ភាពយន្តគំនូរជីវចលសិង្ហបុរីដែលឈ្នះពានរង្វាន់ បង្ហាញពីអានុភាពដ៏រឹងមាំនៃមិត្តភាព និងតន្ត្រី

អានុភាពដ៏រឹងមាំនៃមិត្តភាព និងតន្ត្រី គឺជាខ្លឹមសារសំខាន់នៃភាពយន្តមួយដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍កក់ក្តៅ និងរំជួលចិត្ត តាមរយៈបទភ្លេងដ៏ពីរោះរណ្ដំ រួមទាំងការបញ្ជាក់យ៉ាងមុតមាំថា មិត្តភាពរបស់មនុស្សអាចយកឈ្នះលើគ្រោះមហន្តរាយ ពេលវេលា និងគម្លាតចម្ងាយបាន។

ដោយសារតែអានុភាព និងភាពលេចធ្លោនេះហើយ ទើបភាពយន្តគំនូរជីវចលរបស់សិង្ហបុរីដែលមានចំណងជើងថា «អ្នកលេងវីយូឡុង» (The Violinist) ដែលកំពុងចាក់បញ្ចាំងនៅប្រទេសសិង្ហបុរី បានឈ្នះពានរង្វាន់ Cristal នៅក្នុងមហោស្រពភាពយន្តគំនូរជីវចលអន្តរជាតិ Annecy នៃប្រទេសបារាំង កាលពីខែមិថុនា កន្លងទៅ។

ភាពយន្តគំនូរជីវចលនេះដឹកនាំដោយលោក អេវិន ហាន (Ervin Han) ជនជាតិសិង្ហបុរី និងលោក រ៉ាអ៊ូល ហ្គាស៊ីយ៉ា (Raúl García) ជាសហអ្នកដឹកនាំរឿងជនជាតិអេស្ប៉ាញ និងជាអ្នកជំនាញផ្នែកគំនូរជីវចលជើងចាស់។ ភាពយន្តនេះក៏ទទួលបានពានរង្វាន់ SACEM សម្រាប់បទភ្លេងដើម (Soundtrack) ល្អបំផុតនៅក្នុងប្រភេទទស្សនីយភាពភាពយន្តខ្នាតវែងផងដែរ។

សាច់រឿងនេះគ្របដណ្តប់លើប្រវត្តិសាស្ត្រជាច្រើនទសវត្សរ៍របស់សិង្ហបុរី និងម៉ាឡាយ៉ា រាប់ចាប់តាំងពីសម័យអាណានិគម ការកាន់កាប់ដោយកងទ័ពជប៉ុន និងសម័យកាលដ៏លំបាកក្រោយសង្គ្រាម។ រឿងនេះបង្ហាញពីដំណើរជីវិតរបស់កុមារីជនជាតិសិង្ហបុរីម្នាក់មកពីគ្រួសារអភិជនឈ្មោះ ហ្វី (Fei) និងមិត្តភាពរបស់នាងជាមួយក្មេងប្រុសកំព្រាម្នាក់ឈ្មោះ កៃ (Kai) ដែលត្រូវបានមើលថែទាំដោយអ្នកបម្រើក្នុងគេហដ្ឋានរបស់នាង។

ភាពយន្តនេះចាប់ផ្តើមនៅសម័យបច្ចុប្បន្ន ដោយមានអ្នកសារព័ត៌មានជនជាតិអេស្ប៉ាញម្នាក់សម្ភាសស្ត្រីចំណាស់ម្នាក់ឈ្មោះ ម៉ាដាម លី (Madame Lee) ដែលធ្លាប់ជាអ្នកលេងវីយូឡុងដ៏ល្បីល្បាញ។ គាត់ត្រូវបានគេសួរថា ហេតុអ្វីបានជាគាត់ប្រើវីយូឡុងតែមួយដើមគត់សម្រាប់ការសម្តែងរបស់គាត់អស់រយៈពេលជាច្រើនឆ្នាំមកនេះ? បន្ទាប់មក រឿងរ៉ាវជីវិតរបស់គាត់ត្រូវបានលាតត្រដាងឡើងវិញ តាមរយៈការរំឭកដល់អតីតកាល។

