បុរីវ៉ាទីកង់ថា បំណុលនៅបន្តជាវដ្តនៃភាពក្រីក្រ និងវិសមភាពរបស់មនុស្សជាតិ

អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់បុរីវ៉ាទីកង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានបន្តអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីយកឈ្នះលើវិសមភាពសកលដែលកាន់តែធ្ងន់ធ្ងរឡើងដោយសារតែបញ្ហាបំណុល។

ថ្លែងនៅក្នុងសម័យប្រជុំធម្មតាលើកទី ៦១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ អ្នកសង្កេតការណ៍អចិន្ត្រៃយ៍របស់បុរីវ៉ាទីកង់ លោកអគ្គអភិបាល អេទ័រ បាឡេស្តេរ៉ូ (Ettore Balestrero)បានថ្កោលទោសផលប៉ះពាល់នៃបំណុលបរទេសលើប្រទេសកំពុងអភិវឌ្ឍន៍ ដែលបង្កវដ្តនៃភាពក្រីក្រ និងវិសមភាពកាន់តែខ្លាំង។

លោកអគ្គអភិបាលបានពិពណ៌នាអំពីបំណុលថាជាបញ្ហាសីលធម៌ និងសិទ្ធិមនុស្សដែលធ្វើឲ្យអ្នកដែលងាយរងគ្រោះបំផុតកាន់តែរងគ្រោះបន្ថែមទៀត។

លោកអគ្គអភិបាលបានមានប្រសាសន៍ថា នៅក្នុងប្រទេសជាច្រើន  ការទូទាត់បំណុលវាលើសពីធនធានដើម្បីបំពេញតម្រូវការជាមូលដ្ឋានដូចជាអាហារ ទឹកស្អាត សុខភាព លំនៅដ្ឋាន និងការការពារសង្គមរបស់ពលរដ្ឋ។

លោកបានបន្ថែមថា នៅពេលដែលបន្ទុកបំណុលកាន់តែធ្ងន់ធ្ងរ រដ្ឋនានាប្រឈមមុខនឹងជម្រើសដែលមិនអាចទៅរួចនៅក្នុងការសងបំណុលម្ចាស់បំណុល ឬបំពេញកាតព្វកិច្ចជាមូលដ្ឋានចំពោះប្រជាជនរបស់ពួកគេ៕

Daily Program

Livesteam thumbnail