យុវជន និងការសម្រុះសម្រួល ដើម្បីកសាងសុខសន្តិភាព
បូជនីចរយុវជនកាតូលិកភូមិភាគភ្នំពេញ ឆ្នាំ២០២៦ បានចាប់ផ្ដើម កាលពីល្ងាចថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង ក្រោមប្រធានបទ៖ «យុវជន និងការសម្រុះសម្រួល ដើម្បីកសាងសុខសន្តិភាព» រៀបចំដោយការរិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ។
ក្នុងកម្មវិធីនេះ បូជនីយេសក៍ទាំងអស់ត្រូវធ្វើដំណើរថ្មើរជើងក្នុងចម្ងាយផ្លូវប្រមាណ ២០ គីឡូម៉ែត្រ ពីស្រុកថ្មគោលឆ្ពោះទៅព្រះសហគមន៍ទំពូង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦។
លោក ស៊ាន់ សារឿន ប្រធានការិយាល័យយុវជន ជំទង់ និងកុមារ ភូមិភាគភ្នំពេញ និងជាអ្នកសម្របសម្រួលកម្មវិធីឲ្យដឹងថា កម្មវិធីបូជនីចរលើកទី១៥នេះ មានគោលដៅចង់ឲ្យយុវជន យុវជនទាំងអស់យល់អំពីការចូលរួមសម្រុះសម្រួល យល់ពីកសាងសន្តិភាពក្នុងចិត្ត គ្រួសារ ឬក្នុងសង្គមគមន៍របស់គេរៀងៗខ្លួន ហើយក៏ត្រូវចូលរួមយ៉ាងសកម្មក្នុងកសាងសន្តិភាពនៅក្នុងព្រះសហគមន៍ និងក្នុងពិភពលោកទាំងមូលផងដែរ។
លោក ស៊ាន់ សារឿន បានបន្តថាយុវជន ទាំងអស់ពិតជាបានរួមសាមគ្គីគ្នា និងជួយគ្នាទៅវិញទៅពេលមកក្នុងពេលលំបាក ដែលនេះជាសញ្ញាមួយយ៉ាងល្អបង្ហាញពីការពូនជ្រុំសន្តិភាពឲ្យរីកលូតលាស់ចេញពីក្នុងចិត្តគំនិតរបស់ពួកគេម្នាក់ៗ។
លោកប្រធានការិយាល័យរូបនេះ បានផ្តាំផ្ញើដល់យុវជន យកចិត្តទុកដាក់អភិវឌ្ឍខ្លួនឲ្យបានច្រើនទៅតាមសមត្ថភាព ដើម្បីជាប្រយោជន៍ខ្លួនផ្ទាល់ និងសង្គមជាតិ និងត្រូវនៅឲ្យឆ្ងាយអំពីរឿងដែលសមង្គមស្អប់ខ្ពើម រួមមានល្បែងពាលា និងគ្រឿងញៀនជាដើម។
ក្នុងដំណើរបូជនីយចរនេះ ចែកចេញជាពីរដំណាក់កាលដោយមានការអប់រំសំខាន់ៗណែនាំដោយលោកអភិបាលអូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ។
ដំណាក់កាលទី១ លោកអភិបាល អូលីវីយ៉េ បានដាស់តឿនយុវជនទាំងអស់ឱ្យត្រៀមខ្លួនជានិច្ចក្នុងការកសាងសន្តិភាពរួមជាមួយព្រះជាម្ចាស់ តាមរយៈការយកចិត្តទុកដាក់កសាងសេចក្ដីសុខក្នុងចិត្តផ្ទាល់ខ្លួន ការរួមគ្នាកសាងសន្តិភាពដោយសម្រុះសម្រួលជាមួយព្រះជាម្ចាស់ និងសម្រុះសម្រួលជាមួយបងប្អូនដទៃទៀត។
លោកអភិបាលបានបន្តថា៖ «សុខសន្តិភាព មិនមែនត្រឹមតែជាការអវត្តមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែគឺជាការមានសុខដុមរមនា និងមានទំនាក់ទំនងក្នុងជីវិតដែលពោរពេញដោយអំណរមកពីព្រះជាម្ចាស់។»
លោកអភិបាលបន្ថែមថា សន្តិភាពគឺជាគម្រោងការ និងជាអំណោយទានរបស់ព្រះជាម្ចាស់ ហើយសូមឲ្យយុវជនទាំងអស់ធ្វើជា «ទូតនៃការសម្រុះសម្រួល» និងជា «ទូតនៃសន្តិភាព» ដើម្បីកសាងគ្រួសារតែមួយនៅលើផែនដីនេះប្រកបដោយសុខដុមរមនា។
ក្រោយពីបានធ្វើដំណើរក្នុងចម្ងាយផ្លូវប្រមាណ ៨ គីឡូម៉ែត្ររួចមក ក្បួនបូជនីយចរបានឈប់សម្រាកពិសាអាហារថ្ងៃត្រង់ និងបន្តទទួលការអប់រំណែនាំជាលើកទី២ ពីសំណាក់លោកអភិបាល អូលីវីយ៉េ។ លោកអភិបាលបានដាស់តឿនយុវជនឱ្យយកចិត្តទុកដាក់លើឥរិយាបថសំខាន់ៗក្នុងការកសាងសន្តិភាព និងសុខដុមរមនា។
