FABC ស្វែងយល់ពីកិច្ចសហប្រតិបត្តិការស៊ីណូដាលតាមតំបន់ តាមរយៈ «ការសន្ទនាតាមតុពិភាក្សា»

កាលពីថ្ងៃទី ២៥ ខែកក្កដា នៅក្នុងអំឡុងពេលនៃមហាសន្និបាតពេញអង្គលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) នៅទីក្រុងហ្សាការតា លោកអភិបាល និងប្រតិភូទាំងអស់បានផ្តោតលើការរឹតចំណងទាក់ទងរវាងព្រះសហគមន៍ជិតខាងគ្នា។ ដោយបានបែងចែកជាក្រុមតាមតំបន់ អាស៊ីកណ្តាលនិងបូព៌ា អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ អ្នកចូលរួមបានចូលរួមក្នុងការពិចារណាត្រិះរិះប្រកបដោយការអធិស្ឋាន ដើម្បីកសាងបណ្តាញកិច្ចសហប្រតិបត្តិការជាក់ស្តែង ទាំងថ្នាក់ជាតិ និងព្រំដែន​វប្បធម៌។

ដឹកនាំដោយលោកអភិបាលអគ្គ ប៊ីចយ អិន គ្រូស (Bejoy N. D'Cruze) OMI អង្គប្រជុំបានបង្វែរការយកចិត្តទុកដាក់ពីការពិចារណាផ្នែកទ្រឹស្តីព្រះប្រជាគម្ពីរទូទាំងទ្វីប ទៅកាន់ទិដ្ឋភាពជាក់ស្តែងខាងគង្វាលកិច្ច វប្បធម៌ និងនយោបាយនៃតំបន់ទាំងបីក្នុងទ្វីបអាស៊ី។

ប្រតិភូទាំងឡាយបានពិភាក្សាអំពីរបៀបដែលព្រះសហគមន៍មូលដ្ឋានជិតខាងគ្នាអាចរឹតចំណងទាក់ទងឱ្យកាន់តែរឹងមាំ ជម្នះភាពឯកោ និងជំរុញការត្រាស់ហៅសាសនទូត ដោយការអមដំណើរគ្នាទៅវិញទៅមកដោយ​ឆ្លងកាត់ព្រំដែនទាំង​ថ្នាក់ភូមិភាគនិងជាតិ។

ការជួបជុំតាមតំបន់បានប្រើប្រាស់ការពិចារណាត្រិះរិះប្រកបដោយការអធិស្ឋាន និងមានរចនាសម្ព័ន្ធច្បាស់លាស់ ជាជាងការដេញដោលវែកញែកដោយចំហ។ លក្ខណៈពិសេសរួមមានពេលវេលានិយាយស្មើៗគ្នាសម្រាប់អ្នកចូលរួមទាំងអស់ ការកំណត់អ្នកសម្របសម្រួល/លេខាធិការ និងការរក្សាភាពស្ងប់ស្ងាត់ក្រោយពេលអ្នកនិយាយម្នាក់ៗបាននិយាយរួច ដើម្បីស្តាប់ការដឹកនាំរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។

សេចក្តីសង្ខេប និងកំណត់ចំណាំពីក្រុមនីមួយៗត្រូវបានបង្ហោះឡើងទៅកាន់ប្រព័ន្ធរួមគ្នា ដែលអនុញ្ញាតឱ្យប្រតិភូនៅគ្រប់តំបន់ទាំងអស់អាចទាញយកប្រយោជន៍ពីគំនិត​របស់គ្នាទៅវិញទៅមក និងកំណត់នូវអាទិភាពខាងគង្វាលកិច្ចរួមគ្នា។

ព្រះសហគមន៍នៅអាស៊ីនឹងក្លាយជាអ្នកកសាងស្ពានដែលមានភាពគួរឱ្យទុកចិត្តបន្ថែមទៀត នៅពេលដែលព្រះសហគមន៍មូលដ្ឋានជិតខាងគ្នារួមដំណើរជាមួយគ្នាក្នុងការរួបរួម ការគាំទ្រគ្នាទៅវិញទៅមក និងការទទួលខុសត្រូវរួមគ្នា ជាជាងការធ្វើសកម្មភាពដោយឯកោ៕

 

Daily Program

Livesteam thumbnail