រដូវវស្សាឆ្នាំនេះ នឹងចាប់ផ្តើមក្នុងសប្តាហ៍ទី១ នៃខែឧសភា លឿនជាងឆ្នាំកន្លងទៅ
តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅយប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ រដូវវស្សាក្នុងឆ្នាំ២០២៦នេះ អាចនឹងចាប់ផ្ដើមពីសប្តាហ៍ទី១ នៃខែឧសភាខាងមុខនេះ លឿនជាងឆ្នាំ២០២៥កន្លងទៅ។ ជាមួយគ្នានេះ កូនរដូវប្រាំងក៏អាចនឹងកើតមាននៅក្នុងសប្តាហ៍ទី២ នៃខែសីហា ហើយក៏នឹងចប់ទៅវិញនៅពាក់កណ្តាលសប្តាហ៍ទី៣ នៃខែសីហា ឆ្នាំ២០២៦ ដដែល។
តាមការប្រកាសដដែល រដូវវស្សាឆ្នាំ២០២៦នេះ នឹងធ្វើឲ្យមានសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងមធ្យមអតិបរមា ៣៦°C ដែលទាបជាងសីតុណ្ហភាពមធ្យម ភាគច្រើនឆ្នាំ និងមានលក្ខណៈដូចឆ្នាំ២០២៥។
ក្រសួងធនធានទឹកបញ្ជាក់ថា នៅដើមរដូវវស្សាសីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំចំណែកឯបរិមាណទឹកភ្លៀង នៅខែឧសភា ដល់ខែមិថុនា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន។ បាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់អាចកើតឡើងច្រើន។
ពាក់កណ្តាលរដូវវស្សា សីតុណ្ហភាពមធ្យមអប្បបរមា និងមធ្យមអតិបរមា ទាបជាងមធ្យមភាគច្រើនឆ្នាំ ចំណែកបរិមាណទឹកភ្លៀង នៅខែកក្កដា ដល់ខែសីហា មានកម្ពស់ខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ និងបរិមាណទឹកភ្លៀងមានពីមធ្យមទៅច្រើន៕