”។

អ្នកនាំពាក្យសេតវិមានអាម៉េរិក លោកស្រីការ៉ូលីន លីវីត បានថ្លែងថា សហរដ្ឋ​អាម៉េរិកបាន​ផ្ញើ​សារ​កាលពីថ្ងៃពុធ ទី២៥ ខែមីនា នូវការព្រមានដ៏ធ្ងន់ធ្ងរសម្រាប់អ៊ីរ៉ង់ និងប្រកាសថា ប្រធានាធិបតី​អាម៉េរិក​ លោកដូណាល់ ត្រាំ នឹងវាយប្រហារកាន់តែខ្លាំងថែមទៀត ប្រសិនបើ​ទីក្រុង​តេអេរ៉ង់មិនទទួល​ស្គាល់ការបរាជ័យខាងយោធារបស់ខ្លួន។

ក្នុងអំឡុងសន្និសីទកាសែតមួយឆ្លើយតបទៅនឹងអ្នកកាសែត លោកស្រីការ៉ូលីន លីវីត បាន ថ្លែង​ថា ៖ “ប្រធានាធិបតីអាម៉េរិកមិនកំពុងលេងល្បិចទេ លោកត្រៀមរួចជាស្រេចនឹងបង្កើត ឋាន​ន​រក។ ហើយអ៊ីរ៉ង់មិនត្រូវបន្លំម្តងទៀតឡើយ។” លោកស្រីបានថ្លែងថា ៖ “ប្រសិនបើអ៊ីរ៉ង់ បដិសេធមិនទទួលស្គាល់សច្ចៈភាពនៃស្ថានភាពសព្វ​ថ្ងៃ ប្រសិនបើគេមិនយល់ថា គេបាន​ចាញ់​ខាងយោធា ហើយគេបន្តការប្រយុទ្ធ ប្រធានាធិបតី​​ត្រាំ នឹងធ្វើរហូតដល់ការវាយប្រហារ​​កាន់តែធ្ងន់ធ្ងរឡើងថែមទៀតដែលមិនធ្លាប់មាន។”

កាលពីថ្ងៃសៅរ៍ ចុងសប្តាហ៍មុន ប្រធានាធិបតី​ត្រាំ បានកំណត់ឱសនាវាទ ៤៨ម៉ោង ក្រោយ​មក​តម្លើងដល់ ៥ថ្ងៃ សម្រាប់អ៊ីរ៉ង់ ដើម្បីបើកច្រកសមុទ្រអ័រមូស និងគំរាមថា លោកនឹង​កម្ទេច​ចោល​​ទាំង​ស្រុងនូវបណ្តាញអគ្គីសនីអ៊ីរ៉ង់។ លុះមកដល់ថ្ងៃចន្ទ ដើមសប្តាហ៍ លោកសម្តែងក្តី​រីករាយ ដោយ​លើកឡើងអំពីការបោះជំហានទៅមុខជាមួយទីក្រុងតេអេរ៉ង់លើចំនុចនៃ​កិច្ច​ព្រមព្រៀង។   អ្នកនាំពាក្យប្រធានាធិបតីអាម៉េរិក ក៏បានបន្តថា កិច្ចចរចាជាមួយ​ទីក្រុង​តេអេរ៉ង់​នៅបន្ត។ កិច្ចចរចាហុចផ្លែផ្កា ដូចដែលប្រធានាធិបតីបាននិយាយកាលពីថ្ងៃចន្ទ ការចរចា​នឹង​នៅ​តែ​បន្ត។ យោងតាមអ្នកសារព័ត៌មាន ដែលបានចោទសួរអំពីផែនការ​មួយ​ដែល​មាន ១៥​ចំនុច ដែល​ទីក្រុងវ៉ាស៊ីនតុនបានបញ្ជូនទៅ លោកស្រីការ៉ូលីន លីវីត បញ្ជាក់ថា សេតវិមា​ន​​មិនដែល​បាន​បញ្ជាក់អំពីរឿងនេះទេ។ វាមានធាតុពិតខ្លះៗ ប៉ុន្តែក៏មានអ្វីៗដែល​លោក​ស្រី​បានអាន ដែល​ពួកវាមិនមែនជាការពិតទាំងស្រុង។

ទីក្រុងវ៉ាស៊ីនតុន បានបញ្ជូនសារនានាទៅកាន់ទីក្រុងតេអេរ៉ង់តាមរយៈអន្តរការីផ្សេងៗ គ្នា ទោះ​​បីជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោកអាបបាស អារ៉ាជី បានបដិសេធថា អ៊ីរ៉ង់​មិន​មាន​​ចេតនាចង់រៀបចំការចរចាណាមួយរវាងភាគីទាំងពីរនោះទេ។

នៅតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោកបានបន្ថែមថា អាជ្ញាធរជាន់ខ្ពស់បំផុតរបស់អ៊ីរ៉ង់កំពុងសិក្សា​សំណើរដែលបានស្នើឡើង។ លោករដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់ ទទូចថា ទោះជាយ៉ាងណា ការ​ឆ្លងឆ្លើយ​​សារតាមរយៈអន្តរការី មិនមែនមានន័យថា ជាការចរចាជាមួយសហរដ្ឋ​អាម៉េរិក​ទេ។ លោក​បានច្រានចោលការគិត​បែបនេះ។ ទីក្រុងតេអេរ៉ង់ មិនមានប្រាថ្នារៀបចំកិច្ចសន្ទនា​ជាមួយ​​ទីក្រុងវ៉ាស៊ីនតុននោះទេ។ លោកបន្ថែមថា ៖“ទីក្រុងវ៉ាស៊ីនតុនបានបរាជ័យ​លើ​គោលដៅ​សង្រ្គាមរបស់ខ្លួន និងមិន​ទទួល​បានជោគជ័យរហ័ស និងទាំងមិនបានផ្លាស់ប្តូរ​របប​នៅទីក្រុងតេអេរ៉ង់ផងដែរ។ សហរដ្ឋ​អាម៉េរិក ក៏បានបរាជ័យ​ក្នុងការការពារសម្ព័ន្ធមិត្តរបស់ខ្លួន​ទោះ​បីមានវត្តមាន​មូលដ្ឋានយោធា​អាម៉េរិក​នៅក្នុងតំបន់ក៏ដោយ”។

លោកអាបបាស អារ៉ាជី និយាយថា បានផ្ញើសារ​ទៅកាន់ប្រទេសជិតខាងរបស់​អ៊ីរ៉ង់។ សូមនៅ​ឲ្យឆ្ងាយពីអាម៉េរិក។ លោកក៏បាននិយាយថា អ៊ីរ៉ង់បានបង្ហាញទៅកាន់​ពិភពលោកថា មិនមាន​ប្រទេស​ណាមួយអាចគំរាមកំហែងសន្តិសុខរបស់ខ្លួននោះទេ។ ទីក្រុងតេអេរ៉ង់ មិនចង់បាន​សង្គ្រាម​ទេ ប៉ុន្តែចង់ឲ្យមានការបញ្ចប់ជាអចិន្ត្រៃយ៍នៃជម្លោះ និង​ទារប្រាក់​សំណងសម្រាប់ការ​បំផ្លាញ ដែលបណ្តាលមកពីការបំផ្ទុះគ្រាប់បែករបស់អ៊ីស្រាអែល-អាម៉េរិក។

 

Daily Program

Livesteam thumbnail