លោកអភិបាលមានប្រសាសន៍ថា ការថែរក្សាចិត្តមេត្តាករុណា គឺថែរក្សាសេចក្ដីស្រឡាញ់ ព្រោះព្រះជាម្ចាស់គឺជាសេចក្ដីស្រឡាញ់ ដែលជាមូលដ្ឋានគ្រឹះរបស់គ្រីស្តបរិស័ទ។ ព្រះអង្គស្រឡាញ់យើង លើកលែងទោស និងដើររួមផ្លូវជាមួយយើងដើម្បីលើកទឹកចិត្តយើងជានិច្ច។
ម្យ៉ាងទៀតលោកអភិបាលបានជំរុញឲ្យយុវជនចេះដាក់ចិត្តបម្រើគ្នាទៅវិញទៅមក ដោយចិត្តរាបសារ និងបើកចិត្តទទួលស្វាគមន៍មនុស្សគ្រប់រូប។ លោកថា ព្រះនាងម៉ារី ជាគំរូមួយដ៏ពិសេស ក្នុងការបណ្តុះសន្តិភាពក្នុងចិត្តតាមរយៈចិត្តស្លូតបូតនេះ។
ចិត្តគំនិតបរិសុទ្ធក៏ជាចំណុចពិសេសមួយទៀត ដែលលោកអភិបាលរំលឹក ដោយឲ្យយុវជនរៀនសម្លឹងមើលមនុស្សជុំវិញខ្លួនក្នុងផ្លូវល្អ និងប្រកបដោយក្តីសង្ឃឹម។ លោកអភិបាលបានសង្កត់ធ្ងន់ថា៖ «ការស្អប់មិនមែនជាផ្លូវនៃការកសាងសន្តិភាពឡើយ។ យើងត្រូវភ្ញាក់ស្មារតី កុំបង្កើតវប្បធម៌នៃការស្អប់។ សន្តិភាពមានសារៈសំខាន់ណាស់... ក្នុងនាមជាគ្រីស្តបរិស័ទ យើងកសាងសន្តិភាពតាមរយៈការអធិដ្ឋាន ការលើកលែងទោស និងការសម្រុះសម្រួល»។
យាត កញ្ញា ជាគ្រីស្តបរិស័ទមកពីព្រះសហគមន៍ចំលាក់ក្នុងខេត្តត្បូងឃ្មុំ បាននិយាយថា កម្មវិធីនេះ បានជួយដល់រូបនាងច្រើនអំពីការសម្រុះសម្រួល និងការលើកលែងទោសឲ្យគ្នាទៅវិញទៅមក។
កញ្ញាបញ្ជាក់ថា «ខ្ញុំមិនសូវបានចាប់អារម្មណ៍អនុវត្តការការលើកលែងទោសទៅមនុស្សនៅជំវិញខ្លួន និងតែងមានចិត្តគុំគួនផងដែរ។» ប៉ុន្តែការអប់រំនេះ បានបំភ្លឺនាងឲ្យមានរបៀបមួយផ្សេង ហើយបានយល់អំពីសារៈសំខាន់ក្នុងការចូលរួមកសាងសន្តិភាព ដែលចាប់ផ្តើមពីយើងម្នាក់ៗ ហើយនាងនឹងយកគំនិតទាំងនេះ ទៅជំរុញដល់យុវជនដទៃទៀតក្នុងព្រះសហគមន៍របស់នាងដើម្បីសន្តិភាព។
បងប្រុស អេង សារ៉ង មកពីគ្រួសារបព្វជិតសាឡេស៊ាន បានដើររួមជាមួយយុវជនក្នុងកម្មវិធីបូជនីចរនេះ បាននិយាយថា ទោះជានឿយហត់ អស់កំលាំង និងឈឺជើងជាដើម តែយុវជនយើងបានជួយគ្នាទៅវិញទៅមកដោយក្តីស្រឡាញ់ ជាសកម្មភាពបញ្ជាក់អំពីសន្តិភាពដែលមាននៅក្នុងចិត្តរបស់ពួកគេ ទោះជាស្ថិតក្នុងគ្រាលំបាកក៏ដោយ។
បព្វជិតរូបនេះបានបន្តដោយប្រៀបធៀបការដើរនេះ ទៅនឹងជីវិតរស់នៅប្រចាំថ្ងៃ ទោះ«គ្រីស្តបរិស័ទតែងជួបឧបសគ្គ ... យើងត្រូវតែរួមដំណើរជាមួយព្រះជាម្ចាស់នៅគ្រប់ពេលវេលាទាំងអស់។»
សូមរំលឹកថាបូជនីយចរយុវជនកាតូលិកភូមិភាគភ្នំពេញ ឆ្នាំ២០២៦ បានចាប់ផ្ដើមប្រារព្ធឡើងយ៉ាងអធិកអធម កាលពីល្ងាចថ្ងៃសុក្រ ទី២៧ ខែកុម្ភៈ រហូតដល់ថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ នៅខេត្តបាត់ដំបង។ កម្មវិធីនេះរៀបចំដោយការិយាល័យកុមារ ជំទង់ និងយុវជននៃព្រះសហគមន៍ភូមិភាគភ្នំពេញ ដោយមានការចូលរួមពីសំណាក់លោកអភិបាលទាំងបីភូមិភាគ បូជាចារ្យ បព្វជិត បព្វជិតា និងយុវជនប្រមាណ ៣០០ នាក់៕
ដោយ ឆាក លាំង