មហាសន្និបាត FABC ៖ ការកែទម្រង់ព្រះសហគមន៍បែបស៊ីណូដាលនៅអាស៊ី ត្រូវចាប់ផ្តើមចេញពី «ព្រះបន្ទូលនៃព្រះជាម្ចាស់»
ការកែទម្រង់បែបស៊ីណូដាលរបស់ព្រះសហគមន៍កាតូលិកនៅទ្វីបអាស៊ី មិនត្រូវចាប់ផ្តើមចេញពីការបង្កើតរចនាសម្ព័ន្ធថ្មី ឬអភិបាលកិច្ចថ្មីៗនោះឡើយ ប៉ុន្តែត្រូវផ្អែកលើការជួបប្រសព្វយ៉ាងជ្រាលជ្រៅជាមួយនឹង «ព្រះបន្ទូលរបស់ព្រះជាម្ចាស់»។ នេះជាការថ្លែងឡើងដោយលោកឪពុកជេន ជេ ស្ទេហ្វានៅ (Jan J. Stefanów), SVD អគ្គលេខាធិការនៃសហព័ន្ធព្រះគម្ពីរកាតូលិក (Catholic Biblical Federation - CBF) នៅក្នុងមហាសន្និបាតវិសាមញ្ញលើកទី ១២ នៃសភាលោកអភិបាលកាតូលិកអាស៊ី (FABC) កាលពីថ្ងៃទី ២២ ខែកក្កដា កន្លងទៅនេះ។
ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារ Mulia ក្នុងទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពីសំណាក់ កាឌីណាល់ លោកអភិបាល លោកបូជាចារ្យ បព្វជិត-ជិតា និងប្រតិភូគ្រហស្ថមកពីទូទាំងទ្វីបអាស៊ី ក្រោមប្រធានបទ «ការផ្លាស់ប្តូរបែបស៊ីណូដាល និងបេសកកម្មធ្វើជាស្ពាន និងជាអ្នកកសាងស្ពាននៅអាស៊ី»។
នៅក្នុងបទបង្ហាញទៅកាន់អង្គសន្និបាត លោកឪពុក ជេន បានគូសបញ្ជាក់ថា បេសកកម្មរបស់ព្រះសហគមន៍ដែលធ្វើជាអ្នកកសាងស្ពានរវាងប្រជាជន វប្បធម៌ និងសាសនានានានៅអាស៊ី អាចសម្រេចទៅបានលុះត្រាតែមានឫសគល់រឹងមាំនៅក្នុងព្រះគម្ពីរ។
លោកឪពុកបានបញ្ជាក់យ៉ាងស៊ីជម្រៅថា៖ «ព្រះគម្ពីរ គឺជាស្ពានដំបូងបង្អស់ដែលព្រះជាម្ចាស់បានតភ្ជាប់ រវាងស្ថានបរមសុខ និងផែនដី។ រាល់ស្ពានដែលព្រះសហគមន៍កសាងឡើងជាបន្តបន្ទាប់ ជាមួយប្រជាជន វប្បធម៌ និងសាសនានានា គឺឈរនៅលើស្ពានដំបូងនោះ ដែលជាព្រះបន្ទូលរបស់ព្រះអង្គផ្ទាល់»
លោកឪពុកបានបន្ថែមថា ភាពជាស៊ីណូដាល មិនមែនជាវិធីសាស្ត្រនៃការរៀបចំរដ្ឋបាល ឬការធ្វើការសម្រេចចិត្តបែបលោកីយ៍នោះទេ ប៉ុន្តែជាដំណើរការផ្តើមចេញពីការស្តាប់ព្រះជាម្ចាស់មានព្រះបន្ទូលតាមរយៈព្រះគម្ពីរ។ ដោយយោងតាមឯកសារចុងក្រោយនៃមហាសន្និបាត លោកឪពុកបានសង្កត់ធ្ងន់ថា ការស្តាប់ព្រះបន្ទូលគឺជាចំណុចចាប់ផ្តើម និងជាខ្នាតវាស់វែងសម្រាប់ដំណើរការរិះគិតពិចារណារបស់ព្រះសហគមន៍។
លោកឪពុកបានមានប្រសាសន៍ថា៖ «ប្រសិនបើភាពជាស៊ីណូដាលមិនបានចាប់ផ្តើមចេញពីព្រះបន្ទូល វានឹងបាត់បង់គ្រឹះរបស់វា។ គ្មានស៊ីណូដាលណាដែលគ្មានការស្តាប់នោះឡើយ ហើយក៏គ្មានព្រះសហគមន៍ណាដែលស្តាប់យ៉ាងពិតប្រាកដនោះដែរ លុះត្រាតែព្រះសហគមន៍នោះស្តាប់ព្រះបន្ទូលជាមុនសិន»
ទោះបីជាព្រះជាម្ចាស់បន្តមានព្រះបន្ទូលតាមរយៈពិធីបុណ្យ ប្រពៃណីរស់រវើក ការអធិស្ឋាន សម្រែករបស់អ្នកក្រីក្រ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ធម្មជាតិ និងសតិសម្បជញ្ញៈរបស់មនុស្សយ៉ាងណាក៏ដោយ ក៏គ្រប់ទម្រង់នៃការស្តាប់ទាំងនេះសុទ្ធតែមានឫសគល់ចេញពីព្រះបន្ទូលនៅក្នុងព្រះគម្ពីរទាំងអស់។
