ក្រសួងមហាផ្ទៃ សម្រេចផ្អាកការងារលោកឧត្ដមសេនីយ៍ឯក រុន រ័ត្នវាសនា បណ្ដោះអាសន្ន
ក្រសួងមហាផ្ទៃបានសម្រេចផ្អាកការងារ និងមុខតំណែងលោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ជាបណ្ដោះអាសន្ន ដើម្បីបន្តនីតិវិធីក្នុងការស្រាវជ្រាវ។ ការសម្រេចផ្អាកមុខតំណែង និងភារកិច្ចបណ្តោះអាសន្ននេះ គឺធ្វើឡើងដើម្បីអនុវត្តតាមនីតិវិធីនៃការស្រាវជ្រាវ និងពិនិត្យមើលភាពមិនប្រក្រតីនានា។
កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ នៅចន្លោះពី ១៧:០០ នាទី ដល់ ១៨:០០ នាទី នៅចំណុចក្រោយក្រុមហ៊ុនទូរស័ព្ទសែលកាត មានក្រុមមនុស្សមួយក្រុមអះអាងថាខ្លួនជា «នគរបាលទេសចរណ៍» ដឹកនាំដោយឈ្មោះ រុន រ័ត្នវាសនា បានមកចាប់បង្ខំជនរងគ្រោះបញ្ចូលឡាន រួចនាំយកទៅបង្ខាំងទុកនៅនាយកដ្ឋាននគរបាលទេសចរណ៍ នៃក្រសួងមហាផ្ទៃ ដោយគ្មានដីកា ឬការដឹងឮពីព្រះរាជអាជ្ញានោះឡើយ។
ក្រោយមក ក្រុម«នគរបាលទេសចរណ៍» ឈ្មោះ លីម កុក ជាំង, ឡាច បុប្ផាភក្ដី, រុន រ័ត្នវាសនា បានព្យាយាមសម្លុត និងបង្ខំឱ្យជនរងគ្រោះបើកលុយពីគណនីធនាគារអេស៊ីលីដារបស់បងស្រីជនរងគ្រោះ (ឈ្មោះ សុខ គីម)។ ពួកគេថែមទាំងបាននាំជនរងគ្រោះទៅបង្ខាំងទុកបន្តនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងបង្ខំឱ្យបងស្រីជនរងគ្រោះមកផ្តិតមេដៃលើឯកសារមួយចំនួនទៀតផង។
លុះដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមជនសង្ស័យបាននាំខ្លួនជនរងគ្រោះទៅកាន់ធនាគារអេស៊ីលីដា ទីស្នាក់ការកណ្តាលដូនពេញ ដើម្បីបង្ខំឱ្យបងស្រីជនរងគ្រោះដកប្រាក់ចំនួន ៥០៥ ០០០ ដុល្លារ (ហាសិបម៉ឺន ប្រាំពាន់ ដុល្លារអាមេរិក) ដោយបានគំរាមថា បើមិនដកប្រាក់ឱ្យទេ ពួកគេនឹងយកជនរងគ្រោះទៅដាក់គុក ២០ ឆ្នាំ។ ក្រោយពីទទួលបានប្រាក់ហើយ ទើបពួកគេព្រមដោះ លែងជនរងគ្រោះឱ្យមានសេរីភាពវិញនៅវេលាម៉ោងប្រហែល ១៦:០០ នាទីរសៀល។
ពាក់ព័ន្ធនឹងបញ្ហានេះ នាយកដ្ឋាននគរបាលទេសចរណ៍ បានចេញសេចក្តីបំភ្លឺ បដិសេធទាំងស្រុងចំពោះការចោទប្រកាន់លើបណ្តាញសង្គមថា សមត្ថកិច្ចបានធ្វើការចាប់ខ្លួន បង្ខាំង និងគំរាមកំហែងជំរិតទារប្រាក់ចំនួន ៥០ម៉ឺនដុល្លារ ដោយបញ្ជាក់ថា នេះជាករណីសម្របសម្រួលដោះស្រាយ ករណីបុគ្គលិកសង្ស័យលួចប្រាក់ក្រុមហ៊ុនជិត ២លានដុល្លារ។
ក្នុងអំឡុងពេលនៃការផ្អាកការងារបណ្តោះអាសន្ននេះ លោកឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ត្រូវចូលខ្លួនមកបង្ហាញមុខនៅគ្រប់ម៉ោងធ្វើការ ដើម្បីរង់ចាំការកោះហៅ និងចូលរួមសហការក្នុងនីតិវិធីស្រាវជ្រាវរបស់ក្រសួងមហាផ្ទៃ រហូតដល់មានសេចក្តីសម្រេចជាថ្មី៕