យើងឃើញ ម៉ាដាម លី កាលនៅជាយុវតីឈ្មោះ ហ្វី គឺជាអ្នកលេងវីយូឡុងដ៏មានទេពកោសល្យ និងមានអនាគតភ្លឺស្វាង។ នាងកំពុងត្រៀមខ្លួនសម្រាប់ការសម្តែងលើកដំបូងរបស់ខ្លួននៅឯគេហដ្ឋានរបស់ទេសាភិបាលអង់គ្លេស។ ប៉ុន្តែ ដៃគូលេងវីយូឡុងរបស់នាងស្រាប់តែធ្លាក់ខ្លួនឈឺភ្លាមៗ ដែលធ្វើឱ្យនាងប្រឈមមុខនឹងហានិភ័យនៃការខកខានមិនបានចូលរួមក្នុងព្រឹត្តិការណ៍ដ៏សំខាន់ដែលទន្ទឹងរង់ចាំជាយូរមកហើយ។ នៅពេលនោះហើយដែល កៃ ដែលធ្លាប់បានលួចរៀនលេងវីយូឡុងដោយសម្ងាត់ពីគ្រូរបស់ ហ្វី បានស្ម័គ្រចិត្តចូលខ្លួនមកធ្វើជាដៃគូលេងវីយូឡុងជំនួស។ ការសម្តែងដ៏អស្ចារ្យដែលមិននឹកស្មានដល់របស់គេ ទទួលបានការកោតសរសើរយ៉ាងខ្លាំង ជាពិសេសនៅពេលដែលគេដឹងថា កៃ មានទេពកោសល្យតន្ត្រីដ៏អស្ចារ្យ អាចលេងភ្លេងបានដោយគ្រាន់តែស្តាប់តាមត្រចៀក ដោយមិនចាំបាច់មើលសន្លឹកតន្ត្រី (Musical notation) ឡើយ។

អ្វីដែលកើតឡើងបន្ទាប់មក គឺជាចំណងមិត្តភាព និងដៃគូតន្ត្រីដ៏រឹងមាំយូរអង្វែងរវាង ហ្វី និង កៃ ខណៈដែលពួកគេបានសម្តែងនៅតាមព្រឹត្តិការណ៍ផ្សេងៗក្នុងប្រទេសសិង្ហបុរី រាប់ចាប់តាំងពីសាលប្រគំតន្ត្រីដ៏ប្រណីត រហូតដល់ការសម្តែងជូនកម្មករដែលកំពុងធ្វើការយ៉ាងនឿយហត់នៅតាមបណ្តោយដងទន្លេសិង្ហបុរី។

ទោះជាយ៉ាងណាក៏ដោយ មិត្តភាពរបស់ពួកគេត្រូវបានសាកល្បងយ៉ាងធ្ងន់ធ្ងរ នៅពេលដែលភ្លើងសង្គ្រាមបានផ្ទុះឡើងនៅម៉ាឡាយ៉ា និងសិង្ហបុរី ហើយ កៃ បានសម្រេចចិត្តចូលរួមជាមួយវីរបុរសតស៊ូឈ្មោះ លីម បូសេង (Lim Bo Seng) ក្នុងចលនាតស៊ូប្រឆាំងនឹងជប៉ុន។ កៃ បានចាកចេញពីសិង្ហបុរី ប៉ុន្តែមុនពេលចេញដំណើរ គេបាននិពន្ធផ្នែកមួយនៃបទ "Sunset Sonata" ដែលជាបទភ្លេងវីយូឡុងដ៏ពីរោះរណ្ដំ និងគួរឱ្យចងចាំ ហើយបទនេះត្រូវបានបញ្ចូលជាសាច់ភ្លេងអមសាច់រឿងទាំងមូល។ គេបានប្រគល់វីយូឡុង និងស្នាដៃនិពន្ធរបស់ខ្លួនទៅឱ្យ ហ្វី រក្សាទុកមុនពេលចាកចេញ។

បន្ទាប់មក ភាពយន្តបានបង្ហាញពីជីវិតរបស់ ហ្វី ក្នុងអំឡុងពេលសង្គ្រាម ដោយនាងនៅតែប្រកាន់ខ្ជាប់នូវក្តីសង្ឃឹមថា ថ្ងៃណាមួយ កៃ នឹងត្រឡប់មកវិញដើម្បីបញ្ចប់ស្នាដៃនិពន្ធនោះ ហើយពួកគេអាចសម្តែងបទនោះរួមគ្នាជាថ្មី។ បន្ទាប់ពីសង្គ្រាមបានបញ្ចប់ នៅពេលដែលនាងនៅតែមិនទាន់ទទួលបានដំណឹងពី កៃ សោះនោះ ហ្វី បានសម្រេចចិត្តខិតខំក្លាយជាអ្នកលេងវីយូឡុងដ៏ពូកែបំផុតតាមដែលអាចធ្វើទៅបាន និងបានចេញដើរសម្តែងនៅជុំវិញតំបន់នោះ ដោយក្តីសង្ឃឹមថានឹងអាចជួប កៃ ម្តងទៀត។ រាល់ពេលដែលនាងឮសូរសំឡេងតន្ត្រីខ្លីៗពីបទ Sonata ដែលមិនទាន់បានបញ្ចប់របស់ កៃ ឬឃើញស្រមោលរបស់អ្នកទស្សនាម្នាក់ដែលកំពុងសម្លឹងមើលនាងពេលកំពុងថតរូបជាមួយប្រព័ន្ធផ្សព្វផ្សាយ នាងតែងតែជឿជាក់ក្នុងចិត្តថា នាងជិតបានជួបជុំជាមួយ កៃ វិញហើយ។

Daily Program

Livesteam thumbnail
khmer popup image