ទន្ទឹមនឹងនេះ អគ្គលេខាធិការ CBF រូបនេះក៏បានអំពាវនាវឲ្យលោកអភិបាលនៅអាស៊ីរួមគ្នាដាស់ស្មារតី និងស្ដារការងារដោយពឹងលើព្រះគម្ពីរឡើងវិញ។ លោកបានរំឭកអំពីសមិទ្ធផលជាប្រវត្តិសាស្ត្រនាពេលកន្លងមក ដូចជាការបង្កើត «វិទ្យាស្ថានរបស់លោកអភិបាលសម្រាប់ភាពជាគ្រីស្តទូតនៃព្រះគម្ពីរ» (Bishops' Institute for the Biblical Apostolate - BIBA) ដែលបានសហការជាមួយ CBF ជាច្រើនទសវត្សរ៍ក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលធំៗដូចជា BIBA II នៅម៉ាឡេស៊ី (ឆ្នាំ ១៩៩៩), BIBA III (ឆ្នាំ ២០១០) និង BIBA IV (ឆ្នាំ ២០១៣) ជាដើម។
ថ្វីបើចលនាBIBAមានការថមថយសន្ទុះក្នុងមួយទសវត្សរ៍ចុងក្រោយនេះក៏ដោយ ប៉ុន្តែលោកឪពុកបានសម្តែងការជឿជាក់ថា មហាសន្និបាត FABC លើកនេះគឺជាឱកាសដ៏ល្អបំផុតក្នុងការដាស់ស្មារតីនេះឡើងវិញ ដោយលោកបានបញ្ជាក់ថា៖ «គ្មានអ្វីត្រូវបាត់បង់ពិតប្រាកដនោះឡើយ។ មរតកដ៏សម្បូរបែបនោះនៅតែមាននៅទីនោះ។ ប៉ុន្តែថាមពលដ៏រស់រវើកដែលធ្លាប់តែមានពីមុន ឥឡូវនេះហាក់ដូចជាកំពុងរង់ចាំការស្ដារឡើងវិញ»
លោកឪពុក ជេន បានបញ្ជាក់បន្ថែមថា គោលបំណងចម្បងមិនមែនជាការបង្កើតកម្មវិធីថ្មីបន្ថែមទៀតនោះទេ ប៉ុន្តែគឺការធ្វើឱ្យព្រះគម្ពីរប្រែជាប្រភពនៃការបំផុសគំនិតសម្រាប់គ្រប់ទិដ្ឋភាពនៃបេសកកម្មគង្វាលកិច្ច របស់ព្រះសហគមន៍ ដូចដែលមានចែងក្នុងលិខិតទូន្មាន Verbum Domini របស់សម្តេចប៉ាប បេណេឌីកទី ១៦ ដោយលោកបានលើកឡើងថា៖ «ព្រះគម្ពីរ ត្រូវតែប្រែជាប្រភពនៃការបំផុសគំនិតសម្រាប់ជីវិត គង្វាលកិច្ចទាំងមូលរបស់ព្រះសហគមន៍»។
ដើម្បីទ្រទ្រង់ការផ្លាស់ប្តូរបែបស៊ីណូដាលឱ្យមាននិរន្តរភាព ព្រះសហគមន៍នៅអាស៊ីត្រូវការស្ត្រី និងបុរសបន្ថែមទៀតដែលត្រូវបានបណ្តុះបណ្តាលឱ្យចេះអានព្រះគម្ពីរ ស្តាប់ដោយបេះដូងបើកទូលាយ និងរួមគ្នាបែងចែកខុសត្រូវ។ សហព័ន្ធកាតូលិកពិភពលោក (CBF) បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រព្រះសហគមន៍នៅអាស៊ីតាមរយៈបណ្តាញអន្តរជាតិ ធនធានបណ្តុះបណ្តាល និងកិច្ចសហប្រតិបត្តិការនានា។
ជាចុងក្រោយ លោកឪពុកបានសន្និដ្ឋានថា ការកែទម្រង់ដែលព្រះសហគមន៍កំពុងស្វែងរក នឹងមិនត្រូវវាស់វែងដោយការផ្លាស់ប្តូររចនាសម្ព័ន្ធរដ្ឋបាលនោះឡើយ ប៉ុន្តែវាស់វែងដោយបេះដូងដែលត្រូវបានផ្លាស់ប្តូរតាមរយៈព្រះបន្ទូលរបស់ព្រះ ដែលជាគ្រឹះអនុញ្ញាតឱ្យព្រះសហគមន៍យល់ឃើញពីព្រះហឫទ័យរបស់ព្រះ ដើររួមគ្នានៅក្នុងជំនឿ និងបំពេញបេសកកម្មធ្វើជាស្ពាននៃសេចក្តីសង្ឃឹមនៅទូទាំងទ្វីបអាស៊ី៕