លោកកាឌីណាល់ប៉ូឡា៖ ការដឹកនាំពិតប្រាកដគឺជាការបម្រើ មិនមែនជាអំណាចឡើយ

នៅក្នុងធម្មទេសនា​ អំឡុងពេលពិធីអភិបូជា សម្រាប់បុណ្យរំលឹក​ សន្ត យ៉ាកុប ជាសាវ័ក កាលពីថ្ងៃទី ២៥ ខែកក្កដា ក្នុងមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា លោកកាឌីណាល់​ អន់តូនី ប៉ូឡា (Anthony Poola) ប្រធានក្រុមប្រឹក្សាអភិបាលកាតូលិកនៃប្រទេសឥណ្ឌា បានដាស់តឿនថ្នាក់ដឹកនាំព្រះសហគមន៍នៅទូទាំងទ្វីបអាស៊ី ឱ្យបដិសេធគំនិតលោភលន់ខាងអំណាចលោកីយ៍ ហើយទទួលយកការដឹកនាំដែលជាការបម្រើប្រកបដោយភាពរាបសា និងការលះបង់វិញ។

ដោយឆ្លុះបញ្ចាំងលើការស្នើសុំរបស់ម្តាយ​របស់លោកយ៉ាកុប និងលោកយ៉ូហាន សម្រាប់កន្លែង​កិត្តិយស ដែល​មាននៅក្នុងគម្ពីរ​ លោកកាឌីណាល់ ប៉ូឡា បានរំលឹកលោកអភិបាលទាំងឡាយថា អំណាចរបស់លោកអភិបាលគឺ «មិនមែនជាកៅអីដែលត្រូវអង្គុយនោះទេ ប៉ុន្តែជាពែងដែលត្រូវទទួល» ដែលមានឫសគល់នៅក្នុងការចូលរួមក្នុងសេចក្តីស្រឡាញ់ និងការលះបង់បូជារបស់ព្រះគ្រីស្ត។

យោងតាមលិខិតទីពីររបស់សន្តប៉ូល ផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស លោកបានពិពណ៌នាអំពីលោកអភិបាលថាជា «ភាជន៍ដី»។ ជាជាងការលាក់បាំងភាពទន់ខ្សោយរបស់ខ្លួន​ ឬធ្វើពុតថា​គ្មាន​រឿង​អ្វីកើតឡើង ថ្នាក់ដឹកនាំព្រះសហគមន៍ ត្រូវ​បើកចិត្ត​ទទួល​យក​មេត្តាករុណា​របស់​ព្រះជាម្ចាស់ និងដំណឹងល្អបញ្ចេញពន្លឺក្នុង​ភាពទន់ខ្សោយរបស់ពួកគេ។

ការដឹកនាំពិតប្រាកដនៅអាស៊ី តម្រូវឱ្យចាកចេញពីការមើលពីចម្ងាយក្នុងនាមជាអ្នកគ្រប់គ្រង និងការស្វែងរកបុណ្យស័ក្តិ។ កាឌីណាល់​បាន​បន្ថែមថា លោកអភិបាលត្រូវបានត្រាស់ហៅឱ្យអនុវត្តការប្រែចិត្តគំនិតខាងគង្វាលកិច្ច ដោយស្ថិតនៅជិតស្និទ្ធជាមួយប្រជារាស្ត្ររបស់ព្រះជាម្ចាស់​ ជាជាងត្រឹមតែការគ្រប់គ្រងស្ថាប័ន។

ដោយសារទិដ្ឋភាពជាក់ស្តែងនៅអាស៊ីមានភាពក្រីក្រ ភាពចម្រុះខាងសាសនា និងជម្លោះនយោបាយ ព្រះសហគមន៍មិនអាចផ្សព្វផ្សាយដំណឹងល្អតាមរយៈអំណាចបានឡើយ ប៉ុន្តែត្រូវធ្វើឡើងតាមរយៈការបម្រើប្រកបដោយភាពរាបសា ការសន្ទនា និងវត្តមានប្រកបដោយក្តីមេត្តាករុណា។

ចុង​បញ្ចប់​លោក​បន្ថែម​ថា លោកអភិបាលមិនត្រូវបានត្រាស់ហៅឱ្យស្វែងរកកៅអីអំណាច ឬការពារតំណែងរបស់ខ្លួននោះទេ ប៉ុន្តែត្រូវដើរតាមផ្លូវរបស់អ្នកបម្រើ រំលែកការឈឺចាប់ជាមួយអ្នកក្រីក្រ និងអ្នកឃ្លាត​ឆ្ងាយពី​សង្គម ព្រមទាំងកសាងស្ពានមេត្រីភាពនៅទូទាំងសង្គម៕

 

 

Daily Program

Livesteam thumbnail